ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 30 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ចូរកុំភិតភ័យនៅពេលដែលមនុស្សអាក្រក់គេបានជោគជ័យ ប៉ុន្តែចូរធ្វើការល្អ។ ចូរទុកចិត្តនិងអរសប្បាយរីករាយនៅក្នុងព្រះអម្ចាស់។ ចូរនៅស្ងៀមហើយថ្វាយផ្លូវរបស់អ្នកទៅព្រះអង្គ ទាំងរង់ចាំដោយអត់ធ្មត់ ពីព្រោះព្រះអង្គលើកតម្កើងមនុស្សសុចរិត។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ស្ដេច ដាវីឌ មានប្រាជ្ញាញាណ ប្រៀបទៅដូចនឹងបុរសមានវ័យចំណាស់ ដែលគាត់ធ្លាប់បានសង្កេតមើលមនុស្ស ទាំងពីការល្អ ហើយនិងការអាក្រក់។ មិនដូចជា កណ្ឌគម្ពីរ យ៉ូប នោះទេ ទំនុកតម្កើងនេះ មិនមែនថ្លែងពន្យល់ពីសំណួរថា៖ «តើហេតុអ្វីបានជាព្រះអនុញ្ញាតឱ្យមានការអាក្រក់កើតឡើង?» នោះទេ។ ជួសវិញ ស្ដេច ដាវីឌ គ្រាន់តែផ្ដោតអារម្មណ៍របស់យើងទៅលើអ្វី ដែលមនុស្សសុចរិតអាចគ្រប់គ្រងបានតែប៉ុណ្ណោះ – វាគឺជាការឆ្លើយតបរបស់ពួកគេ ចំពោះទង្វើអាក្រក់ ដែលបន្តកើតមាននៅក្នុងពិភពលោក។ បុត្រធីតាដែលទុកចិត្តព្រះ ស្វែងរកឃើញនូវក្ដីសោមនស្ស តាមរយៈអ្វីដែលនាំឱ្យព្រះគាប់ព្រះហឫទ័យ ដែលទង្វើនេះ នាំឱ្យក្ដីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់គេ បានតម្រឹមទៅនឹងបំណងហឫទ័យនៃព្រះ។ មនុស្សសុចរិតមិនចាំបាច់ប្រឹងគប់គិត ស្វែងរករឿងអ្វី ដើម្បីបានសុខសុវត្ថិភាពនោះឡើយ។ ពួកគេអាចគ្រាន់តែរស់នៅក្រោមរាល់អ្វីៗ ដែលព្រះជាម្ចាស់ឧបត្ថម្ភដល់ពួកគេនោះបានហើយ ទាំងដឹងថាព្រះនឹងមើលថែរក្សា និងបំពេញរាល់តម្រូវការរបស់ពួកគេផង។ នៅចុងបញ្ចប់ ពេលវេលានឹងដើរទៅមុខ ជាន់កែងជើងរបស់មនុស្សអាក្រក់នោះហើយ។ នៅថ្ងៃណាមួយព្រះជាម្ចាស់នឹងជម្រះបញ្ជីសម្រាប់ការប្រព្រឹត្តទាំងឡាយរបស់ពួកគេ។ មនុស្សអាក្រក់នឹងត្រូវលុបបំផ្លាញឱ្យបាត់ពីវត្តមានរបស់ព្រះ ប៉ុន្តែមនុស្សគោរពកោតខ្លាចព្រះ នឹងនៅបន្តសប្បាយរីករាយនៅក្នុងព្រះគុណ និងព្រះពររបស់ព្រះអស់កល្បជានិច្ច។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

វាពិតជារឿងឈឺចុកចាប់ណាស់ នៅពេលយើងមើលឃើញថា ការអាក្រក់ប្រៀបដូចជាកំពុងតែឈ្នះ ក្នុងខណៈពេលដែលសីលធម៌រស់នៅក្នុងសង្គម កំពុងតែបន្តដុនដាបទៅជារលួយ។ ព្រះជាម្ចាស់ត្រាស់ហៅឱ្យប្រជារាស្ត្រទ្រង់មានសកម្មភាព ប៉ុន្តែជំហានដំបូង នោះគឺរឿងយើងត្រូវធ្វើដោយផ្ទាល់ ជាជាងការទៅដាក់ញត្តិ ឬសំបុត្រនានាទៅក្នុងរដ្ឋសភា ដើម្បីទទួលបានការកែប្រែ។ ចូរមើលទៅក្នុង ទំនុកតម្កើង ៣៧ ម្ដងទៀត។ ចូរគូសរង្វង់ ឬដាក់គំនូសពណ៌ ទៅលើពាក្យកិរិយាស័ព្ទ ដែលស្ដេច ដាវីឌ បានប្រើ៖ ទុកចិត្ត រីករាយ ផ្ទេរថ្វាយ នៅស្ងៀម ប្រព្រឹត្តល្អ រង់ចាំ និងរក្សាមាគ៌ារបស់ព្រះ។ មួយវិញទៀត ចូរកត់សម្គាល់ពីអ្វីដែលយើងត្រូវធ្វើ៖ ចូរកុំភ័យខ្លាច ចូរទប់កំហឹង ចូរបែរចេញពីភាពក្រេវក្រោធនិងការអាក្រក់។ តើចំណុចណាខ្លះ ដែលអ្នកគិតថាជាភាពខ្លាំងរបស់អ្នក ហើយតើចំណុចណាខ្លះ ដែលនៅតែជាផ្នែកមួយនៃភាពខ្សោយនៅក្នុងជីវិតរបស់អ្នក? មុននឹងអ្នករកទៅបញ្ចេញកំហឹងនៅលើបណ្ដាញសង្គមពីរឿងអាក្រក់ទាំងឡាយដែលកំពុងតែកើតមានឡើងនៅក្នុងពិភពលោក នោះចូរទូលសូមព្រះ ឱ្យបើកសម្ដែងឱ្យអ្នកឃើញយ៉ាងជាក់ ពីរាល់ផ្នែកទាំងឡាយណាដែលខ្លួនអ្នកផ្ទាល់ មិនទាន់បានទុកចិត្ត ឬមិនទាន់អរសប្បាយរីករាយនៅក្នុងព្រះអង្គនៅឡើយ។ តើអ្នកអាចបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់អ្នកចំពោះព្រះបន្ទូលនៃព្រះ នៅថ្ងៃនេះ បានដោយរបៀបណា?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org