ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ខ្មាំងសត្រូវបន្តជិះជាន់ជាតិសាសន៍អ៊ីស្រាអែល។ កវីទំនុកតម្កើង ស្រែករកនូវក្ដីមេត្តាករុណានៃព្រះ ដោយជំរុញដាស់តឿនឱ្យប្រជាជាតិអ៊ីស្រាអែលដាក់ក្ដីសង្ឃឹមរបស់ពួកគេទៅក្នុងព្រះបន្ទូលនៃព្រះ ហើយនិងក្ដីស្រឡាញ់មិនចេះសាបសូន្យរបស់ព្រះអង្គ។ ដាវីឌ ដូចគ្នា ក៏គាត់នៅតែបន្ទាបខ្លួន ហើយមានសង្ឃឹមនៅក្នុងព្រះអម្ចាស់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ១២៩ និង ១៣០ ប្រហែលណាស់ជាបានតាក់តែងឡើងដោយ ស្ដេច ហេសេគា ក្នុងរយៈពេល ៣០០ ឆ្នាំ បន្ទាប់ពីអាយុកាលរបស់ ដាវីឌ ក្នុងនាមគាត់ជាអ្នកគង្វាលដ៏វ័យក្មេង ដែលគាត់បានតាក់តែងពី ទំនុកតម្កើង មានចែងនៅក្នុងជំពូកទី ១៣១។ សេចក្ដីអធិស្ឋានរបស់ ស្ដេច ហេសេគា នោះគឺផ្តោតទៅលើគ្រោះភ័យចំនួន ២ ដែលអាចកើតមានឡើងលើប្រជាជាតិអ៊ីស្រាអែល – នោះគឺជាខ្មាំងសត្រូវ ដែលមានវត្តមានពីខាងក្រៅខ្លោងទ្វារ ហើយនិងបាបដែលស្ថិតនៅក្នុងប្រជាជាតិនេះតែម្ដង។ ទីតាំងនៃទំនុកតម្កើងខ្លីរបស់ ដាវីឌ បានយកមកដាក់ចំៗ បន្ទាប់ពីការស្រែកអង្វរយ៉ាងអន្ទះសារបស់ ស្ដេច ហេសេគា នោះមិនមែនជារឿងចៃដន្យនោះឡើយ។ សេចក្ដីអធិស្ឋានទូលអង្វររបស់គាត់ នោះគឺជាពាក្យពេចន៍ដែលគាត់បានខ្ចីពី ដាវីឌ ក្នុងគ្រាគាត់នៅក្មេង ដែលពាក្យទាំងនោះ បានលើកឡើងថា៖ «ឱ ប្រជារាស្រ្តអ៊ីស្រាអែលអើយ ចូរដាក់ក្ដីសង្ឃឹមរបស់អ្នកនៅលើព្រះអម្ចាស់ចុះ»។ ប្រជារាស្រ្តអ៊ីស្រាអែលត្រូវការភាពបន្ទាបខ្លួនដូចគ្នា នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដូចដែលស្ដេចដ៏អស្ចារ្យរបស់ពួកគេ ធ្លាប់បានធ្វើយ៉ាងដូច្នោះដែរ។ ព្រះដ៏សុចរិត និងជាព្រះដ៏ពេញដោយក្ដីមេត្តាករុណា ព្រះអង្គធ្លាប់ – ហើយនៅតែ – ជាព្រះតែមួយ ដែលអាចការពារ និងអាចប្រោសលោះពួកគេបាន។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើអ្នកធ្លាប់អធិស្ឋាន ដើម្បីបានជាប្រយោជន៍ដល់ប្រជាជាតិរបស់អ្នក ច្រើនប៉ុណ្ណាដែរ? យើងពិតជាត្រូវការមនុស្សគោរពកោតខ្លាចព្រះ ដែលចេះអធិស្ឋានទូលអង្វរ ជាងពេលណាៗទាំងអស់។ ដូចជាប្រជារាស្រ្តអ៊ីស្រាអែល នៅក្នុងសម័យកាល ស្ដេច ហេសេគា យើងបានទទួលការរំឭកជាប្រចាំថ្ងៃអំពីជាតិសាសន៍ ដែលមានចិត្តស្អប់ប្រទេសរបស់យើង ថែមទាំងមានគំនិតប៉ងចង់បំផ្លាញឱ្យប្រទេសយើងហិនវិនាសថែមទៀត។ ភាពក្រអឺតក្រទម និងការបះបោរប្រឆាំង បែបគ្មានញញើតរបស់ប្រជាពលរដ្ឋរបស់យើងចំពោះព្រះ ហើយនិងព្រះបន្ទូលរបស់ព្រះអង្គ នោះពិតជានាំឱ្យមានគ្រោះមហន្តរាយដូចគ្នា។ ក្ដីស្រឡាញ់នៃព្រះមិនសាបសូន្យឡើយ ប៉ុន្តែព្រះអង្គសុចរិត ហើយធម្មជាតិដ៏បរិសុទ្ធរបស់ព្រះ មិនអាចអត់ឱនឱ្យទង្វើបាបបានទេ។ មានតែក្ដីមេត្តាករុណា និងការអត់ឱនទោសរបស់ព្រះអង្គតែមួយប៉ុណ្ណោះ ដែលជាក្ដីសង្ឃឹមរបស់យើង។ តោះ! ចូរយើងរួបរួមគ្នាសម្រាប់ប្រជាជាតិរបស់យើង៖ «ឱ ប្រជាជនខ្មែរអើយ! ចូរដាក់ក្ដីសង្ឃឹមរបស់អ្នកនៅក្នុងព្រះអម្ចាស់!»។
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More