ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 10 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះជាអម្ចាស់តើនឡើង ដើម្បីការពារអស់អ្នកដែលទន់ខ្សោយ និងអស់អ្នកដែលមានតម្រូវការ ឱ្យគេបានចេញឆ្ងាយពីមនុស្សដែលបោកប្រាស់។ តែទោះជាយ៉ាងនេះក្ដី ដាវីឌ មានអារម្មណ៍ថាខ្លួនគាត់ ត្រូវបានគេបោះបង់គាត់ចោល ក្នុងខណៈពេលដែលគាត់កំពុងតែទន្ទឹងរង់ចាំព្រះ។ ក្ដីស្រឡាញ់ដ៏ឥតឈប់ឈរនៃព្រះ បានបំពេញគាត់ដោយបទចម្រៀងថ្មី។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ការសម្លឹងមើលឃើញពីអ្វីៗនៅខាងក្រៅរបស់ ដាវីឌ នោះគឺអាស្រ័យទៅលើអ្វីៗ ដែលគាត់បានផ្តោតចិត្ត។ នៅពេលដែលគាត់ស្ដាប់តែពីអំនួតរបស់ខ្មាំងសត្រូវ ហើយគ្រាន់តែសម្លឹងមើលឃើញនូវកាលៈទេសៈរបស់គាត់ នោះរាល់អ្វីៗហាក់បីដូចជាព្រះកំពុងតែលាក់ខ្លួន ដោយទុកឱ្យយើងនៅធ្វើការទាំងឡាយ ទៅតាមគំនិតនិងអារម្មណ៍របស់យើងតែឯកឯង។ ប៉ុន្តែ នៅពេលដែល ដាវីឌ បានជ្រើសរើសផ្ដោតចិត្តគំនិតទៅលើក្ដីស្រឡាញ់នៃព្រះ និងដាក់ទំនុកចិត្ត ដែលគាត់អាចជឿបាននៅក្នុងព្រះបន្ទូលរបស់ព្រះ នោះគាត់ត្រូវបានបំពេញ ហើយបានហូរហៀរទាំងដឹងគុណ ចំពោះរាល់គ្រប់អ្វីៗដែលព្រះបានធ្វើ និងកំពុងនឹងធ្វើនោះវិញ។ នៅពេល ដាវីឌ បានផ្លាស់ប្ដូរការផ្ដោតចិត្តគំនិត នោះអារម្មណ៍របស់គាត់ ក៏បានផ្លាស់ប្រែដូចគ្នា។ គឺព្រះពុំបានបោះបង់គាត់ចោលឡើយ។ ព្រះបន្ទូលព្រះគឺជាទីទុកចិត្ត ហើយក្ដីស្រឡាញ់របស់ព្រះអង្គ គឺនៅស្ថិតស្ថេរជាដរាប។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ជានិច្ចកាល យើងពិបាកនឹងមិនមើលពីស្ថានភាពដែលមាននៅព័ទ្ធជុំវិញខ្លួនយើងណាស់។ អារម្មណ៍អវិជ្ជមានទាំងឡាយ អាចហូរចូលមក ដូចជាទំនប់បាក់មកលើរូបយើង នៅពេលដែលគ្រប់ស្ថានការណ៍ មើលទៅហាក់បីដូចជារឿងពុំល្អទាល់តែសោះ នៅគ្រប់ទិសទី ដែលយើងប្រឹងសម្លឹងមើល។ នៅពេលមានរឿងរ៉ាវយ៉ាងដូច្នេះកើតឡើង នោះចូរអ្នកប្រព្រឹត្តតាមគំរូរបស់ ដាវីឌ – គឺឈប់មើលទៅកាន់អ្វីៗដែលនៅជុំវិញ ប៉ុន្តែចូរជ្រើសរើសមើលទៅលើព្រះ។ អ្នកអាចមានប្រតិកម្មចំពោះស្ថានភាពរបស់អ្នក ឬឆ្លើយតបទៅតាមព្រះបន្ទូលនិងក្ដីស្រឡាញ់នៃព្រះ។ វាលើសពីរបៀបដែលយើងមានអត្តចរិតវិជ្ជមានទៅទៀត៖ វាជាការទុកចិត្តទាំងស្រុង នៅក្នុងព្រះដែលអាចធ្វើការយ៉ាងល្អបំផុត ដើម្បីបានជាប្រយោជន៍ដល់អ្នក។ ព្រះជាម្ចាស់ទតឃើញលើសពីវិបត្តិបញ្ហាបច្ចុប្បន្នរបស់អ្នក។ តើមានរឿងអ្វីដែលព្រះ ប្រហែលជាកំពុងតែធ្វើ ប៉ុន្តែអ្នកមើលមិនឃើញដែរឬទេ? តើព្រះជាម្ចាស់បានធ្វើការល្អអ្វីខ្លះសម្រាប់អ្នក ទោះបើជាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ? ចូរកត់ត្រាពីរឿងហេតុបីចំណុច ដែលអ្នកអាចថ្វាយការអរព្រះគុណទៅព្រះអង្គ នាពេលឥឡូវនេះ។ រួចហើយ នៅថ្ងៃនេះ ចូរអ្នកជ្រើសរើសផ្ដោតចិត្តគំនិតទៅលើក្ដីស្រឡាញ់ និងការមើលថែរក្សា ដែលព្រះមានសម្រាប់អ្នក នោះវិញ។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org