ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានរងភាពក្ដៅក្រហាយចិត្ត តែគាត់បាននៅរង់ចាំការកម្សាន្តចិត្តពីព្រះ។ គាត់ដឹងថាព្រះទ្រង់ស្មោះត្រង់និងមានក្ដីមេត្តាករុណា។ គាត់ដាក់ក្ដីសង្ឃឹម ការទុកចិត្ត និងការស្ដាប់បង្គាប់នៅក្នុងព្រះបន្ទូលដ៏អស់កល្បជានិច្ចរបស់ព្រះ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
កវីនិពន្ធបានវង្វេងចាកឆ្ងាយពីព្រះ ហើយបានរកឃើញថាគាត់បានជាប់នៅក្នុងការបៀតបៀនជាខ្លាំងពីខ្មាំងសត្រូវទាំងឡាយរបស់គាត់។ វិបត្តិបញ្ហារបស់គាត់បានបណ្ដេញគាត់ឱ្យទៅរកព្រះ និងព្រះបន្ទូលរបស់ព្រះអង្គ ដែលនៅទីនោះគាត់បានទទួលការរំឭកពីភាពស្មោះត្រង់ និងក្ដីមេត្តាករុណានៃព្រះ។ កវីនិពន្ធបានទទួលស្គាល់និងដឹងថាដោយសារតែក្ដីសប្បុរសនិងភាពស្មោះត្រង់នៃព្រះ នោះទើបបានជាព្រះបានអនុញ្ញាតឱ្យមានទុក្ខព្រួយទាំងនោះ។ បើគ្មានទុក្ខវេទនាទេ នោះប្រហែលជាគាត់នៅតែបន្តមិនស្ដាប់បង្គាប់ចំពោះព្រះ ហើយនិងមិនបានស្គាល់ពីចរិតលក្ខណៈមិនចេះផ្លាស់ប្រែរបស់ព្រះ នោះដែរហើយ។ គាត់បានសម្លឹងមើលទៅព្រះបន្ទូលដែលជាទីទុកចិត្តនៅក្នុងគ្រប់រដូវកាល ដើម្បីកំណត់និងតាំងចិត្តចំពោះជំនឿ ហើយនិងការឆ្លើយតបទាំងឡាយរបស់គាត់ ជាជាងសម្លឹងមើលទៅកាន់ស្ថានភាពរបស់គាត់នាពេលបច្ចុប្បន្ន។ ទាំងព្រះជាម្ចាស់ ហើយនិងព្រះបន្ទូលរបស់ព្រះអង្គ នោះសុទ្ធតែអាចឱ្យយើងទុកចិត្តបាន។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ជារឿយៗ យើងតែងកំណត់ថាភាពស្មោះត្រង់របស់ព្រះ គឺជាការប្រោសលោះភ្លាមៗចេញពីរឿងអ្វីមួយ ដែលនាំឱ្យខ្លួនយើងនៅមិនសុខស្រួល។ តែទោះជាយ៉ាងនេះក្ដី ព្រះជាម្ចាស់អាចអនុញ្ញាតឱ្យជីវិតរបស់យើង កើតមានការឈឺចាប់ ដើម្បីផ្លាស់ប្រែទិសដៅជីវិត កែប្រែអត្តចរិត ឬនាំឱ្យយើងអាចវិលត្រឡប់មករកការពឹងផ្អែកលើព្រះអង្គសាជាថ្មី។ តម្លៃនៃប្រភេទទុក្ខវេទនា នោះគឺជាការដែលវាអាចជួយឱ្យយើងអាចសម្លឹងមើលពីអ្វីៗលើសពីខ្លួនយើងផ្ទាល់។ រាល់អ្វីមួយដែលជំរុញឱ្យយើងបែរទៅរកព្រះ ហើយនិងព្រះបន្ទូលព្រះអង្គ នោះសុទ្ធតែមានគុណតម្លៃជានិច្ច – ទោះបីជាវានាំឱ្យយើងត្រូវឈឺចាប់ក៏ដោយ។ តើអ្នកកំពុងតែរកមើលក្ដីសង្ឃឹមនិងការកម្សាន្តចិត្តនៅទីណាដែរ នាពេលសព្វថ្ងៃនេះ? តើអ្នកនឹងអនុញ្ញាតឱ្យព្រះបន្ទូលដឹកនាំចិត្តគំនិត និងអារម្មណ៍របស់អ្នក ដែរឬទេ? ព្រះបន្ទូលរបស់ព្រះ អាចឱ្យអ្នកទុកចិត្តបាន មិនថាជាអ្នកស្ថិតនៅក្នុងស្ថានភាពណាឡើយ នៅថ្ងៃនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









