ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 27 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានសរសើរតម្កើងព្រះ ដែលបានប្រោសលោះរូបគាត់ពីក្ដីភ័យខ្លាច និងវិបត្តិបញ្ហាទាំងឡាយរបស់គាត់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ដាវីឌ បានតាក់តែងទំនុកតម្កើងនេះ បន្ទាប់ពីគាត់បានរៀនពីមេរៀនដ៏មានតម្លៃមួយ ស្ដីអំពីការទុកចិត្តលើព្រះ។ គាត់បានក្លាយទៅជាមនុស្សដែលមានការភ័យខ្លាចជាខ្លាំងចំពោះ ស្ដេច សូល រហូតដល់គាត់ត្រូវសង្កត់ចិត្ត ហ៊ានរត់ទៅរកខ្មាំងសត្រូវ ដើម្បីបានជាការការពារ ជាជាងការទុកចិត្តនៅលើព្រះ (១ សាំយូអែល ២១)។ គាត់បានរកឃើញថាខ្លួនគាត់កំពុងតែស្ថិតនៅក្នុងទីដ៏គ្រោះថ្នាក់ ដែលទីនោះជាជំរុំនៃបច្ចាមិត្រ ហើយក៏ជាកន្លែងដែលនៅខាងក្រៅនៃបំណងព្រះទ័យរបស់ព្រះផង។ ក្រោយពីសឹងតែមិនបានលួចគេចខ្លួនរួច នោះ ដាវីឌ បានដឹងខ្លួនពីទង្វើដ៏ល្ងីល្ងើរបស់គាត់។ គាត់បានផ្ដល់មេរៀនអំពីអ្វីដែលគាត់រៀនបាននេះ ទៅឱ្យដល់មនុស្សជំនាន់ក្រោយ៖ ព្រះជាម្ចាស់ទតមើលឃើញពីវិបត្តិបញ្ហារបស់មនុស្សសុចរិត ហើយព្រះស្ដាប់ពាក្យអធិស្ឋានរបស់ពួកគេ ព្រមទាំងនៅជិតអស់អ្នកដែលបានខ្ទេចខ្ទាំចិត្តផង។ ជីវិតនឹងមិនអាចរួចផុតពីបញ្ហាបានទេ ប៉ុន្តែព្រះអម្ចាស់អាចប្រោសលោះ ថែមទាំងបញ្ជូនពួកទេវតារបស់ព្រះអង្គ ឱ្យមកតាំងទីជំរុំ នៅក្បែរអស់មនុស្សសុចរិត។ ដាវីឌ មានពោរពេញដោយការសរសើរតម្កើង ចំពោះព្រះអម្ចាស់ ដែលព្រះអង្គគឺជាទីជម្រកតែមួយគត់របស់គាត់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

សេចក្ដីភ័យខ្លាច អាចបណ្ដាលឱ្យយើងប្រព្រឹត្តទង្វើល្ងីល្ងើជាច្រើន។ មិនថាជាជីវិតរបស់យើងវារប៉ាត់រប៉ាយ ដោយយើងមិនអាចគ្រប់គ្រងវាបានប៉ុណ្ណានោះទេ តែវានៅតែជារឿងគ្រោះថ្នាក់ណាស់ ប្រសិនបើយើងប្រឹងធ្វើអ្វីដោយការគិត និងខំកម្ចាត់វា ដោយកម្លាំងផ្ទាល់របស់យើង។ តើនៅត្រង់ចំណុចណានៃជីវិតអ្នក ដែលអ្នកប្រហែលជាអាចភ័យស្លន់ស្លោពេក រហូតដល់បែរទៅរកទីកន្លែងផ្សេង ដើម្បីឱ្យអ្នកបានទីសុខសុវត្ថិភាពនោះ? តើព្រះបានមករំដោះនិងធ្វើការនៅក្នុងរូបអ្នក បន្ទាប់ពីអ្នកបានសម្រេចចិត្តយ៉ាងល្ងីល្ងើ ដោយរបៀបណា? មេរៀនទាំងឡាយដែលអ្នកបានឆ្លងកាត់ក្នុងអំឡុងពេលអស់ទាំងនោះ ពិតជាមានតម្លៃខ្លាំងណាស់។ អ្នកមិនគួរលាក់បាំងវាឡើយ។ តើព្រះកំពុងតែដាស់តឿនឱ្យអ្នកប្រាប់ទៅកាន់នរណា អំពីរាល់អ្វីៗដែលព្រះបានធ្វើការនៅក្នុងជីវិតរបស់អ្នក? អាចមាននរណាម្នាក់ក្នុងចំណោមរង្វង់មិត្តរបស់អ្នក ដែលគេកំពុងតែត្រូវការស្ដាប់ឮពីអ្នក ដើម្បីឱ្យគេបានដឹងថា ព្រះកំពុងតែស្ដាប់ឮ និងមើលឃើញពីបញ្ហារបស់គេ ហើយព្រះអង្គសព្វព្រះទ័យចង់រំដោះរូបគេ។ តើអ្នកនឹងចែករំលែកពីមេរៀនទាំងឡាយដែលអ្នកបានរៀនរួច ហើយនិងលើកសរសើរតម្កើងចំពោះភាពស្មោះត្រង់របស់ព្រះ នៅថ្ងៃនេះ ដែរឬទេ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org