ទំនុកតម្កើង 48:1-14

ទំនុកតម្កើង 48:1-14 គខប

ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​ត្រូវ​តែ​លើក​តម្កើង​ឲ្យ​ខ្ពង់‌ខ្ពស់​បំផុត នៅ​ក្នុង​បុរី​ព្រះ‌ជាម្ចាស់​របស់​យើង គឺ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ព្រះ‌មហា‌ក្សត្រ ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។ នៅ​ក្នុង​បុរី​នេះ គេ​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំ។ ស្ដេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់‌ស្លុត ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ា បំបែក​នាវា​ដ៏​ធំៗ។ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​នឹង​ការពារក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ យើង​ខ្ញុំ​រិះគិត​អំពី​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​អើយ ដូច​ព្រះ‌នាម​របស់​ព្រះអង្គ ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ព្រះអង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាល ផែនដី​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​គ្រប់‌គ្រង​ដោយ​សុចរិត។ សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើង សូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំង ដ្បិត​ព្រះអង្គ​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។ ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំ‌វិញ​ក្រុង​ស៊ីយ៉ូន! ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល! ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖ «ព្រះ‌ជាម្ចាស់​ពិត​ជា​ព្រះ​របស់​យើង អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​ជា​អ្នក​ដឹក​នាំ​យើង ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។