ទំនុកតម្កើង 35:1-28

ទំនុកតម្កើង 35:1-28 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ប្រឆាំង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។ សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់! សូម​គប់​លំពែង និង​ពូថៅ ប្រហារ​អស់​អ្នក​ដែល​ដេញ​តាម​ទូលបង្គំ សូម​បញ្ជាក់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ។ សូម​ឲ្យ​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ ត្រូវ​អាម៉ាស់ និង​បាក់​មុខ សូម​ឲ្យ​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស! នៅ​ពេល​ទេវតា*​របស់​ព្រះ‌អម្ចាស់ បណ្ដេញ​ពួក​គេ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។ នៅ​ពេល​ទេវតា​របស់​ព្រះ‌អម្ចាស់​ដេញ​តាម​ពួក​គេ សូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុង និង​រអិល​ទៀត​ផង!។ អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ ដើម្បី​ទាក់​ទូលបង្គំ ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។ សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយ ដោយ​មិន​បាន​ដឹង​ជា​មុន សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​បង្កប់​ទុក សូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ ហើយ​វិនាស​អន្តរាយ​ទៅ!។ ពេល​នោះ ទូលបង្គំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ទូលបង្គំ​មាន​អំណរ​សប្បាយ មក​ពី​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ។ ទូលបង្គំ​នឹង​ទូល​ព្រះអង្គ​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ដូច​ព្រះអង្គ​ឡើយ ព្រះអង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ព្រះអង្គ​រំដោះ​ជន​កម្សត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។ មាន​សាក្សី​ក្លែងក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ គេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការ ដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។ គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង នឹង​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ទូលបង្គំ​នៅ​ឯកោ​ម្នាក់​ឯង។ ពេល​ពួក​គេ​ឈឺ ទូលបង្គំ​បាន​ជួយ​រំលែក​ទុក្ខ ទូលបង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ទូលបង្គំ​ទូល‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។ ទូលបង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បងប្អូន ទូលបង្គំ​ព្រួយ​ចិត្ត​សោក​សង្រេង ដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។ ផ្ទុយ​ទៅ​វិញ ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់ បាន​វាយ​ទូលបង្គំ និង​ហែក‌ហួរ​ទូលបង្គំ ឥត​ឈប់​ឡើយ។ ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូលបង្គំ។ ព្រះ‌អម្ចាស់​អើយ! តើ​ព្រះអង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​របស់​ពួក​គេ សូម​ការពារ​ជីវិត​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន ជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​ចាញ់ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល ពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។ ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។ ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ទូលបង្គំ គេ​ស្រែក​ចំអក​ឲ្យ​ទូលបង្គំ​ថា «ហា៎ ហ៎ា! យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀមព្រះ‌អម្ចាស់​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​សុចរិត សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង កុំ​បណ្តោយ​ឲ្យ​ពួក​គេ​បាន​សប្បាយ ព្រោះ​ទូលបង្គំ​ចាញ់​នោះ​ឡើយ។ សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា «យើង​មាន​ប្រៀប​លើ​វា​ហើយ!» សូម​កុំ​ឲ្យ​គេ​ពោល​ថា «យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។ សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ទូលបង្គំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ទូលបង្គំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។ រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ ទូលបង្គំ​ជា​មនុស្ស​គ្មាន​ទោស សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ ដោយ​អំណរ​សប្បាយ ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់! ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​បាន​ជោគ​ជ័យ!»។ ពេល​នោះ ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ជានិច្ច ហើយ​ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ!។