ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានស្រែកអង្វរឱ្យជាតិសាសន៍អ៊ីស្រាអែល សរសើរតម្កើងដល់ព្រះជាអម្ចាស់ ហើយថ្វាយការអរព្រះគុណដល់ព្រះនៃស្ថានសួគ៌។ ក្ដីស្រឡាញ់ (ក្ដីមេត្តាករុណា) របស់ព្រះអង្គ គឺនៅស្ថិតស្ថេរជាដរាប។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
កវីដែលបានតាក់តែង គាត់ពុំអាចនៅស្ងៀម ដោយព្រោះការកោតសរសើរ និងការចង់ថ្លែងតម្កើងដល់ព្រះ នោះមានពេញក្នុងគំនិតអារម្មណ៍ នៅពេលណាដែលគាត់គិតអំពីភាពដ៏ឧត្ដុងឧត្ដមនៃព្រះជាម្ចាស់។ ព្រះអម្ចាស់បានបង្កើតរាល់គ្រប់របស់សព្វសារពើ ហើយព្រះអង្គជាព្រះ ដែលគ្រងរាជ្យលើគ្រប់អ្វីៗទាំងអស់។ គំនិតអំពីចរិតលក្ខណៈដ៏គួរឱ្យស្ញប់ស្ញែងនៃព្រះ គំនិតពីស្នាព្រះហស្ដប្រកបដោយព្រះចេស្ដាក្នុងការបង្កើតធម្មជាតិ និងគំនិតពីការប្រោសលោះ ការការពារ និងការមើលថែរក្សាយ៉ាងអស្ចារ្យ សម្រាប់ប្រជារាស្រ្តអ៊ីស្រាអែល បានបណ្ដាលឱ្យអ្នកនិពន្ធ នៅមិនស្ងៀមឡើយ។ គាត់បានលោតរាំ ស្រែកច្រៀងនូវបទចម្រៀងនៃការសរសើរតម្កើង និងថ្វាយការអរព្រះគុណដល់ព្រះ។ គាត់បានមើលឃើញពីទង្វើដ៏ឆ្កួតលីលានៃការថ្វាយបង្គំព្រះក្លែងក្លាយ ដែលមនុស្សគេបានធ្វើដោយដៃរបស់គេ។ ពួកជាតិសាសន៍អ៊ីស្រាអែលបានបម្រើដល់ព្រះ ដែលមានពេញដោយព្រះទ័យសន្ដោសមេត្តា មានក្ដីស្រឡាញ់ មានភាពប្រណី និងគង់នៅអស់កល្បជានិច្ច។ កវីទំនុកតម្កើងបានជំរុញលើកទឹកចិត្តឱ្យមនុស្សនៅជុំវិញគាត់ លើកសរសើរតម្កើងព្រះជាម្ចាស់ សម្រាប់ភាពជាព្រះ និងថ្វាយការអរព្រះគុណដល់ព្រះ ចំពោះរាល់ការទាំងអម្បាលម៉ាន ដែលព្រះអង្គបានធ្វើ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ការសរសើរតម្កើង និងការថ្វាយការអរព្រះគុណរបស់អ្នក នោះជាទង្វើដែលនាំឱ្យព្រះពេញព្រះទ័យ។ ព្រះអង្គមិនត្រូវការទង្វើទាំងនេះនោះទេ ប៉ុន្តែ ព្រះអង្គស្រឡាញ់ នៅពេលណាដែលអ្នកថ្លែងពីការអស់ទាំងនោះ។ ចូរចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតពីភាពជាព្រះរបស់ព្រះជាម្ចាស់ ហើយចូរជញ្ជឹងគិតពីរាល់អ្វីៗដែលព្រះអង្គបានធ្វើសម្រាប់រូបអ្នកផ្ទាល់។ តើអ្នក ដូចជាកវីទំនុកតម្កើងទាំងនេះ ដោយមើលឃើញពីភាពស្មោះត្រង់នៃព្រះ ក្នុងខណៈពេលដែលព្រះអង្គបានដើររួមជាមួយនឹងរូបអ្នក ដែរឬទេ? តើមានបទចម្រៀងណា ដែលនាំឱ្យអ្នកមានពេញដោយចិត្តស្ញប់ស្ញែង រហូតដល់ជំរុញឱ្យអ្នកថ្វាយបង្គំ លើកសរសើរតម្កើងព្រះ ហើយថ្វាយសិរីរុងរឿងទៅព្រះអង្គ? ចូរច្រៀងចម្រៀងទាំងនោះឱ្យបានឮៗ នៅក្នុងអំឡុងពេលសប្ដាហ៍នេះ នៅម៉ោងថ្វាយបង្គំផ្ទាល់ខ្លួនរបស់អ្នក មិនថាជាអ្នកនៅផ្ទះ ឬនៅក្នុងឡានរបស់អ្នកនោះទេ។ នៅថ្ងៃនេះ ចូរអនុញ្ញាតឱ្យអត្តចរិត ពាក្យសម្ដី និងសកម្មភាពរបស់អ្នក បង្ហាញអំពីការទទួលស្គាល់ចំពោះភាពដ៏ឧត្ដុងឧត្ដមយ៉ាងអស្ចារ្យនៃចរិតលក្ខណៈរបស់ព្រះ ហើយនិងការដឹងគុណរបស់អ្នកចំពោះព្រះអង្គ សម្រាប់រាល់គ្រប់ទាំងផ្លូវដែលព្រះអង្គបានធ្វើនៅក្នុងជីវិតរបស់អ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More