ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 8 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះអម្ចាស់មើលទៅហាក់បីដូចជានៅឆ្ងាយពីផែនការគប់គិតរបស់ពួកមនុស្សអាក្រក់។ ប៉ុន្តែ ព្រះអង្គអាចហៅពួកគេឱ្យមកទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ ហើយការពារដល់អស់អ្នកដែលត្រូវបានគេជិះជាន់ ដ្បិតពួកគេបាននៅរង់ចាំព្រះសម្រាប់ជាជំនួយ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ចំពោះកវីទំនុកតម្កើង គាត់មើលទៅដូចជាឃើញថាព្រះកំពុងតែរត់ពួន ក្នុងខណៈពេលដែលមនុស្សអាក្រក់បានរៀបចំផែនការអាក្រក់ ដើម្បីប្រឆាំងទាស់នឹងមនុស្សត្រឹមត្រូវ ហើយនិងពួកអ្នកទន់ខ្សោយ។ ភាពក្រអឺតក្រទមគឺជាកត្តាជំរុញដល់ពួកមនុស្សមិនគោរពកោតខ្លាចព្រះទាំងនេះ ដោយឱ្យពួកគេប្រើពាក្យពេចន៍ប្រទេចផ្ដាសា កុហក និងគំរាមយ៉ាងផ្ដេសផ្ដាសចំពោះព្រះ ហើយនិងប្រជារាស្រ្តរបស់ព្រះអង្គ។ ពួកគេបានគិតថាខ្លួនគ្មាននរណាអាចហ៊ានប៉ះពាល់បាន។​ ពួកគេគិតថាខ្លួនជាមនុស្សអច្ឆរិយៈ និងគ្មានផលអ្វីអាចកើតឡើងចំពោះទង្វើដែលគេប្រព្រឹត្តនោះទេ ដោយព្រោះថាពួកគេអាចរត់គេចខ្លួនបាន ដោយប្រើយុទ្ធសាស្រ្តធ្វើឱ្យមនុស្សម្នាអាណិតចំពោះខ្លួន។ កវីទំនុកតម្កើងផ្ដោតចិត្តគំនិតរបស់គាត់សាជាថ្មីទៅលើអ្វីដែលគាត់យល់ដឹងថាជាសេចក្ដីពិតត្រឹមត្រូវ៖ ព្រះដ៏គង់នៅអស់កល្បរបស់គាត់ ទតឃើញ និងជ្រាបដឹងពីរាល់គ្រប់អ្វីៗទាំងអស់ ហើយព្រះអង្គអាចការពារអស់អ្នកដែលទន់ខ្សោយនិងអស់សង្ឃឹម។ ជាមួយនឹងដួងចិត្ត និងគំនិតឈរយ៉ាងមាំ នោះកវីនិពន្ធបានទូលសូមពេញដោយទំនុកចិត្តទៅព្រះ សម្រាប់ការលើកទឹកចិត្ត ហើយនិងភាពយុត្តិធម៌។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

យើងអាចមើលឃើញជារៀងរាល់ថ្ងៃ គឺថា៖ មនុស្សដែលមិនគោរពកោតខ្លាចព្រះ ធ្វើទុក្ខទោសដល់មនុស្សដទៃផ្សេងទៀត។ ជារឿយៗ វាមើលទៅហាក់បីដូចជាពួកចោរលួចអត្តសញ្ញាណ និងពួកភារវករកំពុងតែយកឈ្នះលើចម្បាំង។ ដូច្នេះ យើងរអ៊ូរទាំ។ យើងផ្ញើសារ។ យើងបង្ហោះពីរឿងនិងបញ្ហានោះ។ យើងដាក់ផ្សាយពីទង្វើអយុត្តិធម៌ទាំងប៉ុន្មាននោះ។ ប៉ុន្តែ តើយើងធ្លាប់ដែលបានទៅទូលថ្វាយពីការអស់ទាំងនេះ ដោយផ្ទាល់ ទៅដល់ព្រះជាអម្ចាស់ ដែលអាចវិនិច្ឆ័យទោស ទៅលើរាល់ទង្វើដែលមនុស្សប្រព្រឹត្ត ដែរឬទេ? តើអ្នកត្រូវការចំណាយពេលសម្រាប់អធិស្ឋានទៅលើវិបត្តិបញ្ហាណាខ្លះ ជាជាងចំណាយពេលនៅលើទូរស័ព្ទ ឬជជែកវែកញែកនៅតាមបណ្ដាញសង្គមនានា? ពិតប្រាកដមែនថា នៅក្នុងខ្សែជីវិតទាំងមូលរបស់អ្នក អ្នកប្រហែលជាមិនអាចមើលឃើញពីយុត្តិធម៌ពេញលេញចំពោះរឿងហេតុ ដែលអ្នកខ្វល់ខ្វាយ ហើយត្រូវនឹងសាច់រឿងរបស់អ្នកនោះណាស់។ តែអ្នកអាចមានទំនុកចិត្ត ដោយជឿថា ពួកមនុស្សអាក្រក់ និងពួកមនុស្សក្រអឺតក្រទម គេនឹងទទួលបានផលទៅតាមអ្វីដែលខ្លួនបានប្រព្រឹត្ត នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។

អត្ថបទគម្ពីរ

ថ្ងៃ 7ថ្ងៃ 9

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org