ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
អ្នកនិពន្ធទំនុកតម្កើងបានច្រៀងពីសិរីតេជៈនៃស្ដេច និងភាពដ៏រុងរឿង ហើយសម្រស់ដ៏ស្រស់សោភានៃកូនក្រមុំ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះ គឺពិពណ៌នាអំពីពិធីរៀបមង្គលការរបស់មហាក្សត្រដ៏រុងរឿងនិងសែនអស្ចារ្យ។ ទោះបីជាយើងពុំដឹងថាទំនុកតម្កើងនេះបានតាក់តែងតាំងពីពេលណា ឬថាទំនុកតម្កើងនេះចង់និយាយសំដៅទៅរកព្រះមហាក្សត្រណាមួយ នោះក្ដី ក៏សេចក្ដីពណ៌នាទាំងឡាយ គឺថ្លែងទៅកាន់ស្ដេច សាឡូម៉ូន ឬស្ដេច ហេសេគា។ ដោយសារតែស្ដេចបានស្រឡាញចំពោះទង្វើសុចរិត ហើយស្អប់ចំពោះទង្វើអាក្រក់ នោះស្ដេចនេះ បានទទួលនូវព្រះគុណពីព្រះ ទាំងបាននឹកចាំដោយពួកមនុស្សប្រុសស្រីផង។ ប៉ុន្តែ លើសពីនេះទៅទៀត ការសោយរាជ្យរបស់ស្ដេច នោះបានផ្សាភ្ជាប់ទៅនឹងរបៀបរបស់ព្រះយេស៊ូ(វ)ផ្ទាល់ ដោយយោងតាមអ្នកសរសេរកណ្ឌគម្ពីរហេព្រើរ ដែលលោកបានថ្លែងលើកឡើងពីខគម្ពីរទាំងឡាយ ដែលដកស្រង់ចេញមកពីទំនុកតម្កើងនេះ ទាក់ទិនទៅនឹងភាពដ៏ឧត្ដុងឧត្ដមបំផុតនៃព្រះគ្រីស្ទ (ហេព្រើរ ១៖៨-៩)។ លោក យ៉ូហាន ក៏បានប្រើអត្ថបទថ្លែងពីព្រះមេស្ស៊ីនេះ នៅក្នុងកណ្ឌគម្ពីរវិវរណៈ ដើម្បីពិពណ៌នាអំពីការយាងមករបស់ព្រះគ្រីស្ទសម្រាប់ក្រុមជំនុំរបស់ព្រះអង្គផងដែរ។ ប្រៀបដូចជាកូនក្រមុំបានបំពាក់សម្លៀកបំពាក់ដ៏ស្រស់សោភា ដើម្បីបានជាទីគាប់ចិត្តដល់កូនកម្លោះ នោះក្រុមជំនុំត្រូវបានបំពាក់ដោយភាពសុចរិតនៅពេលដែលព្រះមហាក្សត្រ ដែលជាអង្គព្រះយេស៊ូ(វ) យាងមកទទួលកូនក្រមុំរបស់ព្រះអង្គនោះដែរ (វិវរណៈ ១៩៖៦-៨)។
តើខ្ញុំត្រូវឆ្លើយតបដោយរបៀបណា?
ក្រុមជំនុំរបស់ព្រះយេស៊ូ(វ)គ្រីស្ទ គឺផ្សែផ្សំគ្នាឡើង ដោយមនុស្សពីសម័យកាលទាំងឡាយ ដែលពួកគេបានដាក់ជំនឿរបស់ពួកគេនៅលើព្រះ សម្រាប់សេចក្ដីសង្គ្រោះចេញពីអំពើបាបរបស់ពួកគេ។ សម្រាប់រូបយើងរាល់គ្នា ដែលជាអ្នកនៅរស់រានមានជីវិត និងជាអ្នកដើរតាមព្រះនាពេលសព្វថ្ងៃ ឥឡូវនេះគឺជាគ្រាដែលយើងត្រូវត្រៀមរៀបចំខ្លួន ក្នុងនាមជាកូនក្រមុំរបស់ព្រះគ្រីស្ទ។ ស្ថានភាពក្រុមជំនុំទាំងមូល គឺពឹងផ្អែកទៅលើក្រុមជំនុំមូលដ្ឋាននីមួយៗ ដែលទាំងនោះគឺអាស្រ័យទៅលើជីវិតនៃសមាជិកម្នាក់ៗ ដែលរស់នៅចេះស្ដាប់បង្គាប់។ ប្រសិនបើព្រះយេស៊ូ(វ)យាងមកវិញនៅថ្ងៃនេះ តើអ្នកនឹងពាក់ខោអាវប្រឡាក់ ប្រៀបដូចជាកន្ទប ឬពាក់នូវភាពសុចរិតរបស់ព្រះអង្គ? តើអ្នកបានត្រៀមខ្លួនយ៉ាងសកម្មនៅក្នុងការចូលរួមជួយក្រុមជំនុំតាមមូលដ្ឋាន ក្នុងនាមខ្លួនជាកូនក្រមុំរបស់ព្រះគ្រីស្ទ ដោយរបៀបណា? ចូរសម្រេចប្ដេជ្ញាចិត្ត ថាអ្នកនឹងមិនខ្ជះខ្ជាយពេលវេលា សូម្បីតែមួយថ្ងៃ ដើម្បីត្រៀមរៀបចំខ្លួន ក្នុងខណៈពេលដែលយើងទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអង្គ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More