ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ បានសច្ចាថាគាត់នឹងសាងសង់ព្រះដំណាក់សម្រាប់ព្រះ ហើយព្រះបានសន្យាថាកូនចៅរបស់គាត់នឹងគ្រងរាជ្យជាដរាប ប្រសិនបើពួកគេដើរតាមព្រះអង្គ។ ប្រជារាស្រ្តរបស់ព្រះគួរតែសរសើរតម្កើងព្រះ នៅក្នុងព្រះដំណាក់នៃព្រះ ហើយគេគួរតែរួបរួមគ្នា។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងបីចុងក្រោយ នៅក្នុងទំនុកចម្រៀងសម្រាប់គ្រាតម្កើងឡើង បានណែនាំឱ្យប្រជាជាតិអ៊ីស្រាអែល ផ្ដោតចិត្តទៅលើអ្វីដែលជាស្នូលនៃការថ្វាយបង្គំរបស់ពួកគេ – ដែលនោះគឺជាព្រះដំណាក់នៃព្រះ។ ពាក្យសច្ចារបស់ ស្ដេច ដាវីឌ ក្នុងការសាងសង់ព្រះដំណាក់ថ្វាយដល់ព្រះ នោះបានដាក់ទម្ងន់យ៉ាងធ្ងន់នៅលើចិត្តគំនិតរបស់ពួកគេ នៅក្នុងអំឡុងពេលដំបូងៗនៃការគ្រងរាជ្យរបស់ ស្ដេច ដាវីឌ។ ប៉ុន្តែសេចក្ដីនេះ មិនមែនជាបំណងព្រះហឫទ័យនៃព្រះ នោះទេ។ បុត្ររបស់ស្ដេច ដែលជា ស្ដេច សាឡូម៉ូន នោះទេ ដែលនឹងត្រូវសាងសង់ព្រះដំណាក់ ដែលជាទីអាស្រ័យថ្វាយទៅដល់ព្រះ ដែលកុលសម្ព័ន្ធទាំងប៉ុន្មាននៃពួកអ៊ីស្រាអែលអាចរួបរួមគ្នាចូលមក ដើម្បីថ្វាយបង្គំ។ គោលបំណងរួមតែមួយរបស់ពួកគេ នោះគឺមក ដើម្បីច្រៀងចម្រៀងនៃអំណរ និងស្វែងរកព្រះពរនៃព្រះ ហើយលើកសរសើរតម្កើងព្រះអង្គ ក្នុងនាមទ្រង់ជាព្រះ ដែលបានបង្កើតផ្ទៃមេឃ (ស្ថានសួគ៌) ហើយនិងផែនដី។ កវីទំនុកតម្កើង បានថ្លែងឡើងសាជាថ្មី ពីសេចក្ដីសន្យាទាំងឡាយរបស់ព្រះ នៅពេលដែលព្រះអង្គបានជ្រើសរើសពួករាស្រ្តអ៊ីស្រាអែល ឱ្យធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គ ហើយឱ្យ ដាវីឌ ធ្វើជាព្រះមហាក្សត្រ នៅក្នុងលក្ខខណ្ឌ ដោយឱ្យពួកគេត្រូវចេះស្ដាប់បង្គាប់ និងគោរពដើរតាមព្រះ អស់មួយជីវិតរបស់ពួកគេ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ការដ៏អស្ចារ្យជាច្រើនអាចសម្រេចទៅបាន នៅពេលណាដែលក្រុមគ្រួសារមួយ ឬសមាជិកសហគមន៍មួយ រស់នៅក្រោមគោលបំណងតែមួយ។ ប្រសិនបើមានក្រុមមនុស្សណានឹងបង្ហាញពីភាពសុខសាន្តនិងការសាមគ្គីភាពគ្នាបែបដូច្នេះ នោះពួកគេគឺជាក្រុមជំនុំនៃអង្គព្រះយេស៊ូ(វ) គ្រីស្ទ ពិតមែន។ តើអ្នកមានគោលបំណងអ្វីនៅក្នុងដួងចិត្តនិងគំនិតរបស់អ្នក ក្នុងខណៈពេលដែលអ្នកធ្វើដំណើរទៅឯក្រុមជំនុំពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍? តើអ្នកជាប់រវល់តែរឿងរ៉ាវក្នុងក្រុមគ្រួសារ ឬភាពផ្សេងៗពីគ្នារវាងសមាជិកក្រុមជំនុំ ឬក៏គិតតែពីឱកាសនៃការចង់បង្កើតបណ្ដាញទំនាក់ទំនង សម្រាប់មុខជំនួញរបស់អ្នក? ក្នុងនាមជាប្រជារាស្រ្តរបស់ព្រះ យើងគួរតែត្រេកអរចំពោះពេលវេលា ដែលយើងអាចចំណាយពេលរួមជាមួយគ្នា នៅគ្រាយើងថ្វាយបង្គំ។ យើងប្រហែលជាពុំអាចមានសិទ្ធិសេរីភាពរហូត ដើម្បីមកជួបជុំគ្នាថ្វាយបង្គំព្រះនាមរបស់ព្រះយេស៊ូ(វ) នោះទេ។ ចូរចូលទៅកាន់ការថ្វាយបង្គំនៅក្នុងសប្ដាហ៍នេះ ដោយអំណរ និងនៅក្នុងវិញ្ញាណនៃក្ដីសុខសាន្ត និងការរួបរួមគ្នា ជាមួយនឹងអ្នកដើរតាមព្រះដទៃទៀត។ ដោយរួបរួមគ្នា នោះយើងអាចសម្រេចបានការយ៉ាងអស្ចារ្យជាច្រើន សម្រាប់ថ្វាយទៅដល់ព្រះជាអម្ចាស់។
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More