ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ប្រជារាស្រ្តអ៊ីស្រាអែលបានភ្លេចពីកិច្ចការរបស់ព្រះ រួចទៅថ្វាយបង្គំរូបព្រះក្លែងក្លាយ។ គេបានមើលងាយចំពោះទឹកដីសន្យា បាននិយាយចំអកនៅក្នុងតង់ទាំងឡាយរបស់ពួកគេ ហើយថែមទាំងយកកូនប្រុសស្រីរបស់ខ្លួនយកទៅធ្វើជាយញ្ញបូជា ប៉ុន្តែព្រះជាម្ចាស់នៅតែស្មោះត្រង់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ភាពមិនស្មោះត្រង់របស់ប្រជារាស្រ្តអ៊ីស្រាអែលដែលបានបរិយាយនៅក្នុងទំនុកតម្កើង ១០៦ បង្ហាញពីជំហរផ្ទុយគ្នាយ៉ាងស្រឡះនៃភាពស្មោះត្រង់របស់ព្រះ បើប្រៀបទៅនឹងអ្វីដែលបានបង្ហាញឱ្យឃើញនៅក្នុង ទំនុកតម្កើង ១០៥។ ពួកគេបានភ្លេច ប៉ុន្តែព្រះជាម្ចាស់នៅតែនឹកចាំ! មានគ្រូអធិប្បាយពីប្រទេសស្កតឡេនម្នាក់ ឈ្មោះ ចច ម៉ូរីសិន (George Morrison) គាត់បានសរសេរយ៉ាងដូច្នេះថា៖ «ព្រះជាម្ចាស់ត្រូវការតែមួយយប់ ដើម្បីរំដោះប្រជារាស្រ្តអ៊ីស្រាអែលឱ្យបានចេញពីទឹកដីអេស៊ីព្ទ (ទីពួកគេធ្លាប់ជាប់ជាទាសករ) ប៉ុន្តែព្រះអង្គត្រូវការពេលដល់ទៅ ៤០ ឆ្នាំ ដើម្បីទាញយកទម្លាប់ពីស្រុកអេស៊ីព្ទចេញពីពួកអ៊ីស្រាអែលឯណោះ»។ ប្រជារាស្រ្តរបស់ព្រះបានធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃវប្បធម៌សង្គមគ្មានព្រះ ជាជាងរស់នៅក្នុងជីវិតដែលចេះគោរពកោតខ្លាច និងថ្វាយព្រះកិត្តិនាមដល់ព្រះដ៏បរិសុទ្ធរបស់ពួកគេ។ មានតែ លោក ភីនេហាស ទេ ដែលបានឈរជាកាំរស្មីនៃពន្លឺនៅក្នុងដំណើរហេតុដ៏ងងឹតទាំងនេះ – គាត់បានជឿលើព្រះ ទាំងបានចូលធ្វើអន្តរាគមន៍ ហើយហេតុដូច្នេះ គាត់បានរាប់ជាសុចរិត។ ទោះបីជាប្រជារាស្រ្តអ៊ីស្រាអែលពុំបានទុកចិត្ត និងស្ដាប់បង្គាប់ព្រះក៏ដោយ ក៏ព្រះនៅតែស្មោះត្រង់ចំពោះសម្ពន្ធមេត្រីដ៏អស់កល្ប ហើយនិងបានរំដោះពួកគេ នៅពេលដែលពួកគេបានស្រែករកព្រះអង្គ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើមានសកម្មភាព និងឥរិយាបថណាខ្លះ នៅក្នុងទំនុកតម្កើងនេះ ដែលបរិយាយពីជីវិតរបស់អ្នក – ភាពច្រណែនឈ្នានីស ចិត្តរអ៊ូរទាំ ការមិនស្ដាប់បង្គាប់ ភាពបះបោរ? យើងអាចរៀនពីទោសកំហុសនៃប្រជារាស្រ្តអ៊ីស្រាអែល ដើម្បីកុំឱ្យយើងធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃវប្បធម៌សង្គមដ៏អាក្រក់ គ្មានព្រះ ដែលកើតមានឡើងនៅជុំវិញខ្លួនយើង។ លោកសាវ័ក ប៉ុល បានរាយបញ្ជីឈ្មោះនៃបាបទាំងឡាយរបស់បុព្វបុរសរបស់គាត់ ជាចំណុចព្រមាន កុំឱ្យនរណាធ្លាក់ទៅក្នុងគន្លងនៃបាបដដែលៗទាំងនោះ (១ កូរិនថូស ១០៖១-១៣)។ តើព្រះជាម្ចាស់ទ្រង់បានបង្ហាញពីការល្អដល់អ្នកយ៉ាងណាខ្លះ នៅក្នុងសប្ដាហ៍នេះ ថ្វីបើអ្នកមានចិត្តគំនិត ឬអត្តចរិតពេញដោយបាប នោះក្ដី? ក្ដីស្មោះត្រង់របស់ព្រះគួរតែជំរុញនូវការដឹងគុណ និងភាពចេះចុះចូលយ៉ាងបន្ទាបខ្លួនរបស់យើង ទៅក្នុងបំណងព្រះហឫទ័យនៃព្រះ។ តើជីវិតរបស់អ្នកអាចក្លាយទៅជាគំរូមួយ ដើម្បីលើកទឹកចិត្តឱ្យអ្នកដទៃ អាចចេះទុកចិត្ត និងចេះគោរពស្ដាប់បង្គាប់ព្រះ បានដោយរបៀបណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









