ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 106 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

កវីទំនុកតម្កើងអញ្ជើញដល់រាល់អស់អ្វីៗដែលមានខ្យល់ដកដង្ហើម មកច្រៀងថ្វាយការសរសើរតម្កើងដល់ព្រះ សម្រាប់រាល់គ្រប់អ្វីៗដែលព្រះបានបង្កើត សម្រាប់ក្ដីមេត្តាករុណា សម្រាប់ស្នាព្រះហស្ដដ៏មានអំណាចចេស្ដា និងសម្រាប់ភាពដ៏ធំឧត្ដុងឧត្ដមរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

នេះគឺជាការប្រគុំសរសើរតម្កើងនិងជាសេចក្ដីអធិស្ឋានបញ្ចប់ដ៏រុងរឿង ដែលមានចែងក្នុងអត្ថបទគម្ពីរ! ទំនុកតម្កើងដើមដំបូងចាប់ផ្ដើម ដោយការប្រទានពររបស់ព្រះ ចំពោះអស់អ្នកណាដែលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះ។ នៅទំនុកតម្កើងចុងក្រោយ គឺបញ្ចប់ដោយអស់អ្នក និង "រាល់គ្រប់អ្វីៗទាំងអស់ដែលមានខ្យល់ដកដង្ហើម" ឱ្យចូរសរសើរតម្កើងដល់ព្រះអម្ចាស់។ មានពេលខ្លះ ការសរសើរតម្កើងព្រះ នោះមានសភាពស្ងប់ស្ងៀម និងពេញដោយការជញ្ជឹងគិត។ តែទោះបីជាយ៉ាងនេះក្ដី ទំនុកតម្កើង ទាំង ៣ ជំពូកចុងក្រោយ បានអញ្ជើញរាល់គ្រប់សន្តនិករ មកចូលរួមគ្នានៅក្នុងការថ្វាយបង្គំតែមួយ ដើម្បីសរសើរតម្កើងដល់ព្រះអាទិកររបស់ពួកគេ។ អស់អ្នកដែលស្គាល់ពីព្រះ នោះគេមានហេតុផលដ៏ពិសេសមួយ ដើម្បីច្រៀងបទចម្រៀងនៃការលើកសរសើរតម្កើងមួយថ្មី ថ្វាយទៅដល់ព្រះអម្ចាស់ – ដែលនោះជាបទចម្រៀងនៃសេចក្ដីសង្គ្រោះ។ ព្រះអង្គគឺជាព្រះតែមួយ ដែលបានលាងជម្រះបាបរបស់យើងឱ្យបានស្អាត ហើយបានដាក់ទណ្ឌកម្មដល់ខ្មាំងសត្រូវរបស់យើងផង។ ទង្វើនេះពិតជារឿងត្រឹមត្រូវ ក្នុងការឱ្យយើងត្រូវលើកសរសើរតម្កើងដល់ព្រះ នៅរាល់គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងជាមួយរាល់គ្រប់ខ្យល់ដកដង្ហើមចេញចូលរបស់យើង។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើអ្នកចាប់ផ្ដើមនិងបញ្ចប់ថ្ងៃនីមួយៗរបស់អ្នកដោយរបៀបណា? តើអ្នកក្រោកពីដំណេកពេញដោយទុក្ខសោក ដោយព្រោះអ្នកគិតអំពីព្រឹត្តិការណ៍ទាំងឡាយដែលមាននៅក្នុងថ្ងៃនោះ ឬក៏អ្នកនឹកចាំថា៖ «ថ្ងៃនេះគឺជាថ្ងៃដែលព្រះបានបង្កើត – ចូរឱ្យយើងមានអំណរហើយរីករាយនៅក្នុងថ្ងៃនេះ»? ព្រះជាម្ចាស់សព្វព្រះទ័យ ចង់ឮពីការសរសើរតម្កើងរបស់អ្នក ក្នុងខណៈពេលដែលអ្នកប្រមែប្រមូលអ្នកដទៃផ្សេងទៀតឱ្យមកថ្វាយបង្គំ ប៉ុន្តែព្រះអង្គក៏មានពេញដោយក្ដីសោមនស្ស នៅពេលដែលការសរសើរតម្កើងរបស់អ្នក ដើរស្របជាមួយនឹងជម្រើសនិងរបៀបដែលអ្នកជ្រើសរើសរស់នៅជាប្រចាំផងដែរ។ ចូរព្យាយាមតម្រឹមថ្ងៃរបស់អ្នកឱ្យស្របនឹងគ្រោងនៃទំនុកតម្កើងតែងអម្បាលម៉ាន។ ចូរចាប់ផ្ដើមដោយការសញ្ជឹងគិតពីព្រះប្រាជ្ញាញាណនៃព្រះ ដែលមានចែងនៅក្នុងអត្ថបទគម្ពីរ។ ចូរអនុញ្ញាតឱ្យសកម្មភាពរបស់អ្នកពេញមួយថ្ងៃ បានក្លាយទៅជាការថ្លែងពីទំហំនៃក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ។ ហើយបញ្ចប់ថ្ងៃរបស់អ្នក ដោយការចេះនឹកគិតពីព្រះគុណសម្រាប់ចរិតលក្ខណៈនៃព្រះ ហើយនិងថ្វាយការអរព្រះគុណសម្រាប់រាល់គ្រប់អ្វីៗទាំងឡាយ ដែលព្រះបានធ្វើ។ តើអ្នកនឹងចូលរួមជាមួយរាល់គ្រប់សន្តនិករ ដើម្បីលើកសរសើរតម្កើងថ្វាយទៅព្រះអម្ចាស់ សម្រាប់ភាពដ៏ធំមហិមារបស់ព្រះអង្គដែរឬទេ? តើអ្នកនឹងអរព្រះគុណព្រះនៅពេលឥឡូវនេះ សម្រាប់ការប្រទានពរនូវសេចក្ដីសង្គ្រោះមកឱ្យដល់អ្នកដែរឬទេ? ចូរតាំងចិត្តថាអ្នកនឹងថ្វាយការសរសើរតម្កើងដល់ព្រះ នៅក្នុងរាល់គ្រប់ស្ថានភាពដែលអ្នកជួបប្រទះ នៅក្នុងគ្រប់ខ្យល់ដង្ហើមចេញចូលរបស់អ្នក រហូតដល់អ្នកអស់ជីវិតពីផែនដីនេះ។ ការនេះនឹងផ្គត់ផ្គង់ជាកម្លាំងដល់រូបអ្នក នៅក្នុងគ្រប់ផ្នែក ទាំងខាងឯផ្លូវរូបកាយ អារម្មណ៍ និងវិញ្ញាណ។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org