ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ព្រះជាម្ចាស់ប្រទានពរ និងមើលថែពួកអ្នកសុចរិត។ ព្រះមហាក្សត្រដែលបានចាក់ប្រេងតាំងពីព្រះអម្ចាស់ នឹងគ្រប់គ្រង ហើយវិនិច្ឆ័យពិភពផែនដី។ អ្នកគ្រប់គ្រងប្រកបដោយប្រាជ្ញា បានទទួលព្រះពរ ហើយបានផ្ដល់ឱ្យមានទីជម្រក ក្នុងខណៈពេលដែលពួកគេបម្រើ និងគោរពដល់ព្រះ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ១ បើកបង្ហាញយ៉ាងផ្ទុយស្រឡះរវាងមនុស្សសុចរិត ហើយនិងមនុស្សអាក្រក់។ អត្ថន័យសម្រាប់មនុស្សទាំងពីរប្រភេទ នោះគឺអាស្រ័យទៅលើការចំណាយពេលវេលារបស់ពួកគេ ព្រមទាំងលទ្ធផលដែលពួកគេនឹងទទួលបាន ទៅតាមដំណើរប្រឹងដេញតាមក្នុងទិសដៅនៃជីវិតរបស់ខ្លួន។ មនុស្សគោរពកោតខ្លាចព្រះ ស្វែងរកឃើញអត្ថន័យនិងគោលបំណងសម្រាប់ជីវិត ដោយពួកគេអាននិងសញ្ជឹងគិតពីព្រះបន្ទូល ជាជាងស្ដាប់តាមប្រភពទីប្រឹក្សា ដែលបានមកពីមនុស្សដែលមិនអើពើនឹងព្រះ។ ក្នុងខណៈពេលព្រះនេត្រនៃព្រះសម្លឹងមើលនិងដឹកនាំដល់អស់អ្នកដែលជាកម្មសិទ្ធិនៃព្រះ នោះអស់អ្នកដែលបដិសេធចំពោះព្រះ គេបានជ្រើសរើសរស់នៅក្រៅពីការការពាររបស់ព្រះជាម្ចាស់។ ទំនុកតម្កើង ២ បង្ហាញឱ្យឃើញនាពេលអនាគតពីព្រះទ័យក្រោធខឹងនៃព្រះបុត្រារបស់ព្រះ ទៅកាន់អស់អ្នកដែលបន្តបដិសេធចំពោះព្រះ។ អស់អ្នកដែលមានប្រាជ្ញា ពួកគេស្វែងរកឃើញទីជម្រក ដែលមាននៅក្នុងព្រះបុត្រា ហើយបម្រើព្រះអង្គ ជាជាងប្រឹងរកឧបាយកលដើម្បីប្រឆាំងទាស់នឹងព្រះ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
របៀបដែលអ្នកចំណាយពេលរបស់អ្នក នោះនឹងនិយាយប្រាប់ថាអ្នកជាមនុស្សបែបណា។ តើក្ដីប៉ងប្រាថ្នា ឬការរត់ប្រដេញតាមរបស់អ្នក ជាទង្វើបែបអ្នកកោតខ្លាចព្រះ? ចូរគិតពីដំណើរនៃចំណាប់អារម្មណ៍ទាំងនោះ តាំងពីពេលវាកកើតឡើងនៅគ្រាដំបូង។ តើអ្នកបានដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីអ្នកបានអធិស្ឋាន និងស្មឹងស្មាធិ៍លើព្រះបន្ទូលព្រះ? ឬក៏ថាមានមនុស្សដែលបដិសេធសិទ្ធិអំណាចព្រះក្នុងជីវិតផ្ទាល់ខ្លួនរបស់គេ បានជះឥទ្ធិពលមកលើរូបអ្នក? ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូ(វ) អ្នកត្រូវបានគ្របបាំងដោយសេចក្ដីសុចរិតរបស់ព្រះ ទាំងព្រះអង្គប្រទានឱ្យអ្នកនូវជីវិតមួយផ្សេង និងមានអនាគតមួយថ្មី មិនដូចអស់អ្នកដែលបានបដិសេធចំពោះព្រះទេ។ នៅថ្ងៃនេះ ចូរតាំងចិត្ត ហើយកំណត់ថាអ្នកនឹងដេញតាមតែអ្វីដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ព្រះ ហើយនិងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More