ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងស្រាយពន្យល់ពីការពិត ដែលថាគ្មាននរណាម្នាក់ អាចរក្សាទ្រព្យសម្បត្តិ បន្ទាប់ពីខ្លួនបានបាត់បង់ជីវិតទៅហើយ នោះបានឡើយ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
កវីទំនុកតម្កើងនេះ មានបំណងបង្កើតជាប្រស្នាមួយ បែបជាលក្ខណៈតន្រ្តី ដើម្បីជំរុញដល់អស់ទាំងអ្នកមាននិងអ្នកក្រ ឱ្យពួកគេគិតពិចារណាអំពីភាពជាក់ស្ដែង ថាមនុស្សពុំអាចយកប្រាក់កាសមកទិញជីវិតពីសេចក្ដីស្លាប់ ឬទិញការសង្គ្រោះ ដើម្បីបានទៅឯស្ថានសួគ៌នោះបានឡើយ។ អ្នកមានពុំគ្រាន់បើជាងអ្នកដទៃ បន្ទាប់ពីខ្លួនគាត់ស្លាប់ទៅ ដោយសារតែទ្រព្យសម្បត្តិ ដែលគាត់មាននៅក្នុងជីវិតនេះទេ។ សំណួរដែលកវីបានដាក់ស្នើ នោះគឺថា៖ តើហេតុអ្វីបានជាអ្នកត្រូវភ័យខ្លាចចំពោះគ្រាលំបាកនានា ឬក៏ថាត្រូវខ្លាចមនុស្សដែលប្រឹងល្មោភចង់បានទ្រព្យ ដោយទង្វើបោកបញ្ឆោតអ្នកដទៃយ៉ាងដូច្នេះ? អស់អ្នកដែលបានចម្រុងចម្រើន ប៉ុន្តែគ្មានការយល់ដឹងខាងឯព្រលឹងវិញ្ញាណ នោះនឹងត្រូវឈរនៅចំពោះព្រះអង្គជាម្ចាស់ ទាំងខ្លួនក្ស័យធន។ ផ្ទុយទៅវិញ អស់អ្នកណាដែលមានចំណេះដឹងផ្ទាល់ពីព្រះ នោះគេមានទ្រព្យខាងឯព្រលឹងវិញ្ញាណ ដែលនៅស្ថិតស្ថេរ ហួសលើសពីរាល់វិបត្តិទាំងឡាយ ដែលមាននៅក្នុងជីវិតនេះទៅទៀត។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ព្រះគម្ពីរមិនបានចែងថាការមានប្រាក់កាស នោះជារឿងខុសឆ្គងទេ។ អ្នកជឿព្រះ នៅក្នុងគ្រប់ជំនាន់ សុទ្ធតែបានប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន សម្រាប់បុព្វហេតុរបស់ព្រះគ្រីស្ទ។ បញ្ហាដែលមាន នោះគឺជាការទន់ទោររបស់យើង ដែលប្រឹងទៅពឹងផ្អែកលើប្រាក់ជាជាងលើព្រះ។ ចំនួនទឹកប្រាក់មាននៅក្នុងកុងធនាគាររបស់អ្នក មិនគួរជាទីកង្វល់ខ្លាំងជាងការដែលខាងព្រលឹងវិញ្ញាណរបស់អ្នក កំពុងតែក្ស័យធន នៅចំពោះព្រះភ័ក្រ្តរបស់ព្រះនោះឡើយ។ តើអ្នកកំពុងតែផ្ដោតទៅលើភាពចម្រុងចម្រើនទ្រព្យសម្បត្តិនៅលើផែនដីនេះ ឬក៏កំពុងតែសន្សំទ្រព្យសម្រាប់ភាពដ៏អស់កល្បជានិច្ច (ម៉ាថាយ ៦៖១៩-៣៤)? ប្រសិនបើព្រះបានប្រទានពរដល់អ្នក តាមរយៈថវិកា តើអ្នកនឹងដាក់ទុនធនធានអស់ទាំងនោះនៅក្នុងកិច្ចការ ឬព័ន្ធកិច្ចរបស់ព្រះ ដោយរបៀបណា នៅក្នុងសប្ដាហ៍នេះ? ដោយមិនផ្អែកទៅលើស្ថានភាពថវិការបស់អ្នក ចូរជ្រើសរើសដាក់ជំនឿរបស់អ្នក និងទីសុខសុវត្ថិភាពរបស់អ្នក នៅក្នុងព្រះ មិនមែននៅក្នុងអ្វីៗដែលព្រះអង្គប្រទានពរឱ្យដល់អ្នកនោះឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









