ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 88 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

កវីទំនុកតម្កើងបានទូលសួរព្រះ ដើម្បីសុំព្រះអង្គឱ្យគាត់បានយល់ដឹង និងបង្វែរដួងចិត្តរបស់គាត់ ទៅរកឱវាទរបស់ព្រះ សាជាថ្មី។ គាត់បានស្ដាប់បង្គាប់បទបញ្ជារបស់ព្រះ ហើយបានស្វែងរកឃើញនូវការកម្សាន្តចិត្ត នៅក្នុងព្រះបន្ទូលសន្យាហើយនិងក្រឹត្យវិន័យរបស់ព្រះ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

កវីនិពន្ធទំនុកតម្កើង ១១៩ បានយល់ពីសារៈសំខាន់នៃការអានព្រះបន្ទូលរបស់ព្រះ។ ក្ដីប៉ងប្រាថ្នាចង់ដឹងថាព្រះបន្ទូលមានន័យយ៉ាងណា នោះជ្រៅជាងការរៀនពីចំណុចនៃចំណេះដឹងពីព្រះទៅទៀត។ គាត់ចង់យល់ថាអត្ថបទព្រះគម្ពីរមានន័យយ៉ាងណា ដើម្បីឱ្យគាត់អាចបំពេញនូវគោលបំណងទាំងឡាយរបស់ព្រះបន្ទូលទៅក្នុងចំណុចទាំងប៉ុន្មាននៃជីវិតរបស់គាត់។ ក្នុងខណៈពេលដែលគាត់ថ្វាយកិត្តិនាមដល់ក្រឹត្យវិន័យរបស់ព្រះ នោះគាត់បានបែរចេញពីការប្រឹងដេញតាមអ្វីបែបអត្មានិយម និងក្ដីប៉ងប្រាថ្នាផ្ទាល់ខ្លួន ដើម្បីឱ្យគាត់អាចរស់នៅតាមគោលបំណងជីវិត ហើយនិងគុណតម្លៃជីវិត ដែលនៅអស់កល្បជានិច្ចនោះវិញ។ ទោះបីជាការស្ដាប់បង្គាប់ពុំបានបណ្ដាលឱ្យបញ្ហាត្រូវបញ្ឈប់ក៏ដោយ ក៏ការកម្សាន្តចិត្តដែលគាត់បានស្វែងរកឃើញនៅក្នុងសេចក្ដីសន្យានៃព្រះ បានផ្ដល់ឱ្យគាត់មានភាពស៊ូទ្រាំពេញដោយក្ដីសង្ឃឹម។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើមានអ្វីដែលជំរុញឱ្យអ្នកអានពីអត្ថបទស្មឹងស្មាធិ៍នៅថ្ងៃនេះ? តើអ្នកមានក្ដីសង្ឃឹមថាវានឹងជួយដោះស្រាយបញ្ហា អាចជួយឱ្យអ្នកស្វែងរកឃើញនូវការកម្សាន្តចិត្ត ឬអាចឱ្យអ្នកមានអារម្មណ៍ថាអ្នកនៅជិតព្រះ ដែរឬទេ? ក្នុងខណៈពេល ដែលទង្វើទាំងអស់នេះ សុទ្ធសឹងតែជាការល្អ អត្ថបទនៅថ្ងៃនេះ ចង់ជំរុញឱ្យយើងអានពីព្រះបន្ទូលព្រះ រួចប្រព្រឹត្តតាម។ ការផ្លាស់ប្រែនៃជីវិតចាប់ផ្ដើមនៅពេលណា ដែលអ្នកទទួលបានចំណេះដឹងពីអត្ថបទព្រះគម្ពីរ ទាំងយកចិត្តទុកដាក់ចំពោះការព្រមានទាំងឡាយ ហើយនិងគោរពស្ដាប់បង្គាប់តាមបទបញ្ជារបស់ព្រះបន្ទូល នោះផង។ លទ្ធផលនឹងកើតមាន ប្រៀបដូចជាគ្រាប់ដូមីណូ ដែលដួលពីលើគ្នាជាបន្តបន្ទាប់ – ដោយអ្នកអាចប្រកៀកចូលទៅជិតព្រះជាងមុន អ្នកអាចរៀនដោះស្រាយនូវវិបត្តិផ្សេងៗ អ្នកអាចស្វែងរកឃើញនូវការកម្សាន្តចិត្តនិងក្ដីសង្ឃឹម ។ល។ ចូរទូលសូមព្រះ ដើម្បីឱ្យអ្នកទទួលបានការយល់ដឹង ក្នុងទស្សនៈនៃភាពអស់កល្បជានិច្ច ក្នុងខណៈពេលដែលអ្នកបានអាន និងសិក្សាពីព្រះបន្ទូលរបស់ព្រះ រួចហើយប្រព្រឹត្តតាមសេចក្ដីពិត ដែលព្រះអង្គបានបើកសម្ដែងឱ្យអ្នកឃើញ។ ការអានព្រះគម្ពីរ នោះគឺលើសពីទម្លាប់ដ៏ល្អទៅទៀត – វាជាទង្វើដែលនាំឱ្យយើងមានការបំផ្លាស់បំប្រែ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org