ទំនុកតម្កើង 12:1-8

ទំនុកតម្កើង 12:1-8 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង! ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោម មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។ ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។ សូម​ព្រះ‌អម្ចាស់​បំបិទ​មាត់​ដែល​ចេះ​តែ​ពោល ពាក្យ​បញ្ចើច‌បញ្ចើ និង​កាត់​អណ្ដាត ដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។ ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។ ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ* គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត ក្នុង​ឡ​ប្រាំ‌ពីរ​ដង​ទៅ​ទៀត។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជានិច្ច ព្រះអង្គ​នឹង​ការពារ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​រហូត​ត​ទៅ ទោះ​បី​មាន​ជន​ពាល​ដើរ​ក្រឡឹង​ជុំ‌វិញ​យើង​ខ្ញុំ ឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌ស កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។