ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានលើកសរសើរតម្កើងដល់ព្រះ សម្រាប់ស្នាព្រះហស្ដ ក្ដីសុចរិត ក្ដីមេត្តាករុណា និងការប្រោសលោះរបស់ព្រះ។ អស់អ្នកដែលអបអរក្នុងក្រឹត្យវិន័យនៃព្រះ នោះគេស្វែងរកឃើញក្ដីសុចរិតយ៉ាងឋិតថេរ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ១១១ លើកសរសើរតម្កើងពីស្នាព្រះហស្ដ ការអស្ចារ្យ និងព្រះប្រាជ្ញាញាណនៃព្រះ ក្នុងខណៈពេលដែល ទំនុកតម្កើង ១១២ ពិពណ៌នាពីចរិតលក្ខណៈ និងសកម្មភាពនៃអស់អ្នកដែលទទួលស្គាល់ថាព្រះជានរណា តាមការបើកសម្ដែងរបស់ព្រះអង្គ ដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះ និងតាមអ្វីៗដែលព្រះអង្គបានធ្វើ។ ដោយមាន "ការកោតខ្លាច" ឬដោយការមានការគោរពក្នុងរបៀបយ៉ាងស្ញប់ស្ញែងចំពោះព្រះ និងព្រះបន្ទូលរបស់ព្រះ ទង្វើនោះនឹងនាំមកនូវភោគទ្រព្យដែលជាព្រះប្រាជ្ញាញាណនៃព្រះ។ អ្នកណាដែលដាក់ព្រះប្រាជ្ញាញាណទៅក្នុងការប្រព្រឹត្តជាប្រចាំថ្ងៃរបស់ខ្លួន នោះគេនឹងទទួលបានបទពិសោធន៍នៃអំណរដ៏ពិត។ គេនឹងបានការទុកចិត្តយ៉ាងខ្ជាប់ខ្ជួន ហើយនិងបានសន្តិសុខ សូម្បីតែគេទៅប្រឈមមុខនឹងទុក្ខលំបាកយ៉ាងវេទនា។ អស់អ្នកណាដែលបានញែកពេល ដើម្បីទៅជញ្ជឹងគិតថាព្រះជានរណា និងសញ្ជឹងគិតថាព្រះបានធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់ពួកគេ នោះគេនឹងដឹងថាព្រះអង្គពិតជាសក្តិសមក្នុងការលើកសរសើរ ជាទីស្រឡាញ់ និងគួរឱ្យគោរពស្ដាប់បង្គាប់តាមប្រាកដមែន។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ នោះគួរតែមានន័យថា ខ្លួនគឺជាសិស្សស្វែងយល់ថាព្រះជានរណាផងដែរ។ បើអ្នកកាន់តែពិនិត្យទៅលើសេចក្ដីពិតនៃព្រះគម្ពីរ នោះអ្នកនឹងកាន់តែយល់ច្បាស់ ហើយនិងឃើញថាអំណាចចេស្ដា និងព្រះប្រាជ្ញាញាណ ដែលព្រះបានបើកសម្ដែងឱ្យពិភពលោកមើលឃើញ នោះធំប៉ុណ្ណា។ ការស្វះស្វែងរកព្រះ នោះគឺជាការដេញតាម លើសពីការប្រឹងស្វះស្វែងរៀនតាមសាលាទៅទៀត។ អ្នកអាចឈ្វេងយល់ក្នុងចំណេះដឹងថាព្រះជានរណា ដោយរូបអ្នកផ្ទាល់ ដោយអ្នកដាក់តម្លៃទាំងមានការគោរព ទៅក្នុងការអនុវត្ត ដើម្បីបានមើលឃើញពីអ្វី ដែលព្រះអង្គបានបង្ហាញដល់រូបអ្នក នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ តើអ្នកធ្លាប់ចំណាយពេល ដើម្បីសញ្ជឹងគិតពីព្រះ ច្រើនប៉ុណ្ណាដែរ? ចូរចំណាយពេលខ្លះនៅថ្ងៃនេះ ដើម្បីឱ្យអ្នកអាចខិតចូលទៅជិតព្រះ រួចទទួលយកបទពិសោធន៍អំពីព្រះវត្តមានរបស់ព្រះអង្គ ដោយអ្នកថ្លែងពីទំនុកតម្កើងនេះ ក្នុងរបៀបដូចជាសេចក្ដីអធិស្ឋានថ្វាយទៅព្រះ។ ការស្គាល់ព្រះឱ្យកាន់តែច្បាស់ជាងមុន នោះនឹងបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗដែលជារូបអ្នក ហើយនិងកែប្រែរបៀបដែលអ្នករស់នៅ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









