ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
នៅក្នុងទំនុកតម្កើង ១១៧ គ្រប់មនុស្សទាំងអស់ត្រូវបានត្រាស់ហៅឱ្យមកសរសើរតម្កើងដល់ព្រះ ដោយព្រោះតែក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រ និងសេចក្ដីពិតដ៏ឋិតថេររបស់ព្រះអង្គ។ ទំនុកតម្កើង ១១៨ ថ្លែងពីដុំថ្មដ៏សំខាន់ នៅក្នុងអគាររបស់ព្រះ ដែលពួកមនុស្សគេបានបដិសេធ ប៉ុន្តែបំណែកនោះត្រូវបានជ្រើសរើសដោយព្រះអម្ចាស់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ១១៨ គឺជាការថ្លែងពីពាក្យទំនាយ ស្ដីពីព្រះសង្គ្រោះ ដោយសម្លឹងឆ្ពោះទៅរកព្រះយេស៊ូ(វ)គ្រីស្ទ ដែលព្រះអង្គបានបើកសម្ដែងយ៉ាងល្អឥតខ្ចោះពីក្ដីពិត និងក្ដីស្រឡាញ់របស់ព្រះ ដូចមានចែងនៅក្នុងទំនុកតម្កើង ១១៧។ ប្រជារាស្រ្តនៃព្រះអាចលើកសរសើរតម្កើងពីក្ដីស្រឡាញ់មិនចេះប្រែប្រួល ភាពស្មោះត្រង់ និងសេចក្ដីពិតដ៏នៅឋិតថេររបស់ព្រះ។ ក្នុងខណៈពេលដែលព្រះយេស៊ូ(វ)បានយាងចូលទៅក្នុងក្រុងយេរូសាឡឹម នោះបណ្ដាជនបានលើកសរសើរតម្កើងព្រះអង្គ ដោយគេបានលើកថ្លែងពីទំនុកតម្កើង ១១៨៖២៥-២៦ ថា៖ «ហូសាណា [សូមសង្គ្រោះយើងខ្ញុំ]! មានពរណាស់ ចំពោះអង្គព្រះ ដែលបានយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់» (ម៉ាកុស ១១)។ នៅសប្ដាហ៍បន្ទាប់ ព្រះយេស៊ូ(វ)បានប្រព្រឹត្តតាម ខទី ២៣ និង ២៤ ដោយរូបព្រះអង្គផ្ទាល់ – ថ្មដែលជាងសាងសង់គេបដិសេធ នោះគឺជាព្រះដែលព្រះជាម្ចាស់បានជ្រើសរើស។ ទោះជាយ៉ាងនេះក្ដី ពួកអ្នកដឹកនាំជាតិសាសន៍យូដានៅតែបដិសេធចំពោះព្រះយេស៊ូ(វ)។ ពួកគេមិនដឹងថាពួកគេកំពុងតែសម្លឹងមើលទៅរកព្រះសង្គ្រោះ និងជាព្រះមហាក្សត្រដែលបានសន្យាជាយូរយារ និងជាព្រះដែលគេរំពឹងរង់ចាំនោះឡើយ – ទ្រង់ហើយគឺជាក្ដីស្រឡាញ់ និងជាសេចក្ដីពិតនៃព្រះ ដែលឋិតនៅជាប់នឹងរូបអង្គ ក្នុងសភាពជាមនុស្សរបស់ព្រះយេស៊ូ(វ)គ្រីស្ទ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ជាង ២ ពាន់ឆ្នាំក្រោយមក ប្រតិកម្មចំពោះអង្គព្រះយេស៊ូ(វ)នៅតែដដែល។ មានអ្នកខ្លះគេបានទុកចិត្តលើព្រះអង្គ ដើម្បីបានសេចក្ដីសង្គ្រោះ ក្នុងខណៈពេលមានអ្នកខ្លះទៀត គេនៅតែបដិសេធព្រះអង្គ។ តើអ្នកស្ថិតនៅក្នុងក្រុមមួយណា? តើអ្នកធ្លាប់ទទួលបាននូវក្ដីស្រឡាញ់ដ៏មិនប្រែប្រួលពីព្រះយេស៊ូ(វ)គ្រីស្ទ ហើយឬនៅ? តើអ្នកធ្លាប់មើលឃើញពីសេចក្ដីពិតរបស់ព្រះអង្គ បានបើកសម្ដែងនៅក្នុងដួងចិត្តរបស់អ្នក តាមរយៈអត្ថបទព្រះគម្ពីរ និងការបង្រៀនពីព្រះវិញ្ញាណបរិសុទ្ធ ដោយរបៀបណា? ក្នុងនាមជាអ្នកជឿលើព្រះ សេចក្ដីស្រឡាញ់ និងសេចក្ដីពិតនៃព្រះ កំពុងស្នាក់នៅក្នុងរូបអ្នក នាពេលឥឡូវនេះ។ ចូរសម្លឹងមើលទៅកាន់មនុស្ស តាមរយៈព្រះនេត្ររបស់ព្រះនៅថ្ងៃនេះ។ មានតែសេចក្ដីពិត ដែលបានស្វែងរកឃើញនៅក្នុងព្រះគ្រីស្ទតែប៉ុណ្ណោះ ដែលអាចរំដោះពួកគេឱ្យមានសេរីភាពចេញពីអំណាចនៃបាបបាន។ ព្រះស្រឡាញ់មនុស្សយ៉ាងខ្លាំងក្រៃ គឺប្រៀបដូចជាព្រះអង្គស្រឡាញ់រូបអ្នកអញ្ចឹង។ តើអ្នកនឹងប្រាប់ទៅនរណាពីក្ដីស្រឡាញ់ដែលមិនចេះប្រែប្រួល និងពីភាពស្មោះត្រង់របស់ព្រះអង្គ នៅថ្ងៃនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









