ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ចិត្តជ្រួលច្របល់ ភាពឯកា និងការកៀបសង្កត់ដោយខ្មាំងសត្រូវ បានធ្វើឱ្យ ស្ដេច ដាវីឌ ត្រូវអធិស្ឋានសម្រាប់ជ័យជម្នះ ការដឹកនាំ និងដួងចិត្តមួយ ដែលនាំឱ្យព្រះសព្វព្រះហឫទ័យ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទោះបីជាទំនុកតម្កើងទាំងប៉ុន្មាននេះ បានសរសេរឡើងនៅក្នុងគ្រាផ្សេងៗពីគ្នានៃជីវិតរបស់ ស្ដេច ដាវីឌ ក៏រឿងបញ្ហាទាំងឡាយនេះ មានភាពស្រដៀងគ្នាដែរ។ នៅក្នុង ទំនុកតម្កើង ១៤២ ស្ដេច សូល បានព្យាយាមដេញតាមសម្លាប់ ដាវីឌ ក្នុងខណៈពេលដែល ទំនុកតម្កើង ១៤៣ នោះគឺរូបកូនរបស់គាត់ផ្ទាល់ មានបំណងចង់គំរាមកំហែងទៅលើជីវិតរបស់គាត់។ ក្នុងអំឡុងពេលទាំងពីរនេះ ដាវីឌ មានពោរពេញទៅដោយអារម្មណ៍យ៉ាងជ្រួលជ្រាវ។ គាត់អន្ទះអន្ទែង។ គាត់ធ្លាក់ខ្លួនខ្សោយ។ ហើយគាត់បាត់បង់អស់ក្ដីសង្ឃឹម។ ក្ដីអធិស្ឋានរបស់គាត់សម្រាប់គ្រាទាំងនេះ មានភាពប្រហាក់ប្រហែលនឹងគ្នាមែនទែន។ រហូតដល់មានរឿងរ៉ាវធំអស្ចារ្យកើតឡើង ដូចមានចែងនៅក្នុងទំនុកតម្កើង ១៤៣៖៥។ ក្ដីស្មោះត្រង់របស់ព្រះនៅគ្រាដើមដំបូង បានផ្ដល់ឱ្យ ស្ដេច ដាវីឌ មានទំនុកចិត្ត នៅក្នុងក្ដីសប្បុរស និងក្ដីស្រឡាញ់យ៉ាងហូរហៀរនៃព្រះ នៅក្នុងស្ថានភាពបច្ចុប្បន្នរបស់គាត់។ ទស្សនៈពីខាងក្រៅរបស់ ស្ដេច ដាវីឌ បានផ្លាស់ប្រែ នៅពេលដែលគាត់បាននឹកចាំពីរបៀបដែលព្រះបានរំដោះរូបគាត់កាលពីគ្រាមុន។ គាត់មិនត្រឹមតែនិម្មិតឃើញពីរបៀបដែលព្រះអាចធ្វើសម្រាប់គាត់តែប៉ុណ្ណោះនោះទេ – ប៉ុន្តែគាត់ធ្លាប់បានភ្លក់ពីការដ៏អស្ចារ្យនោះ តាំងពីគ្រាមុនមកម្ល៉េះ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
រាល់គ្រប់បញ្ហាប្រឈមទាំងឡាយ ដែលអ្នកជួបប្រទះ នឹងផ្ដល់ឱកាសឱ្យអ្នកបានរៀនបន្ថែមទៀតពីលក្ខណៈនៃព្រះ ហើយនិងពីរបៀបដែលព្រះអង្គធ្វើការជំនួស អស់អ្នកដែលទុកចិត្តលើព្រះអង្គ។ តើស្ថានភាពបច្ចុប្បន្ននៅក្នុងជីវិតរបស់អ្នកកំពុងតែនាំឱ្យអ្នកមានអារម្មណ៍ថាអន្ទះអន្ទែង ឬដូចមានគេមកវាយបង្ក្រាបអ្នកមែនដែរទេ? ប្រសិនបើអ្នកជាមនុស្សមានជំនឿពេញវ័យ ចូរសម្លឹងមើលទៅស្ថានភាពដទៃផ្សេងទៀត ដែលវាធ្លាប់ដូចជានាំឱ្យអ្នកអស់សង្ឃឹម។ តើព្រះធ្លាប់បានពង្រឹងនិងផ្ដល់កម្លាំងដល់អ្នក តាមរយៈវិបត្តិបញ្ហាអស់ទាំងនោះ ដោយរបៀបណា? ប្រសិនបើអ្នកទើបតែបានមកជឿលើព្រះឥឡូវៗនេះទេ ចូរទូលសូមព្រះ ឱ្យបើកភ្នែករបស់អ្នក ដើម្បីឱ្យអ្នកអាចមើលឃើញពីទំហំនៃក្ដីស្រឡាញ់របស់ព្រះអង្គ ដែលមានចំពោះរូបអ្នក។ នៅថ្ងៃនេះ ចូរចងចាំថា ព្រះគឺជាអ្នកដ៏ជំនាញខាងឯបំផ្លាស់បំប្រែស្ថានភាពងងឹតងងុលឱ្យក្លាយទៅជាឱកាសដ៏ល្អអស្ចារ្យ ដើម្បីបើកបង្ហាញឱ្យអ្នកឃើញ ពីក្ដីសប្បុរស ព្រះប្រាជ្ញាញាណ ហើយនិងអំណាចចេស្ដារបស់ព្រះអង្គ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More