ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
មនុស្សល្ងីល្ងើគេនិយាយថាគ្មានព្រះនោះទេ ដូច្នេះហើយ គេបែរទៅរកទង្វើពុករលួយ ហើយនិងប្រព្រឹត្តអ្វីដែលមិនល្អទាល់តែសោះ។ ប៉ុន្តែមនុស្សសុចរិតគេស្នាក់នៅជាមួយព្រះអម្ចាស់ ហើយគេនឹងមិនរង្គើនោះឡើយ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងទាំងនេះ បានគូសបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សទីទៃពីគ្នា។ មនុស្សល្ងីល្ងើដែលមានចែងនៅក្នុងទំនុកតម្កើង ១៤ គឺជាមនុស្សខ្វះក្រមសីលធម៌ មិនមែនជាមនុស្សខ្វះភាពឆ្លាតវៃខាងប្រាជ្ញានោះទេ។ កវីទំនុកតម្កើងគូសថ្លែងបង្ហាញ ថាមនុស្សគ្រប់រូប មានជាប់ប្រឡាក់ដោយបាប ហើយថាទង្វើអាក្រក់នឹងតែងតែលេចចេញមក នៅពេលណាដែលគេមិនព្រមទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះ។ មនុស្សដែលមានចែងនៅក្នុងទំនុកតម្កើង ១៥ គឺជាមនុស្សនៅប៉ែកម្ខាងទៀតនៃរង្វាស់នេះ ដែលក្ដីប៉ងប្រាថ្នាដ៏លើសលប់របស់ពួកគេ នោះគឺពួកគេចង់បន្តរស់នៅក្នុងព្រះវត្តមាននៃព្រះអម្ចាស់។ ពួកគេគ្មានស្នាមណាមួយប្រឡាក់ពីបាបនៅក្នុងពាក្យសម្ដី ឬការប្រព្រឹត្តរបស់ពួកគេជាមួយអ្នកដទៃ ឬសូម្បីតែជាមួយសត្រូវរបស់ពួកគេក៏ដោយ។ មនុស្សតែមួយដែលអាចផ្គូផ្គងត្រូវគ្នាយ៉ាងល្អឥតខ្ចោះ ចំពោះសេចក្ដីពិពណ៌នានេះ នោះគឺមានតែអង្គព្រះយេស៊ូ(វ) ផ្ទាល់តែមួយប៉ុណ្ណោះ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
កង្វះក្រមសីលធម៌ ឬភាពគ្មានទោសកំហុស … ចំពោះមនុស្សភាគច្រើន យើងនឹងនិយាយបរិយាយពីខ្លួនឯង ថាយើងស្ថិតនៅចន្លោះនៃរង្វាស់នេះ។ តែទោះជាយ៉ាងនេះក្ដី ព្រះយេស៊ូ(វ) ពុំដែលត្រាស់ហៅឱ្យនរណាម្នាក់ មករស់នៅក្នុងជីវិតបែបគ្រីស្ទបរិស័ទដែលមិនសូវមានតម្លៃ បែបលំៗនោះឡើយ។ តាមពិតជាក់ស្ដែង ព្រះអង្គបានបង្រៀនដល់អ្នកដើរតាមព្រះអង្គ ឱ្យពួកគេរស់នៅតាមរបៀបនៃជីវិត ដូចដែលមានចែងនិងបរិយាយនៅក្នុង ទំនុកតម្កើង ១៥ (ម៉ាថាយ ៥-៧) នេះឯង។ ការស្ថិតនៅក្នុងភាពគ្មានទោសកំហុសនៅចំពោះព្រះនេត្រនៃព្រះ នោះមិនមែនមានន័យថាអ្នកល្អឥតខ្ចោះនោះទេ ប៉ុន្តែក្នុងនាមជាអ្នកដើរតាមដានព្រះគ្រីស្ទ ជីវិតរបស់អ្នក គួរតែបង្ហាញចេញពីចរិតលក្ខណៈ ដែលព្រះអង្គបានប្រព្រឹត្តនៅលើផែនដីនេះដូចគ្នា។ តើមានគុណតម្លៃណាមួយនៅក្នុងទំនុកតម្កើង ១៥ ដែលអ្នកត្រូវការបណ្ដុះបណ្ដាលបន្ថែមទៀត? ក្នុងខណៈពេលដែលអ្នករៀនស្ដាប់ពីព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះ ចូរតាំងចិត្ត ថាអ្នកនឹងមិននៅស្កប់ចិត្ត ក្នុងជីវិតដែលរស់ តាមបែបក្ដៅមិនក្ដៅ ត្រជាក់មិនត្រជាក់ នោះឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









