ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ បានដាក់រាល់ក្ដីសង្ឃឹមរបស់គាត់ទៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ទាំងជឿថាព្រះអង្គនឹងនាំឱ្យ លោក ដូអេក ឱ្យវិនាស ដោយសារតែគាត់បានស្រឡាញ់ការអាក្រក់ជាជាងការល្អ។ ព្រះជាម្ចាស់នឹងបង្រ្កាបមនុស្សអាក្រក់យ៉ាងអាម៉ាស់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
លោក ដូអេក ដែលជាសាសន៍អេដុម និងជាមេកើយនៃក្រុមអ្នកគង្វាលរបស់ ស្ដេច សូល បានរៀបរាប់ប្រាប់ដល់ស្ដេច ពីរបៀបដែល បូជាចារ្យ អ័ហ៊ីម៉ាលេក បានផ្ដល់ជាជំនួយទៅឱ្យ ដាវីឌ។ ក្រោមការបញ្ជារបស់ ស្ដេច សូល លោក ដូអេក បានសម្លាប់បូជាចារ្យដល់ទៅ ៨៥ នាក់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដើម្បីបានជាការសងសឹក (១ សាំយូអែល ២១-២២)។ នៅពេលបានឮពីដំណឹងនេះ ដាវីឌ បានតាក់តែង ទំនុកតម្កើង ៥២ ដើម្បីស្រែករកព្រះ ឱ្យសងសឹកដល់ទង្វើអាក្រក់ដែលបានប្រព្រឹត្តឡើង។ វាពិតជារឿងសំខាន់ ក្នុងការកត់ត្រាពីសំណូមពររបស់ ដាវីឌ ដោយយល់ថា សកម្មភាពរបស់គាត់ មិនមែនជារឿងវាយបកសងសឹកនោះទេ ប៉ុន្តែវាជាការស្នើដែលស្របតាមចរិតលក្ខណៈយុត្តិធម៌របស់ព្រះ។ នៅជំពូកទី ៥៣ សេចក្ដីពិតត្រូវបានសង្កត់ធ្ងន់បន្ថែមទៀត ដោយព្រះទ្រង់ស្អប់ខ្ពើមអស់អ្នកដែលប្រព្រឹត្តការអាក្រក់ ហើយនឹងវិនិច្ឆ័យទោសលើសកម្មភាពរបស់ពួកគេ។ នៅថ្ងៃណាមួយ ការបះបោរប្រឆាំងរបស់ពួកមនុស្សប្រព្រឹត្តការអាក្រក់ចំពោះព្រះ នឹងត្រូវប្រឈមចំពោះភាពយុត្តិធម៌របស់ព្រះ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ការដឹងពីរបៀបក្នុងការអធិស្ឋានពិតជាពិបាក នៅពេលដែលយើងសង្កេតឃើញពីជម្រៅនៃទង្វើអាក្រក់ ដែលមាននៅក្នុងពិភពលោករបស់យើង។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ នោះយើងបានទទួលនូវបទបញ្ជាឱ្យស្រឡាញ់ខ្មាំងសត្រូវរបស់យើង ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង បើកសម្ដែងពីកំហឹងសុចរិតនៃព្រះ ដើម្បីប្រឆាំងទាស់នឹងរាល់អ្វីៗដែលមិនមែនជាទង្វើបរិសុទ្ធ។ តើអ្នកគួរអធិស្ឋានយ៉ាងណាសម្រាប់ខ្មាំងសត្រូវរបស់ព្រះ? អ្នកអាចមានទំនុកចិត្តប្រាកដជាក់ ក្នុងការអធិស្ឋានដោយស្របតាមបំណងព្រះទ័យ ហើយនិងស្របតាមចរិតលក្ខណៈរបស់ព្រះ។ ព្រះទ្រង់យុត្តិធម៌ ហេតុដូច្នេះហើយ យើងអាចអធិស្ឋានឱ្យភាពយុត្តិធម៌នៃព្រះបានសម្រេច។ ព្រះជាម្ចាស់ក៏មានព្រះទ័យស្រឡាញ់និងមេត្តាផងដែរ ដូច្នេះហើយ យើងអាចអធិស្ឋានសម្រាប់មនុស្ស ដែលពួកគេសម្រេចចិត្តមក ដើម្បីទទួលបានពីចំណេះដឹងនៃក្ដីសង្គ្រោះពីព្រះយេស៊ូ(វ) គ្រីស្ទ។ តើអ្នកនឹងទុកទង្វើសងសឹកចំពោះរឿងអាក្រក់ ដែលអ្នកបានមើលឃើញនិងទទួលរង ឱ្យព្រះចាត់ចែងដែរឬទេ? ភាពយុត្តិធម៌នៃព្រះនឹងយកឈ្នះនៅទីបញ្ចប់។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









