ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
រូបសំណាក់ព្រះក្លែងក្លាយ ដែលធ្វើដោយដៃមនុស្ស នៅតាមបណ្ដាប្រជាជាតិទាំងឡាយ នោះគ្មានជីវិត ប៉ុន្តែព្រះនៃស្ថានសួគ៌ ទ្រង់គឺជាជំនួយនិងជាខែលនៃរាស្រ្តអ៊ីស្រាអែល។ កវីទំនុកតម្កើងបានលើកសរសើរតម្កើងព្រះគុណ សេចក្ដីសុចរិត និងក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ជនជាតិអ៊ីស្រាអែលមានប្រពៃណីច្រៀងនូវទំនុកតម្កើងទាំងនេះ នៅគ្រាគេប្រារព្ធពិធីបុណ្យចម្លង។ អត្ថបទគម្ពីរទាំងនេះបានរំឭកដល់ប្រជារាស្រ្តរបស់ព្រះ ថាពួកគេជាក្រុមមនុស្សផ្សេងពីប្រជាជាតិដទៃដែលនៅព័ទ្ធជុំវិញ ដោយសារតែព្រះរបស់ពួកគេ គឺជាព្រះដែលបានបង្កើតស្ថានសួគ៌ហើយនិងផែនដី។ រាល់គ្រប់សិរីរុងរឿងគឺជាកម្មសិទ្ធិរបស់ព្រះអង្គ ពីគ្រាឥឡូវរហូតដល់អស់កល្បជានិច្ច។ ក្ដីស្រឡាញ់និងភាពស្មោះត្រង់របស់ព្រះអង្គ បានជំរុញឱ្យពួកគេអាចទុកចិត្ត និងស្ដាប់បង្គាប់ព្រះអង្គទាំងស្រុង។ ព្រះយេស៊ូ(វ) បានច្រៀងពីទំនុកតម្កើង ១១៦ រួមជាមួយនឹងពួកសិស្សរបស់ព្រះអង្គ នៅគ្រានៃពេលអាហារចុងក្រោយរបស់ព្រះអង្គ ទាំងដឹងថាពេលវេលានៃការត្រូវសុគតរបស់ព្រះអង្គ ជិតមកដល់ហើយ។ ព្រះអង្គបានលើក "ពែងនៃសេចក្ដីសង្គ្រោះ" ឡើង ហើយបន្តិចក្រោយមក ព្រះអង្គបានសម្រេចភារកិច្ច ដែលព្រះជាម្ចាស់បានប្រទានដល់ទ្រង់ ពេញដោយព្រះគុណនិងក្ដីមេត្តាករុណា ដោយព្រះអង្គស្ម័គ្រព្រះទ័យ បានសុគតសម្រាប់អំពើបាបរបស់មនុស្សលោក នៅឯលើឈើឆ្កាង។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
នៅក្នុងសង្គមសព្វថ្ងៃ មានគេខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដកហូតស្លាកស្នាមរបស់ព្រះ – ដូចដែលបានបើកសម្ដែងនៅក្នុងអត្ថបទព្រះគម្ពីរ – ចេញពីប្រព័ន្ធ រាជរដ្ឋាភិបាល សាលារៀន និងប្រព័ន្ធយុត្តិធម៌។ អ្នកមិនអាចផ្លាស់ប្រែពិភពលោកបានទេ ប៉ុន្តែព្រះជាម្ចាស់អាចបំផ្លាស់បំប្រែអ្នកបាន។ អ្នកជឿគួរតែមានលក្ខណៈខុសប្លែកពីគេ ដោយសារតែព្រះជាម្ចាស់គឺជាព្រះអាទិករ ជាព្រះសង្គ្រោះ ជាព្រះអម្ចាស់ ហើយនៅថ្ងៃណាមួយ ព្រះអង្គនឹងសោយរាជ្យនៅលើផែនដី ក្នុងនាមជាព្រះមហាក្សត្រ។ ដោយសារតែការសុគត ការបញ្ចុះក្នុងផ្នូរ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះអ្នកអាចមានសេរីភាពចេញពីភាពភ័យខ្លាចនៃសេចក្ដីស្លាប់បាន។ តើនៅក្នុងរបៀបណាខ្លះ ដែលអ្នកបានឆ្លើយតបទៅដល់ព្រះ ទាំងជឿទុកចិត្ត ហើយនិងស្ដាប់បង្គាប់? តើអ្នកអាចបង្ហាញពីការដឹងគុណចំពោះព្រះគុណ ក្ដីសុចរិត និងក្ដីសន្ដោសមេត្តារបស់ព្រះអង្គ ដោយរបៀបណាដែរនៅថ្ងៃនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









