ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានស្រឡាញ់និងស្ដាប់បង្គាប់ក្រឹត្យវិន័យរបស់ព្រះ – ដោយការនេះបានប្រទានពរឱ្យគាត់មាននូវប្រាជ្ញា ការយល់ដឹង គំហើញគំនិត និងពន្លឺ។ ទង្វើនោះបានរក្សាឱ្យគាត់ឃ្លាតឆ្ងាយពីផ្លូវខុសឆ្គង ហើយងាកចេញពីអស់អ្នកដែលបានប្រព្រឹត្តការអាក្រក់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
សារអត្ថបទគម្ពីរនៅថ្ងៃនេះ បរិយាយពីផលប្រយោជន៍ជាច្រើននៃការស្រឡាញ់និងការស្ដាប់បង្គាប់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយមានអត្ថបទព្រះគម្ពីរជាធនធានចម្បងសម្រាប់ជីវិតរបស់គាត់ នោះកវីទំនុកតម្កើងទទួលបាននូវអត្ថប្រយោជន៍ជាងខ្មាំងសត្រូវ ក្រុមគ្រូបង្រៀន និងក្រុមពួកអ្នកចាស់ទុំទាំងឡាយ។ ចំណេះដឹងយ៉ាងមហាសាលរបស់ពួកគាត់ មិនអាចប្រៀបស្មើទៅនឹងគំហើញគំនិត បានមកពីព្រះនោះទេ។ អាយុកាល ឬក៏ថ្វីគំនិតខាងលោកិយរបស់ពួកគាត់ ក៏មិនអាចប្រៀបផ្ទឹមទៅនឹងព្រះប្រាជ្ញាញាណ ឬសមត្ថភាពក្នុងការយល់ដឹងពីរបៀប ដែលព្រះកំពុងតែធ្វើការនៅក្នុងពិភពលោកនេះបានដែរ។ មិនមែនដោយហេតុថាព្រះបើកសម្ដែងរាល់គ្រប់អ្វីៗ ដែលកវីទំនុកតម្កើងអាចដឹងបានទាំងប៉ុន្មាននោះទេ ប៉ុន្តែការសិក្សាពីក្រឹត្យវិន័យរបស់ព្រះ និងបញ្ញត្តិរបស់ព្រះជាទៀងទាត់ នោះបានប្រទានពរឱ្យគាត់មានពន្លឺគ្រប់គ្រាន់ សម្រាប់ឱ្យគាត់អាចមើលឃើញពីផ្លូវ ដែលមាននៅចំពោះមុខរូបគាត់។ ពន្លឺនោះបានឱ្យគាត់មើលឃើញយ៉ាងច្បាស់ពីអ្វីដែលត្រឹមត្រូវ និងពីអ្វីដែលខុសឆ្គង ហើយពន្លឺនោះក៏បំបាត់រាល់ក្ដីភ័យខ្លាចយ៉ាងខ្លាំងក្លាដែរ។ គាត់រំពឹងថាគាត់នឹងបានដើររួមជាមួយនឹងព្រះអស់មួយជីវិតរបស់គាត់ ដោយដើរនៅក្រោមពន្លឺព្រះ មួយជំហានម្ដង មួយជំហានម្ដង។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើអ្នកពឹងផ្អែកទៅលើធនធានអ្វីខ្លះ? តើអ្នករំពឹងលើការអប់រំរបស់អ្នក ដើម្បីឱ្យវាជួយដល់អ្នកក្នុងការយល់ពីហេតុផល ចំពោះមាគ៌ាទាំងឡាយ ដែលមាននៅក្នុងដំណើរជីវិតរបស់អ្នក? ប្រហែលជាអ្នកពឹងអាងទៅលើទីប្រឹក្សាយោបល់របស់ឪពុកម្ដាយ ឬបងៗ ដើម្បីជួយដឹកនាំទៅលើជម្រើសរបស់អ្នក។ ការអប់រំ និងបទពិសោធន៍ជាក់ស្ដែងគឺពិតជាសំខាន់ ប៉ុន្តែវានឹងមិនធានាថានឹងជួយផ្ដល់ជាគំហើញគំនិត ឬជាការយល់ដឹង ដើម្បីជួយឱ្យអ្នកអាចសម្រេចចិត្ត ដែលប្រកបដោយប្រាជ្ញាបានទេ។ ព្រះគម្ពីរគឺជាធនធានតែមួយគត់ ដែលអ្នកអាចពឹងពាក់អាស្រ័យបាន ហើយក៏ជាធនធានយ៉ាងប្រាកដប្រជាសម្រាប់ជីវិតផង។ ក្នុងខណៈពេលដែលអ្នកស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះ នៅក្នុងផ្នែកណាមួយ នោះព្រះជាម្ចាស់នឹងចាប់ផ្ដើមចាំងពន្លឺបំភ្លឺផ្លូវចិត្តគំនិត ឱ្យអ្នកមានគំហើញគំនិតនិងការយល់ដឹង ដើម្បីជួយដឹកនាំ និងត្រួសត្រាយផ្លូវដល់អ្នកជាក់ជាមិនខាន (យ៉ូហាន ៧៖១៧)។ តើមានស្ថានភាព ឬទំនាក់ទំនងណាមួយ ដែលអ្នកត្រូវការប្រាជ្ញាមកពីព្រះ? ចូរទៅស្វែងរកមើលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះ – ព្រះអង្គនឹងប្រទានឱ្យអ្នកមានការយល់ដឹង ដើម្បីឱ្យអ្នកអាចស្គាល់ពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុសឆ្គង ហើយនិងឱ្យអ្នកអាចថ្លឹងថ្លែងពីអ្វីដែលល្អ ទល់នឹងអ្វីដែលល្អប្រសើរបំផុតផង។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









