ទំនុកតម្កើង 94:1-23

ទំនុកតម្កើង 94:1-23 គខប

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​តែងតែ​សង‌សឹក ឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី! ឱ​ព្រះ​ដែល​ជា​ចៅ‌ក្រម​នៃ​ពិភព​លោក​អើយ សូម​ក្រោក​ឡើង! សូម​ដាក់​ទោស​មនុស្ស​ព្រហើន ឲ្យ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត! ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត? ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោង ពួក​គេ​វាយ‌ឫក​ខ្ពស់ ជន​ទុច្ចរិត​ទាំង​នោះ​នាំ​គ្នា​និយាយ​ក្អេង‌ក្អាង។ ឱ​ព្រះ‌អម្ចាស់​អើយ ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ពួក​គេ​បន្ទាប‌បន្ថោក​ប្រជា‌ជន​របស់​ព្រះអង្គ ពួក​គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ជន​អន្តោ‌ប្រវេសន៍ ពួក​គេ​ធ្វើ​ឃាត​ក្មេង​កំព្រា ហើយ​ពោល​ថា «ព្រះ‌អម្ចាស់​មើល​មិន​ឃើញ​ទេ ព្រះ​របស់​លោក​យ៉ាកុប​មិន​រវី‌រវល់​ឡើយ!» មនុស្ស​ល្ងី‌ល្ងើ​ជាង​គេ​អើយ ចូរ​ប្រយ័ត្ន​ខ្លួន! មនុស្ស​ឆោត​ល្ងង់​អើយ តើ​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចេះ​រិះគិត? ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មក តើ​ព្រះអង្គ​មិន​ចេះ​ស្ដាប់​ឬ? ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មក តើ​ព្រះអង្គ​មិន​ចេះ​ទត​ឬ? ព្រះអង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានា តើ​ព្រះអង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ? ព្រះអង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោក ឲ្យ​ចេះ​ដឹង តើ​ព្រះអង្គ​មិន​ចេះ​ដឹង​ទេ​ឬ? ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោក ច្បាស់​ណាស់! គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់! ឱ​ព្រះ‌អម្ចាស់​អើយ អ្នក​ណា​មាន​ព្រះអង្គ​រំឭក​ដាស់‌តឿន ហើយ​យក​ក្រឹត្យ‌វិន័យ​មក​ប្រៀន‌ប្រដៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ! នៅ​ថ្ងៃ​មាន​អាសន្ន ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​ចិត្ត​ស្ងប់ រីឯ​មនុស្ស​អាក្រក់​វិញ មាន​រណ្ដៅ​បម្រុង​ទុក​សម្រាប់​កប់​ពួក​គេ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មិន​ចោល​ប្រជា‌ជន​របស់​ព្រះអង្គ​ផ្ទាល់ ជា​ដាច់​ខាត។ ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្ដី ដោយ​យុត្តិធម៌​ឡើង​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។ តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំ ជំទាស់​នឹង​មនុស្ស​អាក្រក់? តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំ ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត? ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ទូលបង្គំ​ពោល​ថា «ខ្ញុំ​ដួល​ឥឡូវ​ហើយ!» នោះ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ជួយ​ទ្រ​ទូលបង្គំ។ ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំ‌ញី​ក្នុង​ចិត្ត​ទូលបង្គំ ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ​សប្បាយ។ តើ​អ្នក​មាន​ពាក់‌ព័ន្ធ​ជា​មួយ​នឹង​ចៅ‌ក្រម ដ៏​ទុច្ចរិត​ទាំង​នោះ ដែល​ប្រើ​ច្បាប់​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​ឬ​ទេ? ពួក​គេ​ព្រួត​គ្នា​ព្យាបាទ​ជីវិត​មនុស្ស​សុចរិត ពួក​គេ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ស្លូត​ត្រង់។ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​កំពែង​ការពារ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​ជា​ថ្ម‌ដា និង​ជា​ជម្រក សម្រាប់​ខ្ញុំ។ ព្រះអង្គ​សង​ទៅ​ពួក​គេ​វិញ សម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ‌សារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ​ទៅ។