ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 77 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

កវីតាក់តែងបានលើកតម្កើងព្រះ ចំពោះការបង្កបង្កើតផែនដី ពេញដោយប្រាជ្ញារបស់ព្រះ។ បន្ទាប់មក គាត់បានសន្យា ថាគាត់នឹងនៅបន្តច្រៀងសរសើរតម្កើងព្រះ ដរាបណាគាត់នៅរស់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើង ១០៤ ជាទំនុកបទចម្រៀងមួយទៀត ដើម្បីសរសើរតម្កើងព្រះ ចំពោះការបង្កើតដ៏អស្ចារ្យនៃព្រះ និងសម្រាប់ភាពជាម្ចាស់គ្រប់គ្រងលើរាល់អ្វីៗទាំងអស់ដែលមាននៅក្នុងផែនដី។ មានតែព្រះអង្គជាម្ចាស់តែមួយប៉ុណ្ណោះ ដែលមានពេញដោយអំណាចចេស្ដា និងប្រកបដោយព្រះប្រាជ្ញាញាណ ដ្បិតព្រះអង្គបានដាក់ឱ្យពិភពលោកបានស្ថិតទៅតាមលំដាប់យ៉ាងល្អឥតខ្ចោះ។ ព្រះជាម្ចាស់ដែលបានបង្កើតសកលលោក បានជ្រើសរើសបើកសម្ដែងអាថ៌កំបាំងយ៉ាងពិសេសមួយចំនួន ទៅកាន់សន្តនិករ – ដែលជាមនុស្សលោក – ដ្បិតរូបពួកគេហើយ ដែលព្រះអង្គសព្វព្រះទ័យចង់មានទំនាក់ទំនងមួយដោយផ្ទាល់។ ព្រះអង្គផ្គត់ផ្គង់រាល់អ្វីៗទាំងអស់ដែលមនុស្សលោកត្រូវការដើម្បីឱ្យគេបានរស់នៅក្នុងមជ្ឈដ្ឋានដែលព្រះអង្គបានបង្កើត – ដោយមានជាទឹក មានជាអាហារ និងមានជារបស់របរសម្រាប់ធ្វើជាសម្លៀកបំពាក់ ហើយនិងមានជាទីជម្រក។ ការឆ្លើយតបរបស់មនុស្សលោក គឺត្រូវយ៉ាងហោចណាស់ ថ្វាយបង្គំដល់ព្រះអាទិករ និងលើកសរសើរដល់ម្ចាស់គ្រប់គ្រងនៃផែនដី។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ភាពស្រស់សោភានៃពិភពធម្មជាតិ អាចនាំមកនូវអារម្មណ៍នៃការស្ញប់ស្ញែងភ្លាមៗ – ដូចជាការមើលឃើញ ឥន្ធធនូ ថ្ងៃលិច ឬទឹកជ្រោះធ្លាក់ ជាដើម។ គ្មានពេលណាល្អប្រសើរសម្រាប់ថ្វាយការសរសើរដល់ព្រះ ជាងគ្រាអស់ទាំងនោះទេ។ ការគោរពកោតខ្លាចព្រះ និងការបន្ទាបខ្លួនចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះ នោះគឺជាភស្ដុតាងយ៉ាងជាក់ក្នុងជីវិតរបស់មនុស្ស ដែលគេពិតជាជឿថាព្រះអង្គជាព្រះអាទិករនៃ រាល់គ្រប់ របស់សព្វសារពើ ហើយជឿថាព្រះអង្គជាម្ចាស់គ្រប់គ្រង នៅលើ រាល់អ្វីៗទាំងអស់។ តើអ្នកថ្វាយព្រះកិត្តិយសទៅដល់ព្រះ ក្នុងនាមព្រះអង្គជាព្រះអាទិករដែរឬទេ? តើជីវិតរបស់អ្នកបើកបង្ហាញថាព្រះអង្គជាព្រះអម្ចាស់និងជាព្រះមហាក្សត្ររបស់អ្នក ដោយរបៀបណា? ជីវិតរបស់អ្នកនឹងបានក្លាយទៅជាសកម្មភាពនៃការថ្វាយបង្គំ ប្រសិនបើអ្នកចាប់ផ្ដើមទទួលស្គាល់ថាព្រះជានរណា ពីមួយថ្ងៃទៅមួយថ្ងៃ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org