ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ បានលើកតម្កើងដល់ព្រះ ដ្បិតព្រះអង្គបានដកយកនូវទោសកំហុសចេញពីរូបគាត់ គឺប្រៀបដូចជាទិសខាងកើត នៅសែនឆ្ងាយពីទិសខាងលិចអញ្ចឹង។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះ គឺជាបទចម្រៀងនៃការសរសើរតម្កើង ដែលតាក់តែងឡើងដោយ ដាវីឌ ហើយវាជាសេចក្ដីថ្លែងចេញពីហេតុផល ដូចគាត់បានបរិយាយ ក្នុងនាមរូបគាត់ជា "បុរសដើរស្របតាមព្រះហឫទ័យផ្ទាល់នៃព្រះ"។ តាមមើលទៅ ទំនុកតម្កើង នេះ គឺជាកំណាព្យដ៏សែនរុងរឿង ក្នុងចំណោមបទចម្រៀងសរសើរតម្កើងថ្វាយទៅព្រះជាច្រើនផ្សេងទៀត។ ដោយពុំបានស្នើសុំអ្វីពីព្រះ នោះ ដាវីឌ បានប្រកាសឱ្យអ្នកថ្វាយបង្គំព្រះទាំងអស់ មកច្រៀងបទទំនុកតម្កើងនេះ ដើម្បីឱ្យគេនឹកចាំពីអត្ថប្រយោជន៍នៃការគោរពបម្រើដល់ព្រះ ដោយនោះមានដូចជា៖ ការទទួលបាននូវការអត់ឱនទោស ការព្យាបាល ការប្រោសលោះ និងដួងចិត្តស្កប់ស្កល់។ ភាពអង់អាចក្លាហានរបស់ ដាវីឌ ចំពោះព្រះ នោះបានលាតសន្ធឹងនៅក្នុងកម្រិតមួយថ្មី ដែលនាំឱ្យគាត់ទទួលដឹងនិងជ្រាប ថាព្រះជានរណា និងយល់ពីអ្វីដែលព្រះអង្គបានធ្វើ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើនៅគ្រាណា ដែលអ្នកបានអធិស្ឋាន ដោយពុំបានទូលសុំអ្វីទាល់តែសោះពីព្រះ? ក្នុងខណៈពេល ដែលយើងចាប់ផ្ដើមការអធិស្ឋានរបស់យើង ដោយការអរព្រះគុណដល់ព្រះ សម្រាប់ក្ដីសប្បុរសរបស់ព្រះអង្គមកកាន់រូបយើង នោះជាធម្មតាយើងបានថ្លែងបន្តភ្លាមៗទៅរកអ្វីៗ ដែលជាទុក្ខកង្វល់ និងជាចំណុចដែលយើងចង់ថ្លែងប្រាប់ទៅព្រះ។ ចូរកត់ត្រាជាបញ្ជីមួយ ដើម្បីថ្វាយការសរសើរតម្កើងនិងការអរព្រះគុណដល់ព្រះ នៅក្នុងសប្ដាហ៍នេះ រួចហើយនៅពេលដែលអ្នកអធិស្ឋាន ចូរប្រើគំនិតអស់ទាំងនោះ ដើម្បីបង្វែរដួងចិត្តនិងអារម្មណ៍របស់អ្នកទៅចំពោះព្រះ ក្នុងចិត្តគំនិតថាព្រះអង្គជានរណា និងទៅចំពោះរាល់អ្វីៗដែលព្រះអង្គបានធ្វើនៅក្នុងជីវិតរបស់អ្នកវិញ។ ចូរទូលថ្វាយ ឱ្យចំៗ ចំពោះរាល់អ្វីៗទាំងប៉ុន្មាន ហើយចូរអរព្រះគុណព្រះអង្គសម្រាប់ការឆ្លើយតប យ៉ាងជាក់ស្ដែង ទាំងឡាយ នៅក្នុងសេចក្ដីអធិស្ឋានរបស់អ្នក។ អ្នកអាចជានឹងបានអធិស្ឋាន ៣ ទៅ ៥ នាទី ដោយពុំបានស្នើសុំពីអ្វីទាល់តែសោះផង។ អ្នកអាចចាប់ផ្ដើមពីឥឡូវ ដោយរាប់បញ្ចូលពីអ្វីៗដែលមានថ្លែងនៅក្នុង ទំនុកតម្កើង ១០៣ ទៅក្នុងបញ្ជី រួចហើយចូរអធិស្ឋានពីចំណុចទាំងនោះឡើងវិញ ថ្វាយទៅដល់ព្រះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









