ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ព្រះអម្ចាស់ជាព្រះសុចរិត។ ព្រះបន្ទូលទ្រង់ពិតត្រង់ គួរឱ្យទុកចិត្តបាន និងនៅអស់កល្បជានិច្ច។ កវីតាក់តែងបានស្រក់ទឹកភ្នែក ដោយព្រោះមានទង្វើនៃការមិនស្ដាប់បង្គាប់ចំពោះក្រឹត្យវិន័យរបស់ព្រះ តែគាត់នៅបន្តដាក់ជីវិតរបស់គាត់ ទៅក្នុងសេចក្ដីសន្យា និងក្ដីសន្ដោសមេត្តារបស់ព្រះ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
នៅក្នុងអត្ថបទនេះទាំងមូល កវីនិពន្ធ បានថ្លែងពីអ្វីដែលគាត់បានដឹង ថាជាការពិតអំពីព្រះ និងពីព្រះបន្ទូលរបស់ព្រះអង្គ៖ ព្រះអម្ចាស់ជាព្រះសុចរិតនិងគង់នៅអស់កល្បជានិច្ច។ សេចក្ដីសន្យារបស់ព្រះអង្គគឺពិតត្រង់។ ក្រឹត្យវិន័យរបស់ព្រះអង្គគឺត្រឹមត្រូវ។ ហើយសេចក្ដីណែនាំរបស់ព្រះអង្គ គឺអាចឱ្យយើងទុកចិត្តបាន។ សេចក្ដីអធិស្ឋាននិងជំហររបស់កវីទំនុកតម្កើង នោះគឺប្រឆាំងទាស់ចំៗចំពោះអស់អ្នកដែលមិនអើពើចំពោះក្រឹត្យវិន័យ បញ្ញត្តិ និងគំនិតរបស់ព្រះ។ ហើយចិត្តគំនិតនិងជំហររបស់គាត់ នោះពិតជាត្រឹមត្រូវមែន។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
មតិយោបល់ខាងនយោបាយ និងសីលធម៌សន្មតដោយសង្គម នោះមានការលំអៀងចុះឡើង ដោយយោងទៅលើចិត្តគំនិតនិងការយល់ឃើញតាមសម័យកាល។ ប៉ុន្តែព្រះជាម្ចាស់ ហើយនិងព្រះបន្ទូលរបស់ព្រះអង្គ ពុំផ្លាស់ប្រែសោះឡើយ។ នឹងមានថ្ងៃមួយមកដល់ នៅពេលដែលរាល់គ្រប់អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានមានព្រះបន្ទូល នឹងត្រូវបានសម្រេច ហើយបញ្ជាក់ជាភស្ដុតាងថាពិតត្រង់។ រហូតដល់ថ្ងៃនោះនឹងមកដល់ នោះយើងម្នាក់ៗត្រូវតែសម្រេចចិត្ត ថាយើងនឹងប្រព្រឹត្តតាម ឬប្រឆាំងទាស់ ចំពោះការគិតដែលមាននៅក្នុងវប្បធម៌សង្គមនាពេលសព្វថ្ងៃ។ តើយើងនឹងឈរមាំនៅក្នុងព្រះបន្ទូលនៃព្រះដែរឬយ៉ាងណា? តើអ្នកទួញយំសោយសោកដោយព្រោះតែប្រទេសជាតិរបស់អ្នក គេមិនខ្វល់ពីសេចក្ដីពិត ដូចបានបើកសម្ដែងនៅក្នុងអត្ថបទព្រះគម្ពីរដែរឬទេ? តើមានមតិយោបល់ ការសម្រេចចិត្ត ឬមុខតំណែងនយោបាយណា ដែលអ្នកត្រូវការចុះចូល ទៅក្រោមសិទ្ធិអំណាចនៃព្រះបន្ទូលដ៏សុចរិត និងគង់នៅអស់កល្បរបស់ព្រះ ទោះបីជាវាមិនស្របនឹងអ្វីដែលវប្បធម៌សង្គមគេគិត ដែរឬទេ? អ្នកអាចដាក់ជីវិតរបស់អ្នកទាំងមានទំនុកចិត្ត ចំពោះសេចក្ដីសន្យារបស់ព្រះ នៅពេលណាដែលអ្នកជ្រើសរើសរស់នៅតាមបទបញ្ញត្តិរបស់ព្រះអង្គ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









