ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។ សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រទានពរដល់ព្រះអង្គរហូតតទៅ។ ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។ សូមព្រះអង្គយាងគង់លើព្រះរាជរថ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមទ្រង់ទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។ សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គ បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមព្រះបាទារបស់ព្រះរាជា។ បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានព្រះជាម្ចាស់ ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឲ្យព្រះអង្គ មានអំណរសប្បាយដ៏លើសលុប ដោយចាក់ប្រេងអភិសេកព្រះអង្គ។ ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។ ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រី របស់ស្ដេចនគរនានា ហើយព្រះមហាក្សត្រិយានីទ្រង់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីតគង់នៅខាងស្ដាំព្រះអង្គ។ ព្រះអង្គម្ចាស់ក្សត្រិយ៍អើយ សុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី! ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យ នឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់ ចូរក្រាបថ្វាយបង្គំព្រះអង្គទៅ ព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។ ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយ មកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុនព្រះនាង។ ព្រះអង្គម្ចាស់ក្សត្រិយ៍គង់នៅក្នុងព្រះបរមរាជវាំង ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ ព្រះភូសារបស់ព្រះនាងលំអទៅដោយមាស។ គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌ និងមានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។ ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា ដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរ យ៉ាងសប្បាយ។ បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រ ព្រះអង្គបានឡើងគ្រងរាជ្យ តពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះអង្គនឹងតែងតាំងព្រះបុត្រា របស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។ ទូលបង្គំនឹងថ្លាថ្លែងរំឭកពីព្រះនាម របស់ព្រះអង្គរហូតតទៅ ហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើង ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅដែរ។
អាន ទំនុកតម្កើង 45
ស្ដាប់នូវ ទំនុកតម្កើង 45
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 45:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ