ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 103 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ស្ដេច ដាវីឌ បានសរសើរលើកតម្កើងព្រះ ក្នុងនាមទ្រង់ជាថ្មដារបស់គាត់ ហើយបានទូលសូមព្រះឱ្យកម្ចាត់កម្ចាយខ្មាំងសត្រូវរបស់គាត់។ អស់អ្នកណាដែលមានព្រះជាព្រះអម្ចាស់នៃជីវិតរបស់គេ នោះគេគឺជាមនុស្សមានពរ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ស្ដេច ដាវីឌ គឺជាបុរសនៃសង្គ្រាម ដោយសារតែគាត់ត្រូវប្រឈមនឹងសង្គ្រាមជានិច្ចកាលនៅក្នុងជីវិតរបស់គាត់។ តាំងពីអតីតកាលជាមួយនឹងសត្វសាហាវ ដែលបានតាមប្រមាញ់ហ្វូងសត្វចិញ្ចឹមរបស់ឪពុកគាត់ រហូតដល់ការវាយបង្រ្កាបយក្សកូលីយ៉ាត ហើយនិងខ្មាំងសត្រូវទាំងឡាយរបស់ពួកសាសន៍អ៊ីស្រាអែល នោះគាត់បានទទួលស្គាល់ថា ជ័យជម្នះរបស់គាត់ គឺបានមកពីព្រះជាម្ចាស់ ដែលព្រះអង្គបានកំពុងតែត្រៀមរៀបចំរូបគាត់ ពង្រឹងរូបគាត់ និងរំដោះរូបគាត់។ ក្ដីស្ញប់ស្ញែងរបស់គាត់ចំពោះសេចក្ដីដែលថាព្រះនៃសកលលោក ទ្រង់យកចិត្តទុកដាក់ចំពោះគាត់ និងយល់ពីបញ្ហាទាំងឡាយរបស់គាត់ នោះបានដាស់ដួងចិត្តថ្វាយបង្គំរបស់គាត់ចំពោះព្រះ ទៅដល់កម្រិតមួយថ្មី និងថ្កើងខ្ពង់ខ្ពស់ឡើងថែមទៀត។ ស្ដេច ដាវីឌ បាននិម្មិតឃើញពីពេលវេលានៃភាពសុខសាន្ត ដែលអាចបានមកតែពីព្រះពរ ក្ដីស្រឡាញ់ និងអំណាចចេស្ដាដ៏អស្ចារ្យនៃព្រះតែប៉ុណ្ណោះ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើមានសង្គ្រាម ជំងឺ ឬក៏ក្ដីស្លាប់ បានមកប៉ះទង្គិចដល់ជីវិតរបស់អ្នក មែនដែរទេ? ប្រហែលជាអ្នកធ្លាប់ឆ្លងកាត់វដ្ដនៃការគ្មានការងារធ្វើ ត្រូវរើផ្ទះចុះឡើង ឬមានភាពលំបាក ដោយព្រោះតែរឿងកូនៗ។ ស្ដេច ដាវីឌ បានរំឭកដល់យើងថាព្រះជាម្ចាស់ យកព្រះទ័យទុកដាក់លើរឿងលម្អិតទាំងឡាយនៃជីវិតរបស់យើង ហើយព្រះអង្គសព្វព្រះទ័យចង់ធ្វើអន្តរាគមន៍ជំនួសយើងផង។ តើអ្នកអាចនឹកចាំទៅគ្រាទាំងឡាយ ដែលព្រះអង្គបានយាងមក ដើម្បីប្រោសអ្នក និងសង្រ្គោះអ្នក ម្ដងហើយម្ដងទៀត ដែរឬទេ? តើព្រះអម្ចាស់ធ្លាប់បានប្រើប្រាស់អតីតកាលរបស់អ្នក ដើម្បីត្រៀមរៀបចំអ្នក ឱ្យអ្នកអាចតទល់ចំពោះបញ្ហាប្រឈមទាំងឡាយនាសព្វថ្ងៃនេះ ដោយរបៀបណា? ចូរចំណាយពេលពីរបីនាទី ដើម្បីថ្វាយការអរព្រះគុណទៅដល់ព្រះ សម្រាប់រាល់គ្រប់អ្វីៗ ដែលព្រះអង្គបានជួយដល់អ្នក ហើយចូរទូលសូមព្រះអង្គ សម្រាប់ការណែនាំចំពោះអនាគតរបស់អ្នក។ ចូរដាក់ទំនុកចិត្តរបស់អ្នក ទៅលើព្រះអាទិករនៃសកលលោក នោះជីវិតរបស់អ្នកនឹងបានដៅដោយព្រះគុណ អំណាចចេស្ដា និងក្ដីស្រឡាញ់របស់ព្រះអង្គ។ វិបត្តិបញ្ហាអាចកើតមានឡើងម្ដងហើយម្ដងទៀត ប៉ុន្តែក្ដីសប្បុរស និងភាពស្មោះត្រង់របស់ព្រះ ក៏នឹងមកកៀកជារៀងរហូតដែរ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org