ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 31 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ការលុតដំរបស់ព្រះចំពោះអំពើបាបរបស់ ស្ដេច ដាវីឌ នោះនាំមកនូវទុក្ខទោស និងការឈឺចាប់ផ្នែករូបកាយយ៉ាងអធិកអធម ដែលការនេះជំរុញឱ្យ ស្ដេច ដាវីឌ សារភាពពីអំពើបាបរបស់គាត់ ហើយត្រូវនៅទន្ទឹងរង់ចាំពីការឆ្លើយតបរបស់ព្រះ។

តើទំនុកតម្កើងនេះ មានន័យយ៉ាងណា?

ទង្វើផិតក្បត់របស់ ស្ដេច ដាវីឌ ជាមួយនឹងនាង បេតសេបា និងការសម្លាប់ប្ដីរបស់នាង សឹងតែនាំឱ្យគាត់វិនាសអន្តរាយ បើយើងសង្កេតមើលពីការលន់តួរបស់គាត់នៅក្នុងទំនុកតម្កើងមួយចំនួន (ដូចមានចែងក្នុងជំពូកទី ៦ ទី ៣២ ទី ៣៨ និងទី ៥១)។ សេចក្ដីពណ៌នានៃស្ថានភាពរាងកាយរបស់គាត់ នៅក្នុងអត្ថបទទាំងប៉ុន្មាននោះ បាននាំឱ្យអ្នកប្រាជ្ញជាច្រើនជឿថា ស្ដេច ដាវីឌ បានកើតជំងឺឃ្លង់។ ទោះជាជំងឺទាំងអស់មិនមែនបង្កឡើងដោយសារតែអំពើបាបក៏ដោយ ក៏ទំនុកតម្កើង ក្នុងជំពូកនេះ បានបញ្ជាក់យ៉ាងច្បាស់ថាព្រះជាម្ចាស់ នៅពេលខ្លះ ប្រើវិធានការយ៉ាងហួសប្រមាណ ចំពោះបុត្រធីតារបស់ព្រះអង្គ ដើម្បីចង្អុលបង្ហាញឱ្យគេទទួលស្គាល់ពីទង្វើខុសឆ្គងទាំងអម្បាលម៉ានរបស់ខ្លួន។ ភាពអន្ទះអន្ទែងខ្លោចផ្សានៃផ្លូវអារម្មណ៍និងផ្លូវគំនិតរបស់ ស្ដេច ដាវីឌ វាស្មើទៅនឹងស្ថានភាពដ៏ឈឺចុកចាប់ខាងឯស្ថានភាពរូបកាយរបស់គាត់។ ការលត់ដំយ៉ាងចាស់ដៃរបស់ព្រះជាម្ចាស់ បាននាំឱ្យ ស្ដេច ដាវីឌ ធ្លាក់ទៅក្នុងស្ថានភាពយ៉ាងអន្ទះអន្ទែង និងតម្រូវឱ្យគាត់សារភាពទោសកំហុសថែមទៀត។

តើខ្ញុំគួរឆ្លើយតបយ៉ាងណា?

ជំងឺនិងការឈឺចិត្ត នោះសុទ្ធតែជាផ្នែកនៃស្ថានភាពរបស់មនុស្ស ដោយព្រោះតែទង្វើបាប និងវាធ្វើឱ្យប៉ះពាល់ដល់ពិភពលោករបស់យើង។ មានពេលខ្លះដែរ ដែលព្រះជាម្ចាស់អនុញ្ញាតឱ្យវិបត្តិចូលមកក្នុងជីវិតរបស់អ្នក ដើម្បីបានជាមធ្យោបាយក្នុងការដាស់តឿនដល់រូបអ្នក ប្រសិនបើអ្នកមិនទាន់បានឆ្លើយតប ចំពោះការស្ដីបន្ទោសរបស់ព្រះ ចំពោះអំពើបាបរបស់អ្នកនៅឡើយ។ ចូរចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិតពីរាល់ការបង្កឡើងនៃភាពតានតឹង និងរឿងខ្លោចផ្សាទាំងឡាយ ដែលមាននៅក្នុងជីវិតរបស់អ្នក នៅថ្ងៃនេះ។ ចូរអង្គុយយ៉ាងស្ងៀមស្ងាត់ចំពោះព្រះអម្ចាស់ ទាំងទូលសូមព្រះអង្គ ឱ្យបើកសម្ដែងដល់អ្នក ថាតើការដែលបានកើតឡើងទាំងប៉ុន្មាននោះ គឺជាការលត់ដំរបស់ព្រះដែរឬយ៉ាងណា។ ចូរកុំនៅរង់ចាំរហូតទាល់តែព្រះអង្គនាំឱ្យអ្នកធ្លាក់ទៅក្នុងកម្រិតយ៉ាងអន្ទះអន្ទែងនោះសោះឡើយ។ ចូរសារភាពរាល់អំពើបាប ហើយចូរចាកចេញឆ្ងាយពីវា ដើម្បីឱ្យអ្នកអាចមានមនសិការយ៉ាងស្អាតស្អំនោះវិញ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org