ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងស្រែករកព្រះអម្ចាស់ ដែលជាព្រះបានបង្កើតផ្ទៃមេឃនិងផែនដី ដើម្បីសុំឱ្យព្រះអង្គធ្វើជាជំនួយទៅដល់ប្រជារាស្រ្តអ៊ីស្រាអែលនៅពេលពួកគេកំពុងឈឺចាប់ និងសូមឱ្យព្រះអង្គមើលថែរក្សាពួកគេដោយព្រះទ័យមេត្តាករុណា។ ការទៅរកព្រះដំណាក់នៃព្រះ នោះនាំឱ្យយើងមានអំណរ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងពី ១២០ ដល់ ១៣៤ គឺជាចម្រៀងនៃការតម្កើងឡើង (បទបញ្ញត្តិ)។ ទំនុកតម្កើងទាំងប៉ុន្មាន ដែល ស្ដេច ដាវីឌ ស្ដេច សាឡូម៉ូន និងប្រហែលជា ស្ដេច ហេសេគា បានតាក់តែង សុទ្ធតែបានយកមកច្រៀងនៅតាមផ្លូវធ្វើដំណើរទៅក្រុងយេរូសាឡឹម សម្រាប់ពិធីអបអរជាប្រចាំឆ្នាំ។ ក្នុងខណៈពេលដែលក្រុមគ្រួសាររបស់ជាតិសាសន៍អ៊ីស្រាអែលសម្លឹងមើលទៅឯភ្នំទាំងប៉ុន្មាន នៅព័ទ្ធជុំវិញក្រុងយេរូសាឡឹម នោះពួកគេពិតជាបានងើយភ្នែករបស់ពួកគេ សម្លឹងមើលទៅឯព្រះអម្ចាស់ ដែលនៅទីនោះមានព្រះវត្តមាននៃព្រះ គង់នៅក្នុងព្រះវិហារ នៅឯទីក្រុងដ៏បរិសុទ្ធ។ ពួកគេអាចដើរដោយមានទំនុកចិត្ត ដោយព្រោះតែព្រះដែលពួកគេបានថ្វាយបង្គំ និងបានចូលទៅគាល់ នៅក្នុងសភាពមានទុក្ខព្រួយនិងឈឺចាប់ នោះព្រះអង្គគឺជាព្រះអាទិករដែលបានបង្កើតរាល់គ្រប់អ្វីៗទាំងអស់ – ទ្រង់ជាជំនួយ ជាអ្នកថែរក្សា និងជាអ្នកការពារ។ ឱកាសនៃការយើងអាចបង្ហាញពីការថ្វាយបង្គំព្រះដ៏ពិត និងមានព្រះជន្មគង់នៅ នៅឯទីសាធារណៈ នោះនឹងនាំឱ្យយើងទទួលបានអំណរយ៉ាងហូរហៀរ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើអ្នកបែរទៅរកជំនួយនៅឯណាដែរ? គ្មានបញ្ហាណាដែលធំពេកសម្រាប់ព្រះអម្ចាស់ឡើយ។ ព្រះអង្គកំពុងរង់ចាំអ្នក ដើម្បីឱ្យអ្នកសម្លឹងមើលទៅរកព្រះអង្គ សម្រាប់រាល់តម្រូវការដែលអ្នកមាន។ របៀបមួយដែលអ្នកអាចបន្តដាក់ភ្នែករបស់អ្នក សម្លឹងទៅរកព្រះអម្ចាស់ ជាព្រះដែលជួយ ថែរក្សា និងការពារ នោះគឺដោយអ្នកត្រូវទៅចូលរួមក្នុងក្រុមជំនុំជាប្រចាំ។ ការថ្វាយបង្គំរួមគ្នា នោះគឺជាប្រភពដ៏អស្ចារ្យនៃកម្លាំង សម្រាប់សប្ដាហ៍ខាងមុខ ក្នុងខណៈពេលអ្នកប្រមែប្រមូលអ្នកជឿដទៃផ្សេងទៀត ដើម្បីឱ្យគេមកសរសើរតម្កើង និងថ្វាយបង្គំព្រះ និងលើកទឹកចិត្តដល់គ្នាទៅវិញទៅមក។ តើអ្នកស្រេកឃ្លានទន្ទឹងរង់ចាំឱកាស ដើម្បីបានថ្វាយបង្គំព្រះជាសាធារណៈជាមួយនឹងគ្រួសារនៃក្រុមជំនុំរបស់អ្នកដែរឬទេ? ចូរផ្ដោតចិត្តគំនិតរបស់អ្នក នៅអំឡុងសប្ដាហ៍នេះ ចំពោះចរិតលក្ខណៈនៃព្រះ ហើយនិងភាពស្មោះត្រង់ពីអតីតកាលរបស់ព្រះ នោះការទាំងនេះ នឹងជួយឱ្យអ្នកអាចទន្ទឹងចាំពេញដោយអំណរ នៅពេលដែលអ្នកថ្វាយការសរសើរតម្កើងដល់ព្រះជាសាធារណៈ។
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









