ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ បានទូលសូមព្រះឱ្យបង្កភាពហិនវិនាស និងក្ដីអាម៉ាស់ចំពោះអស់អ្នកដែលបានតបស្នងការល្អរបស់គាត់ ជាមួយនឹងការអាក្រក់។ គាត់បានសម្លឹងមើលទៅកាន់ពេលវេលា ដែលគាត់អាចសរសើរតម្កើងដល់ព្រះជាសាធារណៈ ដ្បិតព្រះបានបង្ហាញថាគាត់គឺជាមនុស្សគ្មានទោស។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ៣៥ គឺជាទំនុកតម្កើងបែបដាក់បណ្ដាសា ដោយព្រោះថា ដាវីឌ មិនគ្រាន់តែទូលសូមឱ្យព្រះ ដើម្បីយកឈ្នះលើខ្មាំងសត្រូវរបស់គាត់តែប៉ុណ្ណោះនោះទេ ប៉ុន្តែគាត់បានស្នើឱ្យព្រះបំផ្លាញពួកគេទាំងស្រុង។ ក្រុមប្រឹក្សារបស់ ស្ដេច សូល មិនសុទ្ធតែជាមនុស្សដែលខ្សឹបខ្សៀវពីរឿងកុហកអំពី ដាវីឌ ទៅក្នុងត្រចៀករបស់ស្ដេច ។ មនុស្សដែល ដាវីឌ ធ្លាប់ចាត់ទុកថាជាមិត្ត ពួកគេបានសើចចំអក ហើយបង្កើនឱ្យគាត់មានពេញដោយភាពឈឺចាប់ និងទុក្ខព្រួយ។ វាជារឿងចាំបាច់ ដែលយើងត្រូវនឹកចាំថា អារម្មណ៍របស់ ដាវីឌ គឺជាអារម្មណ៍របស់មនុស្សពិត។ ប៉ុន្តែអារម្មណ៍នេះគឺតម្រឹមជាប់ទៅនឹងភាពយុត្តិធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះ សម្រាប់អស់អ្នកដែលប្រឆាំងទាស់ ហើយបដិសេធចំពោះគោលបំណងរបស់ព្រះ។ ដោយហេតុថា ដាវីឌ ជាមនុស្សព្រះចាក់ប្រេងតាំងឱ្យក្លាយទៅជាស្ដេច នោះគាត់ជាតំណាងឱ្យគោលបំណងរបស់ព្រះសម្រាប់ប្រជារាស្រ្តអ៊ីស្រាអែល។ ហេតុដូច្នេះហើយ សេចក្ដីនេះ គឺជាការទូលអង្វរសម្រាប់ព្រះនាមព្រះ និងជាបុព្វហេតុឱ្យភាពយុត្តិធម៌បន្តឈរនៅ។ ដាវីឌ បានចង្អុលបង្ហាញពីភាពអយុត្តិធម៌ ទៅដល់ព្រះដ៏យុត្តិធម៌របស់គាត់ ហើយគាត់បានអធិស្ឋានដោយយោងលើបំណងព្រះហឫទ័យព្រះ ដោយថា មនុស្សអាក្រក់ពុំអាចមានជ័យជម្នះនៅលើមនុស្សសុចរិតបានទេ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តាំងពីអ្នកនៅក្មេង អ្នកប្រហែលជាធ្លាប់លេងល្បែង "ខ្សឹប" ឬ "ទូរស័ព្ទ" នោះហើយ។ ល្បែងនេះវាតម្រូវឱ្យមានឃ្លា ឬពាក្យ យកទៅខ្សឹបប្រាប់ពីមនុស្សមួយទៅមនុស្សមួយនៅក្នុងរង្វង់ ឬតាមជួរ។ តែពេលទៅដល់មនុស្សចុងក្រោយ យើងក៏ជ្រាបថា សារដែលបានប្រាប់នោះ បែរជាក្លាយទៅជាសារបញ្ចុះបញ្ចូល និងខូចទ្រង់ទ្រាយដើមយ៉ាងយ៉ាប់យ៉ឺន។ រឿងដូចគ្នានេះអាចកើតមានឡើងនៅក្នុងជីវិត។ មិនថាជាអ្នកបានចំណាយពេលច្រើនប៉ុណ្ណា ដើម្បីនិយាយប្រាប់ ផ្ញើសារ និងដាក់បង្ហោះលើបណ្ដាញសង្គម វាពិតជាមិនអាចទៅរួច ក្នុងការកែតម្រូវនូវពាក្យពេចន៍ដែលថ្លែងឡើងក្នុងចេតនាព្យាបាទបានទេ។ ថែមពីនេះ ប្រសិនបើអ្នកឈ្លក់តែក្នុងអ្វីដែលមនុស្សដទៃគេនិយាយពីអ្នក នោះអ្នកនឹងប្រហែលជារងការរំខាន ចេញពីគោលបំណងដែលព្រះបានប្រទានដល់អ្នកដែរ។ ចម្បាំងខាងវិញ្ញាណគឺត្រូវតែច្បាំងដោយអាវុធខាងវិញ្ញាណ – ការអធិស្ឋាន និងការចំណាយពេលជាមួយព្រះបន្ទូលព្រះ។ តើអ្នកត្រូវការថ្លែងពាក្យអធិស្ឋានរបស់អ្នក សម្រាប់ការការពារពីព្រះ ឱ្យបានដូចអ្វីដែល ដាវីឌ បានថ្លែង នៅក្នុងអត្ថបទគម្ពីរនៅថ្ងៃនេះ ដោយរបៀបណា? តើអ្នកមានបំណងចិត្តជំរុញដោយភាពយុត្តិធម៌ ឬដោយការចង់សងសឹក? តើអ្នកខ្វល់ព្រួយចំពោះកិត្តិយសខ្លួន ឬខ្វល់ពីកិត្តិនាមរបស់ព្រះ? ចូរស្វែងរកមើលនៅក្នុងអត្ថបទព្រះគម្ពីរ ដើម្បីឱ្យអ្នកអាចអធិស្ឋាន ដោយស្របតាមបំណងព្រះហឫទ័យរបស់ព្រះ រួចហើយចូរទុករាល់ភារកិច្ចទាំងឡាយនៅនឹងព្រះអង្គចុះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More