ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
មនុស្សអាក្រក់ ពួកគេពុំគិតថាព្រះមើលឃើញពីខ្លួននោះទេ ប៉ុន្តែព្រះអាទិករជ្រាបពីរាល់គ្រប់ចិត្តគំនិតរបស់មនុស្សទាំងអស់។ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់បានជួយដល់មនុស្សសុចរិត ដើម្បីឱ្យគេអាចឈរយ៉ាងមាំ ប៉ុន្តែមនុស្សអាក្រក់នឹងត្រូវរងការវិនិច្ឆ័យ ដោយសារក្រឹត្យវិន័យទាំងនោះ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ក្នុងចំណោមទំនុកតម្កើងដែលលើកសរសើរតម្កើងពីក្ដីស្រឡាញ់របស់ព្រះ ហើយប្រកាសពីសិរីរុងរឿងរបស់ព្រះ នោះអត្ថបទគម្ពីរនេះបានស្រែករកនូវការសងសឹកពីព្រះ។ កវីនិពន្ធបានចង្អុលបង្ហាញដល់ភាពល្ងីល្ងើរបស់អស់អ្នកដែលប្រព្រឹត្តការអាក្រក់ ទៅលើប្រជារាស្រ្តរបស់ព្រះ។ ពួកគេបានប្រព្រឹត្ត ទាំងហាក់បីដូចជាគិតថាព្រះជាមនុស្សគ្មានជីវិត ឬជារូបសំណាក់ដែលពុំអាចមើលឃើញពីសកម្មភាពដ៏អាក្រក់ទាំងឡាយរបស់ពួកគេ ឬស្ដាប់ឮពីសម្រែកអួតអាងឡូឡារបស់គេនោះទៅវិញ។ តែក្នុងសេចក្ដីពិត រាល់គ្រប់ចិត្តគំនិតទាំងឡាយរបស់ពួកគេ ត្រូវដាក់លាតត្រដាងយ៉ាងឥតលាក់លៀមនៅចំពោះចៅក្រមនៃពិភពលោក។ មានតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ដែលអាចវិនិច្ឆ័យទោសមនុស្សអាក្រក់។ តែទោះជាយ៉ាងនេះក្ដី ព្រះអង្គបានសម្លឹងរកមើលអស់អ្នកណា ដែលហ៊ានឈរប្រឆាំងទាស់នឹងទង្វើអាក្រក់ ហើយប្រកាសពីភាពសុចរិត និងសេចក្ដីពិត។ រាល់មនុស្សអាក្រក់ទាំងឡាយនឹងត្រូវកាត់កាល់ចោល។ ហើយរាល់គ្រប់សកម្មភាពនៃទង្វើអាក្រក់ នោះនឹងត្រូវវិនិច្ឆ័យទោស នៅពេលដែលព្រះយេស៊ូ(វ) យាងត្រឡប់មកវិញម្ដងទៀត។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ការរស់នៅក្នុងពិភពលោក ដែលមានពោរពេញដោយទង្វើសកម្មភាព ដែលប្រព្រឹត្តទៅ ប្រៀបដូចជាពុំគិតថាមានព្រះគង់នៅ ឬថាព្រះពុំខ្វល់ខ្វាយពីអ្វីដែលខ្លួនធ្វើ នោះពិតជានាំឱ្យអ្នកដើរតាមព្រះ ធុញថប់ និងតានតឹងខ្លាំងណាស់។ វប្បធម៌សង្គមរបស់យើង ពុំគ្រាន់តែមើលរំលងចំពោះបាបដ៏សោកសង្រេងតែប៉ុណ្ណោះនោះទេ ប៉ុន្តែមានមនុស្សខ្លះ គេហ៊ានអនុញ្ញាតឱ្យវាមានជីវិត ដោយឱ្យវាដើរស្របច្បាប់ ហើយនិងផ្ដល់ជារង្វាន់លើកទឹកចិត្តថែមទៀត។ អ្នកប្រហែលជាត្រូវរងការខកចិត្តជាខ្លាំង ដល់ថ្នាក់អ្នកចង់ដកខ្លួនចេញឱ្យឆ្ងាយ រួមជាមួយនឹងអ្នកដើរតាមព្រះដទៃផ្សេងទៀត ក្នុងខណៈពេលអ្នកកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូ(វ) ទាំងទន្ទឹងរង់ចាំឱ្យព្រះយាងមក ដើម្បីកែតម្រូវរាល់ទង្វើអាក្រក់ទាំងឡាយនោះវិញ។ ប៉ុន្តែ ព្រះជាម្ចាស់កំពុងតែរកមើលអស់អ្នកដែលដើរតាមព្រះមួយណា ដែលហ៊ាននិយាយដោយអង់អាច និងពេញដោយក្ដីស្រឡាញ់អំពីសេចក្ដីពិត ក្នុងខណៈពេលដែលមនុស្សនៅសល់ឱកាស ដើម្បីឱ្យគេអាចវិលមករកព្រះវិញនៅឡើយ។ តើមានការអាក្រក់ណាខ្លះ ដែលនាំឱ្យដួងចិត្តរបស់អ្នកសោកសង្រេង? តើអ្នកអាចឈរប្រឆាំងទាស់នឹងការអាក្រក់ ហើយប្រកាសពីសេចក្ដីពិត ដោយយោងតាមអត្ថបទព្រះគម្ពីរ បានដោយរបៀបណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









