ទំនុកតម្កើង 148:1-14

ទំនុកតម្កើង 148:1-14 គខប

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ នៅ​ស្ថាន​បរម‌សុខ! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ទេវតា​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ពពួក​ទេវតា​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ផ្កាយ​ដ៏​ភ្លឺ​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ទឹក​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង។ ព្រះអង្គ​បាន​តាំង​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជានិច្ច​រហូត​ត​ទៅ ព្រះអង្គ​បាន​ដាក់​វិន័យ​មួយ ដែល​មិន​ប្រែ‌ប្រួល​ឡើយ។ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៅ​លើ​ផែនដី មហា‌សាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។ ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ ភ្នំ​តូច​ធំ​ទាំង‌ឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​គគីរ​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សា‌បក្សី និង​សត្វ​លូន​វារ​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី ព្រម​ទាំង​ប្រជា‌រាស្ត្រ អ្នក​ដឹក​នាំ និង​អ្នក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដី ចូរ​សរសើរ​តម្កើង​ព្រះអង្គ! យុវជន និង​យុវ‌នារី មនុស្ស​ចាស់​ជរា និង​កូន​ក្មេង ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​ឲ្យ​ទាំង​អស់​គ្នា​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ឧត្ដម​ប្រសើរ​លើស​គេ ព្រះអង្គ​សម្តែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ពាស‌ពេញ​លើ​ផែនដី និង​ផ្ទៃ​មេឃ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​មាន​កម្លាំង​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ គឺ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្និទ្ធ‌ស្នាល​នឹង​ព្រះអង្គ បាន​ខ្ពស់​មុខ​ឡើង! ហាលេ‌លូយ៉ា!