ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 100 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះជាអម្ចាស់បានឈ្វេងយល់ពី ស្ដេច ដាវីឌ ហើយព្រះអង្គជ្រាប់ពីគាត់ទាំងស្រុង គឺសូម្បីតែពីមុនពេលគាត់បានកើតមកទៅទៀត។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនេះចាប់ផ្ដើមនិងបញ្ចប់ ដោយខ្លឹមសារថាព្រះបានឈ្វេងយល់ពីដួងចិត្តរបស់ស្ដេច ដាវីឌ។ ព្រះជ្រាបពីរាល់គ្រប់អ្វីៗទាំងអស់ ដែលជារបស់ ស្ដេច ដាវីឌ។ ព្រះបានកត់ត្រាទុកពីជីវិតជាប្រចាំថ្ងៃរបស់គាត់។ អស់ទាំងគំនិត អស់ទាំងពាក្យសម្ដី និងអស់ទាំងសកម្មភាព គឺសុទ្ធតែជាអ្វីដែលព្រះទតឃើញយ៉ាងច្បាស់ នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ។ ស្ដេច ដាវីឌ ស្គាល់ជឿជាក់ថាព្រះជ្រាបនិងយល់ពីគាត់ ច្បាស់ជាងខ្លួនគាត់ស្គាល់និងយល់ពីខ្លួនឯងទៅទៀត។ ហេតុដូច្នេះហើយបានជាគាត់បានអញ្ជើញឱ្យព្រះ មកឈ្វេងយល់ពីគាត់ទាំងស្រុង ហើយចង្អុលបង្ហាញដល់គាត់ ពីរាល់ទង្វើដែលមានក្នុងជីវិតរបស់គាត់ ដែលជាទង្វើពុំគាប់ព្រះទ័យចំពោះព្រះ។ គាត់ចង់មើលឃើញពីខ្លួនឯង ដូចក្នុងរបៀបដែលព្រះទតសម្លឹងមើលពីរូបគាត់ ដើម្បីឱ្យគាត់អាចកែប្រែរាល់អ្វីៗដែលខុសឆ្គង។ ស្ដេច ដាវីឌ ពិតជាស្ញប់ស្ញែងចំពោះចំណេះដឹងដែលគាត់បានដឹងពីព្រះ ហើយមានចិត្តដ៏អស្ចារ្យ ចំពោះរាល់គ្រប់ទាំងទង្វើផ្សេងៗ ដែលព្រះបានចូលរួមធ្វើការនៅក្នុងជីវិតផ្ទាល់របស់គាត់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ព្រះជ្រាបរាល់គ្រប់អ្វីៗទាំងអស់អំពីជីវិតរបស់អ្នក។ ព្រះអង្គគង់នៅ តាំងពីមុនអ្នកស្រូបយកខ្យល់ដង្ហើមដំបូងមកម្ល៉េះ ហើយព្រះអង្គក៏គង់នៅជាមួយអ្នកសព្វថ្ងៃនេះដែរ។ តើសេចក្ដីនេះនាំឱ្យអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកដឹងថា ព្រះទ្រង់ទតឃើញ ទ្រង់ស្ដាប់ឮ និងទ្រង់ខ្វល់ខ្វាយចំពោះរាល់អ្វីៗដែលអ្នកគិត និយាយ និងធ្វើ នោះ? ចម្លើយនោះគឺវាអាស្រ័យទៅលើ ការកំពុងរស់នៅនាពេលបច្ចុប្បន្នរបស់អ្នក ថាតើអ្នកកំពុងតែរស់ដោយការគោរពស្ដាប់បង្គាប់ព្រះគ្រីស្ទ ដែរឬយ៉ាងណា។ តើអ្នកនឹងអញ្ជើញព្រះឱ្យមកឈ្វេងយល់ពីដួងចិត្តរបស់អ្នកនៅថ្ងៃនេះ ដែរឬទេ? បើមិនដូច្នេះទេ អ្នកនឹងអាចក្លាយទៅជាខ្វាក់ភ្នែកចំពោះទង្វើខុសឆ្គងទាំងឡាយណា ដែលអ្នកប្រព្រឹត្ត រួចហើយប្រឹងព្យាយាមគិតបន្ធូរបន្ថយទៅលើទង្វើបាបរបស់អ្នកថែមទៀត។ វាតម្រូវឱ្យអ្នកមានសេចក្ដីក្លាហាន ក្នុងការសម្លឹងមើលដោយភាពស្មោះត្រង់ ទៅលើជីវិតរបស់អ្នក ទាំងហ៊ានទទួលស្គាល់ពីកំហុសខុសឆ្គងរបស់អ្នក ហើយស្វះស្វែងរកការអត់ឱនទោសពីព្រះ។ ដួងចិត្តនិងគំនិតរបស់អ្នក មិនអាចលាក់បាំងចំពោះព្រះបាននោះឡើយ បើអញ្ចឹងមែន ហេតុអ្វីបានជាអ្នកមិនប្រឹងសម្លឹងមើលខ្លួនឯង ក្នុងរបៀបដែលព្រះទតឃើញពីអ្នក ផងដែរទៅ? នៅពេលណាដែលអ្នកហ៊ានធ្វើយ៉ាងដូច្នេះ នោះភាពមើលឃើញរាល់គ្រប់អ្វីៗទាំងអស់ និងភាពសព្វវត្តមាន (នៅគ្រប់ទីកន្លែង) របស់ព្រះ នឹងបានក្លាយជាទំនុកចិត្ត និងភាពកក់ក្ដៅដល់អ្នក – មិនមែននាំឱ្យអ្នកខ្វល់ព្រួយនោះទេ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org