ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 41 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ស្ដេច ដាវីឌ បានទទួលស្គាល់ពីទង្វើបាបរបស់គាត់ នៅចំពោះព្រះភក្រ្តរបស់ព្រះ ទាំងទូលសូមព្រះឱ្យមានក្ដីមេត្តា និងលាងជម្រះសម្អាតនូវដួងចិត្តរបស់គាត់ផង។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ជំពូកនេះបង្ហាញពីលទ្ធផលដ៏ធ្ងន់ធ្ងរនៃទង្វើបាប ហើយប្រាប់ពីសារៈសំខាន់នៃការស្ដារឡើងវិញនូវទំនាក់ទំនងជាមួយព្រះសាជាថ្មី។ ស្ដេច ដាវីឌ បានសរសេរទំនុកតម្កើងនេះភ្លាមៗ បន្ទាប់ពី ហោរា ណាថាន់ បានមកប្រឈមមុខនឹងគាត់ពីរឿងបាបរបស់គាត់ ជាមួយនឹង នាង បាតសេបា ហើយនិងការសម្លាប់ប្ដីរបស់នាង (២ សាំយូអែល ១២)។ ការឆ្លើយតបភ្លាមៗរបស់ ស្ដេច ដាវីឌ នោះគឺជាការទទួលទោស ដោយបន្ទាបខ្លួន។ រូបកាយ ចិត្តគំនិត ហើយនិងវិញ្ញាណរបស់គាត់ បានរងផលយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនខែ ដោយព្រោះគាត់ប្រឹងប្រែងព្យាយាមលាក់បាំងនូវទង្វើបាបទាំងឡាយរបស់គាត់។ ចិត្តគំនិតពីក្ដីប្រោសមេត្តា និងការអត់ឱនទោសរបស់ព្រះ ដែលស្ដេចពុំសក្ដិសមនឹងទទួល នោះបានបំផ្លាស់បំប្រែការផ្ដោតចិត្តរបស់ ស្ដេច ដាវីឌ ឱ្យងាកចេញពីការប្រឹងលាក់បាំងបាប ទៅជាការកែប្រែចិត្តគំនិតទាំងទួញយំផង។ ចិត្តប៉ងប្រាថ្នាដ៏ធំរបស់គាត់ នោះគឺគាត់ចង់បានភាពជ្រះស្អាតនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដើម្បីឱ្យគាត់អាចទទួលបានបទពិសោធន៍នៃអំណរនៅក្នុងព្រះវត្តមានព្រះ ហើយអាចលើកសរសើរតម្កើងដល់ព្រះបន្តទៅមុខទៀត។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ប្រសិនបើមានសេចក្ដីល្បួងកើតមានឡើង ដោយផ្ដល់ឱ្យអ្នកឃើញនូវរូបភាព នៅគ្រា "ពីមុន" និងនៅគ្រា "បន្ទាប់" នោះយើងរាល់គ្នាប្រាកដជារត់គេចយ៉ាងប្រញាប់និងចេញយ៉ាងឆ្ងាយទៅទិសម្ខាងទៀត ជាក់ជាពុំខាន។ យើងកម្រដឹងពីតម្រុយ នៅក្នុងគ្រាដែលយើងកំពុងតែជាប់នៅក្នុងទង្វើនៃការមិនស្ដាប់បង្គាប់ ហើយចេះតែដើរទៅតាមការដឹកនាំនៃទង្វើបាប។ បាបរបស់យើងធ្វើឱ្យព្រះឈឺចាប់ ធ្វើឱ្យអ្នកដទៃឈឺចាប់ ហើយបណ្ដាលឱ្យយើងត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ។ តើមានចរិតលក្ខណៈណា ដែលអ្នកធ្លាប់បានគេចវេះពីមិត្តភក្តិ និងសមាជិកក្រុមគ្រួសារ ឬដោយព្រោះទង្វើបាបពីមុនដែលអ្នកប្រឹងលាក់យ៉ាងកំបាំង ដែរឬទេ? អ្នកមិនអាចលាក់រឿងអស់ទាំងនោះពីព្រះជាម្ចាស់បានទេ។ តើអ្នកនឹងដើរតាមគំរូរបស់ ស្ដេច ដាវីឌ នៅក្នុងអត្ថបទគម្ពីរនៅថ្ងៃនេះ ដែរឬទេ? ចូរសារភាពទោសកំហុសពីរាល់អំពើបាប ដែលអ្នកដឹងទាំងឡាយទៅដល់ព្រះអម្ចាស់ ហើយចូរមកទទួលពីអំណរនៃការបានស្ដារឡើងវិញ ចំពោះទំនាក់ទំនង ហើយនិងដួងចិត្តថ្មីរបស់អ្នក ដើម្បីឱ្យអ្នកអាចលើកសរសើរតម្កើង ហើយនិងបម្រើព្រះនោះវិញ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org