ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 37 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះដ៏ជាអម្ចាស់ពេញដោយព្រះចេស្ដា ព្រះជាម្ចាស់នៃយ៉ាកុប ទ្រង់ជាទីជម្រក និងជាកំពែងសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។ អ្នកនិពន្ធទំនុកតម្កើងដឹកនាំប្រជាជនឱ្យសរសើរតម្កើងដល់ព្រះ ដែលជាព្រះមហាក្សត្រនៅលើរាល់អ្វីៗនៃផែនដី។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងទាំងនេះ រំឭកដល់ទេវតា ចំពោះជ័យជម្នះរបស់ព្រះនៅលើទ័ពរបស់ពួកអាសស៊ើរ ដែលបានហ៊ុំព័ទ្ធក្រុងយេរូសាឡឹម (២ ពង្សាវតាក្សត្រ ១៩)។ ស្ដេច ហេសេគា បានដកខ្លួនទៅឯព្រះវិហារ ដើម្បីអធិស្ឋានពេញមួយយប់ មុនពេលខ្មាំងសត្រូវមានគម្រោងចង់វាយលុក។ ពន្លឺនៅព្រឹកថ្ងៃបន្ទាប់បានបើកសម្ដែងពីការប្រោសលោះនៃព្រះ ដោយគ្មាននរណាម្នាក់ អាចលើកដាវប្រឆាំងតបតបាននោះទេ។ ជញ្ជាំងក្រុងនឹងពុំអាចទប់ឈ្នះការវាយប្រហាររបស់ពួកសាសន៍អាសស៊ើរបានឡើយ ប៉ុន្តែព្រះអម្ចាស់ដ៏មានពេញដោយព្រះចេស្ដា ព្រះអង្គផ្ទាល់ គឺជាប៉មយ៉ាងរឹងមាំរបស់ប្រជារាស្រ្តព្រះ។ រាល់អ្វីដែលពួកគេគ្រាន់តែធ្វើ នោះគឺ «នៅឱ្យស្ងៀម ទាំងដឹងថាព្រះអង្គគឺជាព្រះ»។ មួយយប់ពេញដោយភាពភ័យថប់ព្រួយ បានផ្ទុះឡើងជាសម្រែកនៃអំណរ ការអរទះដៃ និងចម្រៀងនៃការសរសើរតម្កើងទៅវិញ។ ព្រះជាម្ចាស់នៃយ៉ាកុប បានបង្ហាញឱ្យឃើញ ថាព្រះអង្គគឺជាព្រះនៅលើរាល់អាណាចក្រទាំងឡាយនៃផែនដី នោះគឺគ្រាន់តែ ស្ដេច ហេសេគា បានអធិស្ឋានតែប៉ុណ្ណោះ។

តើខ្ញុំគួរឆ្លើយតបដោយរបៀបណា?

តើអ្នកនឹងត្រូវឆ្លើយតបយ៉ាងណា នៅពេលដែលស្ថានភាពយ៉ាងអន្ទះអន្ទែង កំពុងតែរំកិលខិតចូលមកជិតរូបអ្នក? តើអ្នកនឹងប្រឹងប្រែង រួតរះលើកកម្លាំង ដើម្បីគ្រប់គ្រងលើរាល់ស្ថានភាព ប្រៀបបានដូចមានព្យុះកាចកំពុងតែមកដល់ឬយ៉ាងណា? ទំនុកតម្កើងនៅថ្ងៃនេះ រំឭកដល់យើងឱ្យប្រព្រឹត្តតាមគំរូរបស់ ស្ដេច ហេសេគា ដែលលោកបានឈប់បង្អង់សិន រួចលោកបានអធិស្ឋាន ហើយនិងបានសរសើរតម្កើង។ ប្រសិនបើអ្នកកំពុងតែត្រូវនៅក្នុងទីស្ងប់ស្ងៀមមុននឹងគ្រាមានព្យុះមកដល់ ចូរព្រមនៅស្ងៀមចំពោះព្រះភក្រ្តព្រះអម្ចាស់ ទាំងនិយាយយ៉ាងទៀងត្រង់ជាមួយនឹងព្រះអំពីរាល់ទុក្ខកង្វល់របស់អ្នកចុះ។ តើឱ្យព្រះជាម្ចាស់អាចប្រយុទ្ធតតាំងសម្រាប់អ្នកបានដោយរបៀបណា ប្រសិនបើអ្នកខំតែប្រឹងគ្រប់គ្រងលើរាល់ស្ថានភាព ដោយខ្លួនឯងរហូតនោះ? ដំណោះស្រាយរបស់ព្រះអង្គប្រហែលមិនមកភ្លាមៗនោះទេ ប៉ុន្តែក្នុងរាល់គ្រប់បទពិសោធន៍ដ៏អាក្រក់ទាំងឡាយ នោះអ្នកនឹងយល់ដឹងពីពាក្យពេចន៍របស់ លោក ម៉ាធីន លូស៊ើរ នៅពេលដែលគាត់ថ្លែងឡើងថា៖ «ប៉មដ៏ខ្លាំងក្លានោះគឺជាព្រះជាម្ចាស់នៃយើង!»។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org