ទំនុកតម្កើង 124:1-8

ទំនុកតម្កើង 124:1-8 គខប

ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់ នៅ​ខាង​យើង​ទេ​នោះ - សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា: - ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង​ទេ​នោះ ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង ជា​ខ្លាំង​មក​លើ​យើង ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រ ទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់ ហើយ​ក៏​នឹង​មាន​ទឹក​កួច​យ៉ាង​ខ្លាំង​ពន្លិច​យើង​ដែរ។ ក៏​ប៉ុន្តែ សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ពុំ​បាន​ប្រគល់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដូច​ជា​រំពា​ដែល​ស្ថិត​នៅ​ក្នុង​ចង្កូម របស់​ពួក​គេ​នោះ​ឡើយ។ យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។ ព្រះ‌អម្ចាស់​ផ្ទាល់​បាន​ជួយ​យើង ដោយ​ព្រះ‌នាម​ព្រះអង្គ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។