ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
បន្ទាប់ពីបានទួញយំអស់មួយរាត្រី ស្ដេច ដាវីឌ បានទូលសុំដល់ព្រះ ឱ្យរំដោះរូបកាយនិងព្រលឹងដែលកំពុងតែឈឺចុកចាប់របស់គាត់ ដោយក្ដីសន្ដោសមេត្តារបស់ព្រះអង្គ។ ព្រះជាម្ចាស់បានឮពីសម្រែកសុំជំនួយរបស់ ស្ដេច ដាវីឌ ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងដំបូងមានលក្ខណៈបែបជាការសារភាពទោសកំហុស បានបង្ហាញពីភាពឈឺចាប់ នៅពេលដែលទម្ងន់នៃបាប ត្រូវបានស្ដែងឱ្យយល់តាមរយៈការដាស់ឱ្យដឹងពីព្រះវិញ្ញាណបរិសុទ្ធ។ អំពើបាបជាក់លាក់នោះ ពុំបានថ្លែងប្រាប់ឱ្យដឹង នៅក្នុងទំនុកតម្កើង ដែលគ្មានកាលបរិច្ឆេទនេះទេ ប៉ុន្តែគំនិតទូទៅមួយ ដែលយើងអាចសម្គាល់ នោះគឺជាទង្វើបាបនៃការសម្លាប់ លោក អ៊ូរី បន្ទាប់ពីពេល ស្ដេច ដាវីឌ បានប្រព្រឹត្តទង្វើផិតក្បត់ជាមួយ នាង បាតសេបា។ តាមពាក្យពេចន៍របស់ ស្ដេច ដាវីឌ នោះគាត់ចង់បង្ហាញប្រាប់ថា ព្រះជាម្ចាស់ បានអនុញ្ញាតឱ្យគាត់រងការឈឺចាប់ក្រោមជំងឺមួយយ៉ាងធ្ងន់ធ្ងរ មុននឹងគាត់បានកែប្រែចិត្ត។ ក្នុងពេលតែមួយ មានខ្មាំងសត្រូវជាច្រើនបានប្រឹងព្យាយាមសម្លាប់រូបគាត់។ ក្ដីឈឺចុកចាប់ចំពោះរូបកាយ និងចិត្តគំនិតរបស់គាត់ នោះពិតជាធ្ងន់ធ្ងរក្រៃ រហូតដល់ ស្ដេច ដាវីឌ បានទួញយំពេញមួយយប់ – គឺយំយ៉ាងខ្លាំងរហូតដល់គាត់មើលលែងច្បាស់។ គាត់ចង់ថ្វាយបង្គំព្រះជាមួយនឹងមនសិការត្រឹមត្រូវជាខ្លាំង ហើយគាត់ក៏ចង់ស្ដារនូវទំនាក់ទំនងដ៏ជិតស្និទ្ធរបស់គាត់ជាមួយនឹងព្រះសាជាថ្មីវិញផងដែរ។ ក្ដីមេត្តាករុណារបស់ព្រះ នោះគឺជាទំនុកចិត្តតែមួយប៉ុណ្ណោះ សម្រាប់ ស្ដេច ដាវីឌ ដោយជឿថាព្រះនឹងឆ្លើយតបសេចក្ដីអធិស្ឋានរបស់គាត់ ហើយនិងផ្ដន្ទាទោសដូចគ្នាទៅកាន់ពួកមារសត្រូវរបស់គាត់។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ជារឿយៗ យើងមិនបានគិតនិងសម្គាល់ឃើញពីទម្ងន់នៃបាបរបស់យើងនោះទេ។ វាអាចគ្រាន់ដូចជាអារម្មណ៍មុតក្បាលម្ជុលតែបន្តិច ប៉ុន្តែមិនដឹងថាមានរបួសដ៏ធំមួយនៅក្នុងព្រលឹងវិញ្ញាណរបស់យើងសោះ។ យើងចេះស្រក់ទឹកភ្នែកទៅលើលទ្ធផលនៃបាប ជាជាងយល់ពីឥទ្ធិពលរបស់បាបទាំងនោះ ដែលវាប៉ះពាល់ទៅលើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគ្រីស្ទ ពីមួយគ្រាទៅមួយគ្រា។ ប្រហែលជាយើងមិនសូវយល់ពីអារម្មណ៍ឈឺចុកចាប់ ដែលបានបរិយាយនៅក្នុងទំនុកតម្កើងនេះទេមើលទៅ ដោយព្រោះតែយើងខ្វះទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះអម្ចាស់។ តើមានទង្វើបាបនាពេលបច្ចុប្បន្នណាមួយនៅក្នុងជីវិតរបស់អ្នក ដែលនាំឱ្យព្រះទ័យរបស់ព្រះសោយសោក? ចូរកុំលាក់ និងកុំចាត់ទុកវាថាជារឿងតូចតាច។ ចូរសម្លឹងមើលទៅកាន់បាបនោះ ហើយប្រឆាំងទាស់ រួចដោះស្រាយចំពោះវាផង។ ចូរអនុញ្ញាតឱ្យអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងដួងចិត្តរបស់អ្នក ដើម្បីឱ្យអ្នកអាចបែរមករកផ្លូវនៃក្ដីមេត្តារបស់ព្រះ រួចហើយមករកទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងព្រះគ្រីស្ទ សាជាថ្មីនោះវិញ។ តើអ្នកនឹងយក ទំនុកតម្កើង ៦ នេះ ធ្វើជាសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នកនៅថ្ងៃនេះ ដែរឬទេ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More