ទំនុកតម្កើង 106:1-48

ទំនុកតម្កើង 106:1-48 គខប

ហាលេ‌លូយ៉ា! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ​បាន? អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ សូម​នឹក​ដល់​ទូលបង្គំ​ផង! ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ សូម​ជួយ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គល របស់​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ព្រះអង្គ ហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់! កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​ក្បែរ​សមុទ្រ​កក់។ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង ព្រះអង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ។ ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្ត គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។ ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។ ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះអង្គ សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ​ឡើយ។ នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះអង្គ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ ដែល​គេ​ទាម‌ទារ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត រហូត​ដល់​ធុញ‌ទ្រាន់។ នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន ដែល​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន ព្រម​ទាំង​ស្រូប​បក្ស​ពួក របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។ មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ ហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្ស អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។ ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លង្ហិន​នោះ។ ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅ មក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។ ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក របស់​កូន​ចៅ​លោក​ហាំ និង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះ ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស បាន​ឃាត់​ព្រះអង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឡើយ។ បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន មិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់​ឡើយ។ ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា នឹង​ទុក​ពួក​គេ​ឲ្យ​វិនាស នៅ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​ពូជ‌ពង្ស​របស់​ពួក​គេ ទៅ​នៅ​ពាស‌ពេញ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី របស់​សាសន៍​ដទៃ។ នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ ថ្វាយ‌បង្គំ​ព្រះ​បាល ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​កាច ក្នុង​ចំណោម​ពួក​គេ។ ពេល​នេះ លោក​ភីនេ‌ហាស​បាន​ក្រោក​ឡើង ដាក់​ទោស​ពួក​គេ ហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។ ព្រោះ​តែ​ការ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស​លោក​ឲ្យ​បាន​សុចរិត អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ នៅ​ប្រភព​ទឹក​មេរី‌បា ពួក​គេ​បាន​នាំ​គ្នា ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​លោក​ម៉ូសេ​ទទួល​ទោស ព្រោះ​តែ​ពួក​គេ គឺ​ពួក​គេ​ធ្វើ​ឲ្យ​លោក​ឆ្អែត​ចិត្ត ហើយ​មាន​ប្រសាសន៍​ចេញ​មក ដោយ​ពុំ​បាន​គិត។ ពួក​គេ​ពុំ​បាន​ប្រហារ​ប្រជា‌ជាតិ​នានា តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ទេ។ ពួក​គេ​បែរ​ជា​ទៅ​ពាក់‌ព័ន្ធ​ជា​មួយ ប្រជា‌ជាតិ​ទាំង​នោះ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ គឺ​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ​របស់​សាសន៍​ដទៃ ដែល​ជា​អន្ទាក់​នាំ​ឲ្យ​ពួក​គេ​វិនាស។ ពួក​គេ​បាន​យក​កូន​ប្រុស កូន​ស្រី​ទៅ​ធ្វើ​យញ្ញ‌បូជា​ឲ្យ​អារក្ស។ ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គ្មាន​កំហុស ដើម្បី​ធ្វើ​យញ្ញ‌បូជា​ឲ្យ​ព្រះ​ក្លែងក្លាយ នៅ​ស្រុក​កាណាន ឃាត‌កម្ម​ទាំង​នោះ​បណ្ដាល​ឲ្យ​ទឹក​ដី របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។ អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ‌សារ​អំពើ​របស់​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌ជន ផ្ទាល់​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ ដៃ​របស់​ប្រជា‌ជាតិ​នានា ព្រះអង្គ​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។ ខ្មាំង​សត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ ព្រម​ទាំង​បង្ក្រាប​ពួក​គេ​ឲ្យ​ចុះ​ចូល ក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រា ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។ ពេល​ព្រះអង្គ​ឮ​ពួក​គេ​ស្រែក​អង្វរ ព្រះអង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​អាណិត​ពួក​គេ ដែល​កំពុង​រង​ទុក្ខ​លំបាក ព្រះអង្គ​ប្រោស‌ប្រណី​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ព្រះអង្គ​ដូរ​ព្រះ‌ហឫទ័យ ព្រោះ​ព្រះអង្គ​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លុប។ ព្រះអង្គ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចាប់​ពួក​គេ យក​ទៅ​ធ្វើ​ជា​ឈ្លើយ មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោម ប្រជា‌ជាតិ​នានា​មក​វិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះអង្គ! សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ! សូម​ឲ្យ​ប្រជា‌រាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា: អាម៉ែន! ហាលេ‌លូយ៉ា!