ទំនុកតម្កើង 135:1-21

ទំនុកតម្កើង 135:1-21 គខប

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌នាម​ព្រះអង្គ ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។ ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពូជ‌ពង្ស​លោក​យ៉ាកុប ហើយ​ព្រះអង្គ​យក​ជន‌ជាតិ​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ។ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ព្រះ‌អម្ចាស់​របស់​យើង ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វី ព្រះអង្គ​នឹង​សម្រេច​ការ​នោះ នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។ ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ ហើយ​ព្រះអង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ ឲ្យ​បក់​បោក​មក​ដែរ។ ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។ ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីប ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។ ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជា‌ជាតិ​ជា​ច្រើន ព្រះអង្គ​បាន​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ គឺ​ព្រះ‌បាទ​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរី ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះអង្គ នៅ​គង់‌វង្ស​រហូត​ត​ទៅ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ ល្បី‌ល្បាញ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​អាណិត​អាសូរ​អ្នក​បម្រើ របស់​ព្រះអង្គ។ ព្រះ​របស់​ប្រជា‌ជាតិ​នានា សុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។ ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ ។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម! ហាលេ‌លូយ៉ា!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 135:1-21

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ