ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានសរសើរតម្កើងថ្វាយព្រះ ក្នុងនាមព្រះអង្គជាបន្ទាយសម្រាប់ទីក្រុងរបស់ព្រះមហាក្សត្រដ៏អស្ចារ្យ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ប្រៀបដូចជាទំនុកតម្កើងពីរជំពូកមុនៗ ទំនុកតម្កើងនេះ រំឭកពីការបង្រ្កាបនៃកងទ័ពសាសន៍អាសស៊ើរ ដោយទេវតារបស់ព្រះជាអម្ចាស់ (២ ពង្សាវតាក្សត្រ ១៩)។ កវីទំនុកតម្កើងលើកទឹកចិត្តទៅដល់អស់សាក្សីដែលបានឃើញផ្ទាល់ភ្នែកទាំងឡាយ ឱ្យយកចិត្តទុកដាក់ កត់សម្គាល់ទៅលើអ្វី ដែលព្រះបានធ្វើ ដើម្បីឱ្យគេអាចបន្តប្រាប់ពីដំណើររឿងទាំងឡាយនេះ ទៅដល់ក្មេងៗជំនាន់ក្រោយ។ ក្នុងខណៈពេលដែលគេអបអរសាទរ ចំពោះជំហរយ៉ាងរឹងមាំនៃក្រុងយេរូសាឡឹម ក្នុងនាមកន្លែងនេះ ជាទីក្រុងរបស់ព្រះ នោះការថ្លែងទាំងប៉ុន្មាន ក៏ជាពាក្យទំនាយស្ដីពីទីក្រុងយេរូសាឡឹមថ្មី ដែលជាទឹកដីស្ថានសួគ៌ និងអំពីព្រះមហាក្សត្រដ៏អស្ចារ្យ ដែលជាអង្គព្រះគ្រីស្ទយេស៊ូ(វ)ផង (ហេព្រើរ ១២៖២២)។ ព្រះអង្គបាននាំភាពសុខសាន្តជំនួសនូវក្ដីភ័យខ្លាច អំណរជំនួសនូវទុក្ខសោកសង្រេង ហើយនិងក្ដីស្រឡាញ់ឥតស្រាកស្រាន្តជំនួសនូវសេចក្ដីអាក្រក់វិញ។ ព្រះបន្ទូលប្រកាសពីជ័យជម្នះដ៏អស្ចារ្យ នៅលើកងទ័ពអាសស៊ើរ នោះជាកញ្ចក់ឆ្លុះបញ្ចាំងពីការបង្រ្កាបយ៉ាងធំសម្បើមទៅលើប្រជាជាតិទាំងឡាយណា ដែលសាតាំងបានប្រើ ដើម្បីទៅវាយប្រហារ ប្រឆាំងទាស់នឹងទីក្រុងដ៏បរិសុទ្ធនៃព្រះ។ នៅពេលដែលព្រះយេស៊ូ(វ) សោយរាជ្យក្នុងនាមជាព្រះមហាក្សត្រ នោះប្រជាពលរដ្ឋនៃស្ថានសួគ៌នឹងរស់នៅដោយសុខសុវត្ថិភាពជារៀងរហូត។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ភាពជាពលរដ្ឋចម្បងរបស់អ្នក នោះគឺស្ថិតនៅឯស្ថានសួគ៌ (ភីលីព ៣៖២០)។ គ្រីស្ទបរិស័ទគួរតែងតែសម្លឹងមើល នៅក្នុងទស្សនៈនៃស្ថានសួគ៌ ប៉ុន្តែយើងក៏គួរតែយល់ដឹងជានិច្ចកាលថា យើងពុំទាន់បានទៅទីនោះនៅឡើយដែរ។ ប្រសិនបើយើងគិតតែពីសិរីរុងរឿងនៃស្ថានសួគ៌ នោះយើងនឹងមើលរំលងពីមេរៀន និងមនុស្សដែលព្រះសព្វព្រះទ័យចង់ឱ្យយើងជួបប្រទះនៅតាមផ្លូវជីវិតរបស់យើងនាសព្វថ្ងៃនេះដែរ។ នៅជ្រុងម្ខាងទៀត ប្រសិនបើយើងបន្តផ្ដោតតែទៅលើជីវិតនៅលើផែនដី នោះយើងនឹងនៅប្រទាក់ជាប់ ប្រលោមចិត្តទៅក្នុងសេចក្ដីល្បួងទាំងឡាយ ឬធ្លាក់បាក់ទឹកចិត្តក្នុងការបម្រើព្រះគ្រីស្ទ នោះដូចគ្នា។ ចូរបង្អង់ឈប់ឱ្យបានជាប្រចាំ ដើម្បីគិតពិចារណាពីជីវិតនៅស្ថានសួគ៌ ទាំងសរសើរតម្កើងដល់ព្រះយេស៊ូ(វ) ក្នុងនាមព្រះអង្គជាព្រះមហាក្សត្រដ៏អស្ចារ្យ ហើយចូរបន្តប្រឹងធ្វើការ ដោយចង្អុលបង្ហាញឱ្យអ្នកដទៃមើលឃើញពីពន្លឺនៃទីក្រុងស្ថានសួគ៌ – ដែលជាអង្គព្រះយេស៊ូ(វ)គ្រីស្ទ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More