ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 5 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានស្រែករកព្រះ ឱ្យឈ្វេងយល់ពីដួងចិត្តនិងគំនិតរបស់គាត់ – ក៏ដូចគ្នាចំពោះខ្មាំងសត្រូវរបស់គាត់ – រួចហើយគាត់សូមឱ្យព្រះវិនិច្ឆ័យទោសដោយភាពសុចរិត។ គាត់បានថ្វាយការអរព្រះគុណ និងលើកសរសើរតម្កើងដល់ព្រះដ៏សុចរិតនិងខ្ពង់ខ្ពស់បំផុត។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ដាវីឌ បានតាក់តែងទំនុកតម្កើងនេះ ដើម្បីឆ្លើយតបទៅកាន់រឿងមួយ ដោយមានម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមិន ឈ្មោះ ខូស។ ទោះជាពុំបានបរិយាយក្ដី យើងអាចដឹងថា ខូស គឺជាបក្ខពួកក្នុងចំណោមពួកអ្នកបម្រើរបស់ ស្ដេច សូល ដែលជាក្រុមបានបំពុលគំនិតរបស់ ស្ដេច សូល ដោយលើកពីរឿងកុហកបោកប្រាស់ ប្រឆាំងទាស់នឹង ដាវីឌ (១ សាំយូអែល ២៤៖៩)។ ដោយសារតែគ្មានអ្វីអាចលាក់បាំងចំពោះព្រះបាន នោះ ដាវីឌ បានទូលសូមព្រះឱ្យលាតត្រដាងពីទង្វើឧបាយកលរបស់មនុស្សម្នាក់ៗ ហើយសូមឱ្យព្រះបង្ហាញពីសេចក្ដីពិត។ គាត់បានទុកចិត្តលើព្រះ ថាព្រះអង្គគឺជាម្ចាស់គ្រប់គ្រង និងជាចៅក្រមដ៏សុចរិតនៅលើរាល់អ្វីៗទាំងអស់។ មិនថាជាសកម្មភាពអ្វីដែលព្រះអង្គសម្រេចព្រះទ័យនឹងធ្វើ ឬប្រព្រឹត្តនោះទេ ការទាំងនោះសុទ្ធតែយុត្តិធម៌។ គាត់បានទុករាល់អ្វីៗទាំងអស់នៅនឹងព្រះ ដ្បិតព្រះអង្គធ្វើការដោយសច្ចៈត្រឹមត្រូវចំពោះគ្រប់មនុស្សទាំងអស់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

អ្នកប្រហែលជាត្រូវប្រឈមតទល់នឹងមនុស្សលំបាកមួយចំនួន នៅក្នុងដំណើរជីវិតរស់នៅរបស់អ្នក។ តើអ្នកនឹងឆ្លើយតបចំពោះអស់អ្នកទាំងនោះដោយរបៀបណា ប្រសិនបើប្រៀបទៅនឹងអ្វីដែល ដាវីឌ បានថ្លែងនៅក្នុងអត្ថបទគម្ពីរ ដែលមានចែងនៅថ្ងៃនេះ? ប្រសិនបើមានការចោទប្រកាន់កើតឡើង ចូរទូលថ្វាយដល់ព្រះទាំងបន្ទាបខ្លួន ដើម្បីឱ្យព្រះអង្គបង្ហាញដល់អ្នក ថាតើមានផ្នែកណាមួយនៃរឿងទាំងនោះ ជាផ្នែកនៃសេចក្ដីពិត។ ចូរទូលសូមព្រះ ឱ្យព្រះអង្គឈ្វេងយល់ពីដួងចិត្តនិងគំនិតរបស់អ្នក ថាតើអ្នកមានទីកំបាំង (កន្លែងអ្នកមើលពុំឃើញ) ចំពោះបញ្ហាណាមួយ រួចហើយចូរប្រគល់ការអស់ទាំងនោះទុកឱ្យព្រះចាត់ការ។ តែនេះមិនមែនមានន័យថាអ្នកលែងអធិស្ឋានអំពីការនោះទៀតដែរ ប៉ុន្តែសេចក្ដីអធិស្ឋានរបស់អ្នកគួរតែជាការឆ្លុះបញ្ចាំងយ៉ាងបន្ទាបខ្លួន ដោយចេះទទួលស្គាល់ ថាព្រះជានរណា – ជាព្រះដ៏ខ្ពង់ខ្ពស់ឧត្ដុងឧត្ដម និងជាចៅក្រមដ៏សុចរិត។ មិនថាជារឿងអ្វីដែលព្រះអង្គសម្រេចព្រះទ័យនឹងធ្វើនោះទេ ការទាំងនោះសុទ្ធតែជារបៀបត្រឹមត្រូវ។ តើមានស្ថានភាព ឬទំនាក់ទំនងណាមួយ ដែលអ្នកត្រូវការអធិស្ឋាននាពេលឥឡូវនេះ រួចហើយត្រូវប្រគល់ការអស់ទាំងនោះ ថ្វាយទៅដល់ព្រះហស្ដដ៏សុចរិតនៃព្រះ ដែរឬទេ?

អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org