ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 6 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះនាមរបស់ព្រះអម្ចាស់រុងរឿងអស្ចារ្យជាងអ្វីៗដែលមាននៅលើផែនដីនេះទៅទៀត។ ហើយព្រះអង្គសក្ដិសមនឹងទទួលបានការលើកតម្កើង។ ដោយគិតពិចារណាពីភាពដ៏ឧត្ដុងឧត្ដមនៃធម្មជាតិដែលព្រះបានបង្កើត – តើហេតុអ្វីបានជាព្រះបានប្រទានឱ្យមនុស្សលោកនូវសិរីរុងរឿង កិត្តិយស និងឱ្យមើលថែរបស់អស់ទាំងនោះ ដូច្នេះ?

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទោះបីជា ដាវីឌ គ្រាន់តែបានសម្លឹងមើលឃើញពីភាពធំយ៉ាងមហាសាលនៃធម្មជាតិក្នុងសកលលោកតែមួយភ្លែត តែគាត់បានមានអារម្មណ៍ថាខ្លួនពិតជាមិនសូវសំខាន់ នៅពេលដែលគាត់សម្លឹងមើលជុំវិញពិភពលោក ហើយសញ្ជឹងគិតពីព្រះដែលបានបង្កើតរាល់របស់អស់ទាំងនោះយ៉ាងលម្អិតនិងច្បាស់លាស់មែនទែន។ ទោះជាអញ្ចឹងក្ដី ព្រះដ៏គួរឱ្យស្ញប់ស្ញែង បានបង្កើតមនុស្សលោក។ ព្រះអង្គបានប្រទានឱ្យគេមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងលើរាល់អ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើត។ ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះជីវិតរបស់ពួកគេថែមទៀត។ លើសពីអ្វីៗដែលព្រះអង្គបានបង្កើតមក តើហេតុអ្វីបានជាព្រះយកព្រះទ័យទុកដាក់ចំពោះមនុស្សលោកច្រើនជាងអ្វីៗយ៉ាងដូច្នេះ? មិនដូចជាសត្វបក្សាបក្សី ត្រី និងចៀម នោះទេ មនុស្សត្រូវបានបង្កើតឡើងក្នុងរូបលក្ខណៈផ្ទាល់របស់ព្រះជាម្ចាស់។ មានតែមនុស្សលោកតែមួយប៉ុណ្ណោះ ដែលអាចមានសមត្ថភាពរួមប្រកបក្នុងទំនាក់ទំនងមួយជាមួយនឹងព្រះ ទាំងគេអាចមានហេតុផលក្នុងការសម្គាល់និងយល់ពីសិរីរុងរឿងរបស់ព្រះ ហើយលើកសរសើរតម្កើងពីព្រះនាមដ៏ឧត្ដុងឧត្ដម និងពីភាពល្អក្រៃលែងរបស់ព្រះថែមទៀត។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

បើអ្នកទម្លាប់ខ្លួនជាមួយនឹងអ្វីមួយកាន់តែយូរប៉ុណ្ណា នោះអ្នកនឹងចាប់ផ្ដើមលែងខ្វល់ពីរបស់នោះច្រើនយ៉ាងហ្នឹងដែរ។ ដោយអាស្រ័យទៅលើទីតាំងដែលអ្នករស់នៅ នោះអ្នកប្រហែលជាអាចមើលឃើញពីទេសភាពដ៏ស្រស់ត្រកាលនៃដងភ្នំ ឬទីវាល ដែលលាតសន្ធឹង ឬមានផ្ទៃសមុទ្រដ៏មហាសាល។ ប៉ុន្តែ តើអ្នកមានធ្លាប់ដែលយកពេលវេលា ដើម្បីសម្លឹងមើល និងគិតពិចារណាពីអ្វីដែលអ្នកបានមើលឃើញដែរឬទេ? ចូរដាក់ផែនការ យកពេលខ្លះ នៅក្នុងសប្ដាហ៍នេះ ដើម្បីឡើងភ្នំ មើលព្រះអាទិត្យរះឬលិច ឬសម្លឹងគយគន់មើលហ្វូងតារាទាំងឡាយ។ នៅពេលដែលអ្នកទៅដល់ទិសដៅរបស់អ្នក នោះចូរអានពី ទំនុកតម្កើង ៨ ក្នុងរបៀបនៃការថ្វាយបង្គំ។ នោះអ្នកនឹងបានត្រឡប់មកកាន់ពីទីនោះវិញ ក្នុងអារម្មណ៍មួយថ្មី ដែលមានពេញទៅដោយភាពស្ញប់ស្ញែង ហើយនិងមានអំណរគុណសម្រាប់ទំនាក់ទំនងរបស់អ្នក ជាមួយនឹងព្រះដ៏អស្ចារ្យជាក់ជាមិនខាន។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org