ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 104 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ស្ដេច ដាវីឌ ប្រកាសពីទំហំនៃភាពដ៏ធំឧត្ដុងឧត្ដមនៃព្រះទ័យសែនល្អ និងសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ធម្មជាតិពិតប្រាកដនៃភាពដ៏ធំមហិមារបស់ព្រះ នោះគឺលើសពីការអាចយល់ដឹងបានរបស់ ស្ដេច ដាវីឌ ទៅទៀត ហេតុដូច្នេះហើយ គាត់បានលើកសរសើរតម្កើងតាមអ្វីដែលគាត់អាចយល់បាន ពីស្នាព្រះហស្ដ និងពីចរិតលក្ខណៈនៃព្រះ ដែលបានមកពីបទពិសោធន៍នៃជីវិតផ្ទាល់ខ្លួនរបស់គាត់។ ចំណេះដឹងរបស់គាត់ពីព្រះគុណ ក្ដីមេត្តាករុណា និងក្ដីស្រឡាញ់នៃព្រះ នោះគាត់ទទួលបាន តាមរយៈគ្រាទាំងឡាយ ដែលគាត់ធ្លាប់ទទួលរងក្នុងវេលាដ៏លំបាក ហើយនិងពេញដោយភាពឈឺចាប់ក្នុងគ្រាគាត់សារភាពពីទង្វើបាបទាំងនោះ។ គាត់អាចថ្លែងនិងធ្វើជាសាក្សីបាន ពីការផ្គត់ផ្គង់និងក្ដីស្មោះត្រង់របស់ព្រះ នៅលើថ្ងៃទាំងឡាយដែលគាត់បានរត់ភៀសខ្លួន ដើម្បីរក្សាជីវិតរបស់គាត់។ ព្រះអម្ចាស់បានគង់នៅក្បែរ មើលថែរក្សា ស្ដេច ដាវីឌ នៅរាល់យប់យន់ដែលគាត់ពុំអាចនិទ្រា ហើយនិងរាល់ពេលដែលគាត់ត្រូវស្រែកអង្វររកជំនួយថែមទៀត។ រាល់គ្រប់អ្វីៗដែលព្រះជាម្ចាស់បានធ្វើ ឬបានអនុញ្ញាតឱ្យកើតឡើងនៅក្នុងជីវិតរបស់ ស្ដេច ដាវីឌ នោះគឺជាក្ដីស្រឡាញ់ និងជារឿងត្រឹមត្រូវ។ ស្ដេច ដាវីឌ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះ ហើយគាត់មានហេតុផលផ្ទាល់ក្នុងការលើកតម្កើងព្រះ ប៉ុន្តែគាត់មិនបានធ្វើតែត្រឹមប៉ុណ្ណឹងនោះទេ។ ភាពដ៏ធំមហិមានៃព្រះ នោះសក្ដិសមឱ្យរាល់គ្រប់មនុស្សទាំងអស់ ថ្វាយការសរសើរតម្កើងដល់ព្រះ ហើយការនេះគឺគួរឱ្យមនុស្សរាល់គ្រប់ជំនាន់ធ្វើផងដែរ។ ហេតុដូច្នេះហើយបានជា ស្ដេច ដាវីឌ បានសរសេរទំនុកតម្កើងនៃការសរសើរតម្កើងនេះឡើង ដើម្បីឱ្យភាពដ៏រុងរឿង ព្រះទ័យសែនល្អ ភាពសុចរិត និងភាពដ៏បរិសុទ្ធនៃព្រះ បានលើកសរសើរតម្កើងជារៀងរហូត អស់កល្បជានិច្ច។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

រាល់គ្រប់កាលៈទេសៈនិងរាល់គ្រប់បទពិសោធន៍ បានកើតឡើង ដើម្បីបានជាប្រយោជន៍ នៅក្នុងគោលបំណងតែមួយ សម្រាប់បុត្រធីតានៃព្រះ នោះគឺ៖ ដើម្បីឱ្យគេស្គាល់ព្រះ និងឱ្យអ្នកដទៃបានស្គាល់ពីព្រះ។ តាមរយៈពាក្យសរសើរតម្កើងរបស់ ស្ដេច ដាវីឌ នោះអ្នកដទៃអាចរៀនបានពីគុណតម្លៃនៃព្រះ និងពីរបៀបដែលព្រះមានប្រាស្រ័យទាក់ទងជាមួយប្រជារាស្រ្តរបស់ព្រះអង្គ នៅក្នុងពន្លឺនៃចរិតលក្ខណៈរបស់ទ្រង់។ ក្នុងខណៈពេលដែលយើងដើរតាមព្រះគ្រីស្ទ និងរីកចម្រើនលូតលាស់ ដើម្បីឱ្យបានស្គាល់ពីព្រះអង្គ ឱ្យកាន់តែប្រសើរជាងមុន នោះយើងគួរតែប្រាប់អ្នកដទៃអំពីទំហំនៃក្ដីស្រឡាញ់ ព្រះគុណ និងក្ដីសប្បុរស ដែលព្រះបានបង្ហាញមកកាន់រូបយើង។ សេចក្ដីប៉ងប្រាថ្នាចង់បាន សម្រាប់មនុស្សក្នុងគ្រប់ជំនាន់នីមួយៗ នោះគឺដើម្បីឱ្យពួកគេបានស្គាល់ពីព្រះដោយផ្ទាល់ និងលើកសរសើរតម្កើងព្រះអង្គ ដោយចិត្តឥតខ្មាសអៀន និងមិនលាក់លៀម។ តើអ្នកនឹងឱ្យមនុស្សស្គាល់ពីព្រះបានដោយរបៀបណាដែរនៅថ្ងៃនេះ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org