ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ស្ដេច ដាវីឌ បាននិយាយជាមួយព្រះ អំពីគ្រោះថ្នាក់ទាំងឡាយដែលគាត់បានជួបប្រទះ នៅក្រោមកណ្ដាប់ដៃរបស់មារសត្រូវរបស់គាត់ ហើយគាត់បានយកការអស់ទាំងនេះ មកប្រែជាបំណងចិត្ត ដើម្បីចៀសផុតពីទង្វើអាក្រក់ទាំងឡាយវិញ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ស្ដេច ដាវីឌ បានសម្រេចយកជម្រើសពីរ នៅពេលគាត់ប្រឈមនឹងមារសត្រូវរបស់គាត់។ ជាដំបូង គាត់បានទុកចិត្តព្រះ ដើម្បីសុំឱ្យព្រះអង្គធ្វើអន្តរាគមន៍ ហើយតបតចំពោះរាល់អស់អ្នកដែលបានធ្វើបាបមកលើរូបគាត់។ ការវិលត្រឡប់បែរទៅរកព្រះ នោះបានអនុញ្ញាតឱ្យគាត់ អាចបញ្ចេញនូវអារម្មណ៍ទាំងឡាយ ដែលគាត់កំពុងតែឆ្លងកាត់ ហើយគាត់បានពឹងអាងលើព្រះ ដើម្បីឱ្យព្រះអង្គធ្វើការ។ បន្ទាប់មកទៀត ស្ដេច ដាវីឌ បានសម្រេចមិនផ្ដោតមើលតែទៅលើស្ថានភាពទាំងឡាយរបស់គាត់នោះទេ ហើយគាត់បែរជាទៅផ្ដោតតែទៅលើព្រះតែមួយប៉ុណ្ណោះវិញ។ គាត់ចង់ធ្វើការឆ្លើយតបនៅក្នុងរបៀបដែលត្រឹមត្រូវ ហើយទទួលស្គាល់ពីតម្រូវការរបស់គាត់ក្នុងព្រះ ដើម្បីអនុញ្ញាតឱ្យគាត់ប្រព្រឹត្តតាម និងអាចបន្តឱ្យគាត់នៅពឹងអាងលើព្រះ។ គាត់បានស្វះស្វែងរកជំនួយពីព្រះ ដើម្បីឱ្យព្រះជួយការពារដួងចិត្តរបស់គាត់ ពីក្ដីប៉ងប្រាថ្នាក្នុងការប្រព្រឹត្តរឿងអាក្រក់ ឬចូលរួមនៅក្នុងឥទ្ធិពលរបស់ក្រុមមនុស្សខុសឆ្គង។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
វាគឺជារឿងងាយណាស់ ដែលយើងចង់ឆ្លើយតបតាមរបៀបយ៉ាងខុសឆ្គងចំពោះវិបត្តិ នៅពេលដែលយើងប្រឈមនឹងមនុស្សបង្ករឿង។ ប៉ុន្តែព្រះទ្រង់មិនផ្លាស់ប្រែសោះឡើយ។ អ្នកនៅតែអាចទុកចិត្តលើព្រះ ដើម្បីឱ្យព្រះអង្គធ្វើអន្តរាគមន៍ នៅក្នុងជីវិតរបស់អ្នក នៅពេលណាដែលមនុស្សគេធ្វើបាបអ្នក។ តើអ្នកនឹងតបតចំពោះមនុស្ស ដែលប្រព្រឹត្តខុសចំពោះអ្នក ដោយរបៀបណា? តើអ្នកនឹងស្វែងរកការសងសឹក ឬបែរទៅរកព្រះ? តើអ្នកនឹងចូលរួមប្រឆាំងបះបោរព្រះបន្ទូលព្រះ ឬនៅបន្តប្ដេជ្ញាចិត្តស្ដាប់បង្គាប់ទាំងស្រុងចំពោះព្រះគ្រីស្ទ? ប្រសិនបើអ្នកបន្តផ្ដោតចិត្តទៅលើព្រះ នោះអ្នកនឹងអាចតបត ដូចអ្វីដែល ស្ដេច ដាវីឌ បានប្រព្រឹត្តនោះដែរ។ ចូរទូលដល់ព្រះនាពេលឥឡូវនេះ ដើម្បីឱ្យព្រះការពារដល់ចិត្តគំនិត និងក្ដីប៉ងប្រាថ្នារបស់អ្នក ក្នុងខណៈពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស ដែលមានវត្តមានក្នុងដំណើរជីវិតរបស់អ្នកនៅថ្ងៃនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More