ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 78 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

កវីទំនុកតម្កើងបានលើកសរសើរតម្កើងព្រះ សម្រាប់ក្ដីស្មោះត្រង់របស់ព្រះ ចំពោះសម្ពន្ធមេត្រីដ៏ស្ថិតស្ថេរ ដែលព្រះអង្គបានសន្យាដល់ពូជពង្សរបស់លោកអ័ប្រាហាំ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងផ្ដល់ជាគ្រោងសង្ខេបនៃប្រវត្តិប្រជាជនអ៊ីស្រាអែល ដោយបង្ហាញពីការគ្រងរាជ្យ និងពីព្រះគុណនៃព្រះ ក្នុងគ្រាទាំងឡាយដែលព្រះអង្គបានប្រព្រឹត្តចំពោះប្រជារាស្រ្តអ៊ីស្រាអែល។ កវីទំនុកតម្កើងលើកទឹកចិត្តឱ្យប្រជារាស្រ្តអ៊ីស្រាអែលនឹកចាំពីអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ ហើយឱ្យពួកគេទៅប្រាប់ដល់មនុស្សដទៃផ្សេងទៀត។ ប្រជាជាតិអ៊ីស្រាអែលបានទទួលពីបទពិសោធន៍មុនដំបូងគេ ពីការការពារ ការផ្គត់ផ្គង់ និងសេចក្ដីសន្យារបស់ព្រះអម្ចាស់។ ក្នុងអំឡុងពេលដែលស្ដេច ដាវីឌ ឡើងសោយរាជ្យ នោះក្រុមពួកលេវី (ដែលជាកុលសម្ពន្ធនៃក្រុមបូជាចារ្យ) អានពីផ្នែកមួយចំនួននៃទំនុកតម្កើង ១០៥ នេះ នៅគ្រាដែលហឹបនៃសម្ពន្ធមេត្រីបានវិលត្រឡប់មកវិញ (១ របាក្សត្រ ១៦)។ ការនឹកចាំពីភាពស្មោះត្រង់នៃព្រះ នោះបង្កើតឱ្យយើងមានចិត្តចេះដឹងគុណ និងការគោរពស្ដាប់បង្គាប់នាពេលអនាគត។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

មាននឹកឃើញអត់កាលដែល....? នេះជាសំណួរដែលតែងតែបញ្ឆេះនូវអនុស្សាវរីយ៍នៃអំណរនិងភាពសើចក្អាកក្អាយ ក្នុងខណៈពេលដែលអ្នករំឭកពីពេលវេលាដ៏ពិសេសទាំងឡាយ។ កំណត់ត្រានៃភាពស្មោះត្រង់របស់ព្រះ នៅក្នុងអត្ថបទគម្ពីរនៅថ្ងៃនេះ រំឭកឱ្យយើងនឹកឃើញពីក្ដីស្រឡាញ់និងភាពដ៏ឧត្ដុងឧត្ដមនៃព្រះ។ តើអ្នកធ្លាប់យកពេលវេលាដើម្បីចែករំលែកពីអនុស្សាវរីយ៍ ដែលព្រះជាម្ចាស់បានបង្ហាញពីភាពស្មោះត្រង់របស់ព្រះអង្គនៅក្នុងជីវិតរបស់អ្នកបានប៉ុណ្ណាដែរ? ព្រះជាម្ចាស់តែងតែនឹកចាំ ហើយព្រះអង្គតែងតែរក្សាសេចក្ដីសន្យារបស់ព្រះអង្គ ចំពោះបុត្រធីតារបស់ព្រះអង្គ។ តើអ្នកនឹកចាំពីការទុកចិត្ត និងការអរព្រះគុណព្រះ បានប៉ុណ្ណាដែរ? សេចក្ដីស្មោះត្រង់របស់ព្រះតាំងពីអតីតកាល នោះគឺជាហេតុផល ដែលនាំឱ្យយើងមានចិត្តរីករាយនិងដឹងគុណសម្រាប់គ្រាបច្ចុប្បន្ន។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org