ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 43 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានអធិស្ឋានសម្រាប់ជំនួយរបស់ព្រះ ដើម្បីតទល់នឹងមនុស្សឃោរឃៅដែលព្យាយាមយកជីវិតរបស់គាត់។ គាត់ធ្លាប់ព្រួយខកចិត្ត ដោយសារតែមិត្តរបស់គាត់បានក្លាយទៅជាសត្រូវទៅវិញ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងទាំងពីរនេះ បង្ហាញឱ្យឃើញពីភាពឈឺចុកចាប់នៃទង្វើក្បត់។ សេចក្ដីអធិស្ឋានរបស់ ដាវីឌ នៅក្នុង ទំនុកតម្កើង ៥៤ ស្ដីពីពួកស៊ីភ ដែលទោះបើពួកគេរស់នៅតាមព្រំដែននៃស្រុកយូដា – ដែលជាកុលសម្ពន្ធផ្ទាល់របស់ ដាវីឌ ក្ដី – ពួកគេបានបែរមកប្រឆាំងទាស់នឹងគាត់ ដល់ទៅពីរដង នៅក្នុងក្ដីសង្ឃឹម ថាពួកគេនឹងបានផ្គាប់ចិត្តចំពោះ ស្ដេច សូល (១ សាំយូអែល ២៣៖១៩-២៣, ២៦៖១-៣)។ ទំនុកតម្កើង ៥៥ ត្រូវបានសរសេរឡើង នៅគ្រាក្រោយទៀតនៃជីវិតរបស់ ដាវីឌ ដែលនោះជាសេចក្ដីថ្លែងអំពីរឿងក្បត់ផ្ទាល់មួយ – ដោយបុត្រផ្ទាល់របស់ស្ដេច គឺអាប់សាឡុម និងមិត្តជិតស្និទ្ធឈ្មោះ អ័ហ៊ី‌ថូផែល ។ ជីវិតរបស់ ស្ដេច ដាវីឌ ពិតណាស់ជាត្រូវរងទុក្ខ គ្មានថ្ងៃងើប ពេញដោយភាពល្វីងជូរចត់ និងមានសុទ្ធដោយរឿងសងសឹក ប្រសិនបើគាត់នៅបន្តផ្ដោតចិត្តរបស់គាត់ទៅលើភាពឈឺចាប់អស់ទាំងនោះ ប៉ុន្តែគាត់ពុំបានធ្វើយ៉ាងដូច្នោះឡើយ ដោយគាត់បានបែរទៅផ្ដោតចិត្តលើព្រះជាម្ចាស់ ដែលជាព្រះអាចជួយសង្គ្រោះរូបគាត់។ គាត់ដោះស្រាយវិបត្តិ ដោយទៅទុកចិត្តលើព្រះដ៏ស្មោះត្រង់របស់គាត់ ដែលជាព្រះតែងតែស្ដាប់ តែងតែជួយ និងតែងតែទ្រទ្រង់ដល់គាត់នោះវិញ។ គាត់បានជ្រើសរើសសម្លឹងមើលទៅព្រះ ហើយមកសរសើរតម្កើងដល់ព្រះនាមរបស់ព្រះអង្គជាជាងទៅដើរដេកក្នុងភក់ ប្រៀបបានដូចជាមនុស្សគ្មានក្ដីសង្ឃឹម គួរឱ្យអាណិត។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើអ្នកអាចសម្គាល់រូបខ្លួនអ្នកទៅនឹងភាពឈឺចុកចាប់នៃទង្វើក្បត់នេះដែរឬទេ? មិត្តរួមការងាររបស់អ្នកប្រហែលជាព្យាយាមធ្វើយ៉ាងណាឱ្យអាជីពការងាររបស់ខ្លួនបានខ្ពស់ឡើង ក្នុងខណៈពេលគាត់និយាយចាក់ចុចពីរូបអ្នក។ អាក្រក់ជាងនេះទៅទៀត ប្រហែលជាអាចមានសមាជិកក្រុមគ្រួសារណាមួយ ឬមិត្តភក្ដិជិតស្និទ្ធណាម្នាក់ ហ៊ានក្បត់ទំនុកចិត្តរបស់អ្នក ក៏ថាបាន។ នៅពេលដែលព្រឹត្តិការណ៍អស់ទាំងនោះ បង្វែរផ្លូវដំណើរដែលអ្នកបានគ្រោងទុកសម្រាប់ជីវិតរបស់អ្នក នោះក្ដីអស់សង្ឃឹម អាចបង្កឱ្យកំហឹង និងភាពល្វីងជូរចត់កកើតឡើង ហើយឱ្យវានៅក្នុងរយៈពេលមួយវែងថែមទៀត។ តើអ្នកនឹងថ្វាយការឈឺចុកចាប់ទាំងនោះ ទៅដល់ព្រះយេស៊ូ(វ) ឥឡូវនេះ ដែរឬទេ? ព្រះអង្គស្ដាប់សំឡេងអធិស្ឋានរបស់អ្នក ហើយព្រះអង្គនឹងនៅស្មោះត្រង់ចាំជួយ ហើយទ្រទ្រង់រូបអ្នក មិនថាជាមាននរណា គេបែរទៅទាស់ប្រឆាំងនឹងរូបអ្នកនោះទេ។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org