ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
អស់អ្នកដែលទុកចិត្តលើព្រះអម្ចាស់ នោះគេពុំរង្គើឡើយ។ ពួកគេនឹងសាបព្រោះដោយទឹកភ្នែក តែនឹងបានច្រូតមកវិញ ដោយអំណរ។ កូនចៅរបស់ពួកគេគឺជារង្វាន់មកពីព្រះ។ មនុស្សណាដែលគោរពកោតខ្លាចព្រះ នោះគេពិតជាមានសុភមង្គល។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
នៅក្នុងផ្នែកនៃទំនុកបទស្ដីពីការតម្កើងឡើង ភាសាបរិយាយទាំងនេះ ស្ដីប្រាប់ពីសន្តិសុខ អំណរ និងព្រះពររបស់ប្រជារាស្រ្ត ដែលព្រះបានជ្រើសរើស។ ទំនុកតម្កើង ១២៥ ឆ្លុះបញ្ចាំងពីសន្តិសុខ ដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ សម្រាប់អស់អ្នកដែលបានទុកចិត្តលើព្រះអង្គ។ សុវត្ថិភាពដែលគេបានទទួលនិងដឹង នៅពេលគេបានចូលទៅក្នុងបន្ទាយនៃក្រុងយេរូសាឡឹម នោះគឺជានិមិត្តរូប ពីទំហំនៃការថែរក្សារបស់ព្រះ ដែលបានហ៊ុំព័ទ្ធពួកគេ ក្នុងនាមពួកគេជាប្រជាជាតិមួយ។ ទំនុកតម្កើង ១២៦ នឹកចាំពីរបៀបដែលព្រះបានបង្វែរទឹកភ្នែកនៃភាពឈឺផ្សា ឱ្យបានទៅជាចម្រៀងនៃអំណរ នៅពេលដែលព្រះអង្គបានរំដោះប្រជារាស្រ្តអ៊ីស្រាអែល ចេញពីកណ្ដាប់ដៃនៃសាសន៍អាសស៊ើ (១ ពង្សាវតាក្សត្រ ១៨-១៩)។ ទំនុកតម្កើង ១២៧ បានតាក់តែងដោយ ស្ដេច សាឡូម៉ូន។ វាជាទំនុកតម្កើងដែលពិចារណាអំពីព្រះពរនៃក្រុមគ្រួសារ ដែលមានកូនចៅ ដែលចេះគោរពកោតខ្លាចព្រះ និងស្ដីពីអំណរដែលបានមកពីកូនចៅ។ អ្នកតាក់តែងទំនុកតម្កើង ១២៨ ជញ្ជឹងគិតពីកិច្ចការពេញដោយអំណរ និងក្រុមគ្រួសារដែលមានព្រះពរ គឺចំពោះអស់អ្នកដែលបានគោរពកោតខ្លាច ហើយនិងបានស្ដាប់បង្គាប់ព្រះអម្ចាស់។ ក្នុងនាមជាអ្នកថ្វាយបង្គំព្រះ ដែលបានតម្កើងឡើងនៅឯភ្នំនៃក្រុងយេរូសាឡឹម ទំនុកតម្កើងអស់ទាំងនេះ បានរំឭកដល់យើងឱ្យចេះ គោរពកោតខ្លាច ចេះទុកចិត្ត និងចេះស្ដាប់បង្គាប់ព្រះអម្ចាស់ នៅក្នុងគ្រប់ផ្នែកទាំងឡាយនៃជីវិតរបស់យើង – ក្នុងនាមជាពលរដ្ឋ ជាសមាជិកក្រុមគ្រួសារ និងជាអ្នកបម្រើការងារ និងព័ន្ធកិច្ច។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ប្រសិនបើមានគេសួរអំពីរូបអ្នក ដោយនិយាយទៅកាន់មនុស្សដែលអ្នកប្រាស្រ័យទាក់ទងជាមួយជាប្រចាំថ្ងៃ ក្នុងនាមអ្នកជាឪពុកម្ដាយ ជាកូន ជាបងប្អូន ជានិយោជិត ជាចៅហ្វាយ ជាសិស្ស ឬជាពលរដ្ឋ – តើគេនឹងនិយាយអ្វីខ្លះពីរូបអ្នក? របៀបដែលអ្នកបម្រើ និងប្រព្រឹត្ត នៅក្នុងមុខតំណែងនីមួយៗរបស់អ្នក នោះបង្ហាញអ្វីជាច្រើនពីរូបអ្នក ក្នុងនាមអ្នកជាអ្នកដើរតាមព្រះយេស៊ូ(វ) គ្រីស្ទ។ តើមានផ្នែកណាខ្លះ នៃជីវិតរបស់អ្នក ដែលពុំបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ ពីអំណរក្នុងការទុកចិត្ត និងការស្ដាប់បង្គាប់របស់អ្នកចំពោះព្រះ? ចូរគិតឱ្យបានហ្មត់ចត់ពីរាល់អ្វីៗ ដែលអ្នកត្រូវការផ្លាស់ប្រែ នៅក្នុងក្រុមគ្រួសារ ទីកន្លែងការងារ ឬក៏នៅឯសាលារៀន ដើម្បីឱ្យអ្នកអាចថ្វាយសិរីរុងរឿងដល់ព្រះ ឱ្យកាន់តែល្អប្រសើរជាងនេះ។
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More